មិនដឹងពី​ប្រវត្តិ និងអត្ថន័យដើម ​បទ "ឈប់​ស្រលាញ់​អូន​ទៅ" អាច​គិត​ខុស

  • 2017-10-07 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "ឈប់​ស្រលាញ់​អូន​ទៅ” សំនៀងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា គឺ​ជា​បទ​មួយ​ដែល​ល្បី​ក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ៧០ អ្នក​ដែល​មិន​បាន​ដឹង​ពី​ប្រវត្តិ​បទ​នេះ អាច​នឹង​គិត​ខុស​ទៅ​លើ​អត្ថន័យ​របស់​វា។

លោក អ៊ុំ ដរ៉ា ឈរកូតវីយូឡុង

បទ "ឈប់​ស្រឡាញ់​អូន​ទៅ" ជា​ស្នាដៃ​និពន្ធ​របស់​របស់​កវី អ៊ុំ ដរ៉ា ដែល​បាន​និពន្ធ​ឡើង​ក្នុង​ឆ្នាំ១៩៧៥។ បទ​នេះ​លោក​ចំណាយ​ពេល​និពន្ធ​បទ​ភ្លេង ទំនុក​ច្រៀង និង​ប៉ារូល រយៈ​ពេល​១០ថ្ងៃ ក្រោយ​និពន្ធ​រយៈ​ពេល​២ខែ ទើប​លោក​យក​បទ​នេះ​ឱ្យ​អ្នក​ស្រី រស់ សេរីសុទ្ធា ច្រៀង។

លោក អ៊ុំ ដរ៉ា ឈរកូតវីយូឡុង

បើ​តាម​ការ​បញ្ជាក់​របស់​កវី អ៊ុំ ដរ៉ា ដែល​ជា​ម្ចាស់​បទ និង​ជា​ម្ចាស់​តួ​អង្គ​ក្នុង​បទ​ចម្រៀង​នេះ បាន​ប្រាប់​ឱ្យ Sabay ដឹង​ថា តាម​ពិត​បទ​នេះ​លោក​និពន្ធ​ឡើង​ដើម្បី​ចង់​បង្ហាញ​អំពី​អារម្មណ៍​តាន​តឹង ទៅ​ប្រាប់​នារី​ម្នាក់​ដែល​ស្រលាញ់ និង​ហួង​ហែង​លោក​ខ្លាំង រហូត​ធ្វើ​ឱ្យ​លោក​យល់​ថា​គ្មាន​សេរី​ភាព។

“មនុស្ស​ស្រី​ម្នាក់​នោះ ស្រលាញ់​ខ្ញុំ​ខ្លាំង​ពេក ខ្ញុំ​ទៅ​ណា​បន្តិច​ក៏​មិន​បាន និយាយ​ជា​មួយ​អ្នក​ណា​ក៏​មិន​បាន និយាយ​រួម​ធ្វើ​អី​ក៏​មិន​បាន គ្មាន​សេរី​ភាព​ទេ អ៊ីចឹង​ខ្ញុំ​ក៏​តែង​បទ​នេះ​ឡើង​ដើម្បី​ចង់​បង្ហាញ​អារម្មណ៍​របស់​ខ្ញុំ​ទៅ​កាន់​នារី​ម្នាក់​នោះ។ ដំបូង​ឡើយ​ខ្ញុំ​គិត​ឱ្យ​មនុស្ស​ប្រុស​ច្រៀង​ទេ តែ​ដល់​គិត​ពី​តម្លៃ​ស្ត្រី​ខ្មែរ ទើប​ខ្ញុំ​ឱ្យ​ស្រី​ច្រៀង​វិញ ហើយ​កែ​ខ្លឹមសារ​តិច​តួច​ឱ្យ​ត្រូវ​នឹង​រឿង​មនុស្ស​ស្រី”។

លោក អ៊ុំ ដរ៉ា បញ្ជាក់​ថា​ ក្រោយ​ពី​ចេញ​បទ "ឈប់​ស្រលាញ់​អូន​ទៅ” នេះ​ហើយ នារី​ម្នាក់​នោះ​ក៏​បញ្ឈប់​ទំនាក់​ទំនង​ជាមួយ​លោក និង​កាត់​ចិត្ត​ផ្ដាច់​ចំណង​ស្នេហ៍​ជាមួយ​លោក​តាំង​ពី​ពេល​នោះ។

លោក អ៊ុំ ដរ៉ា គឺ​ជា​តន្ត្រីករ វីយូឡុង ដ៏​ជំនាញ​ និងល្បី​​ល្បាញ​មួយ​រូប ជា​អ្នក​និពន្ធ​បទ​ភ្លេង ទំនុក​ច្រៀង​ដ៏​មាន​ទេពកោសល្យ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម។ ចម្រៀង​របស់​លោក​ជា​ច្រើន​បទ តាំង​ពី​ទសវត្ស​ទី៦០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន ទាំង​យុវវ័យ និង​វ័យ​ចំណាស់។ បច្ចុប្បន្ន​លោក​មាន​វ័យ​៧៧ឆ្នាំ ដោយ​មាន​ជំងឺ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ គឺ​នៅ​តែ​ផ្ទះ​តែ​ប៉ុណ្ណោះ។

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី