អ្នក​នៅ​ផ្ទះ​ជួល​ បើ​មាន​ទម្លាប់ ៦​យ៉ាង​នេះ​ កុំ​សង្ឃឹម​មាន​លុយ​ទិញ​ផ្ទះ​នៅ​ខ្លួន​ឯង

  • 2017-10-06 10:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បើ​មាន​លុយ​ទិញ​ផ្ទះ​នៅ​ខ្លួន​ឯង នឹង​ទិញ​ហើយ មិន​នៅ​ផ្ទះ​ជួល​ទេ" នេះ​ជា​ទស្សនៈ​ភាគ​ច្រើន​បំផុត​របស់​អ្នក​នៅ​ផ្ទះ​ជួល​ទាំង​ឡាយ។ ប៉ុន្តែ​ពេល​ខ្លះ​ មនុស្ស​ម្នាក់​ៗ​មិន​សូវ​បាន​ចាប់​អារម្មណ៍​ពី​ទម្លាប់​មិន​ល្អ ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​ឯង​ឡើយ ដែល​អាច​ជា​មូលហេតុ​មិន​ងាយ​នឹង​សល់​លុយ​នឹង​គេ។ ដូច្នេះ​សូម​មក​ដឹង​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ថា​តើ​អាច​ចូល​ជា​ចំណុច​ណា​មួយ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ​ឫ​ទេ?​

១. រក​តែ​ផ្ទះ​ស្អាត​ និងតម្លៃ​ថ្លៃ

បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា សុខ ម៉ាល័យ ជា​មន្ត្រី​រាជការ​មួយ​រូប និយាយ​ថា ជា​ធម្មតា​នរណា​ក៏​ចង់​រស់​នៅ​កន្លែង​ស្អាត​មាន​ផាសុកភាព​ដែរ តែ​ក្នុង​លក្ខខណ្ឌ​កំពុង​ត្រូវ​ការ​សន្សំ​លុយ ដើម្បី​មាន​ផ្ទះ​នៅ​ថ្ងៃ​អនាគត​មិន​គួរ​រើស​កន្លែង​ស្នាក់​នៅ​ពេក​ទេ។ មនុស្ស​មួយ​ចំនួន​មិន​ទម្លាប់​រស់​នៅ​បន្ទប់​តូចៗ រក​សុទ្ធ​តែ​ផ្ទះ​ល្វែង​ក្នុង​១​មួយ​ខែ គ្រាន់​តែ​ចំណាយ​លើ​ការ​ស្នាក់​នៅ​អស់​រហូត​ដល់ ១៥០ ទៅ ២០០​ដុល្លារ​បាត់​ទៅ​ហើយ។ ដូចនេះ​បើ​ចង់​សល់​លុយ​គឺ​មិន​ងាយ​ឡើយ។

២. រក​លុយ​ដើម្បី​តែ​ផ្គត់ផ្គង់​បង់​ថ្លៃ​ផ្ទះ​គ្មាន​គម្រោង​សន្សំ

មនុស្ស​ម្នាក់ៗ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ផែនការ​មេ ឬ Master Plan ទេ ត្រូវ​ដាក់​គោលដៅ​ចំពោះ​ខ្លួន​ឯង។ ដូច្នេះ​បើ​ធ្វើការ ឬ​រកស៊ី​ដើម្បី​ផ្គត់ផ្គង់​បង់​តែ​ថ្លៃ​ផ្ទះ​ជួល មិន​ដឹង​ពេល​ណា​មាន​ផ្ទះ​រស់​នៅ​ដោយ​ខ្លួន​ឯង​ទេ។ ដូច្នេះ​ហើយ​ត្រូវ​ដាក់​ផែនការ​សន្សំ​ឱ្យ​ច្បាស់​លាស់ បែង​ចែក​ការ​ចំណាយ​ឱ្យ​ត្រូវ​ត្រឹមត្រូវ មិន​មែន​រក​មក​បង់​តែ​ថ្លៃ​ផ្ទះ សល់​ប៉ុន្មាន​ទុក​ចាយ​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​កញ្ញា សុខ ម៉ាល័យ។

៣. ចាយ​លុយ​បង្ហូរ​គ្មាន​ដាក់​កំណត់​ច្បាស់​លាស់

ដោយ​ឡែក​មក​ជួប​ជាមួយ​លោក វណ្ណ ដេត បុគ្គលិក​ក្នុង​ធនាគារ​មួយ​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន​ថា កាល​ណា​បើ​ចាយ​លុយ​ទៅ​តាម​អារម្មណ៍​បញ្ជា​ ក៏​មិន​ងាយ​នឹង​សល់​លុយ​ទុក​សន្សំ​ឡើយ។ ជា​ការ​ល្អ​កុំ​ចេះ​តែ​ដក​លុយ​ចាយ​ផុយ​ៗ​ងាយៗ​ខ្លាំង​ពេក មុន​នឹង​ដក​ត្រូវ​គិត​សិន​ថា តើ​តម្រូវការ​នោះ​ចាំបាច់​ទេ? តើ​អាច​មិន​ចំណាយ​បាន​ឬអត់? រាល់​ការ​ចំណាយ​មិន​ថា​ទំហំ​ទឹក​លុយ​តិច ឫ​ច្រើន​គួរ​កត់​ទុក​ឱ្យ​ត្រឹមត្រូវ​ ដើម្បី​ដឹង​ថា​ខែ​នេះ​ចាយ​លើ​អ្វី​ខ្លះ? អស់​ប៉ុន្មាន? ដើម្បី​កុំ​ឱ្យ​ចុង​ខែ​អស់​លុយ​ដោយ​មិន​ដឹង​មូលហេតុ។

៤. ចំណាយ​មិន​ចាំបាច់​មិន​ព្រម​បោះបង់​ចោល

លោក វណ្ណ ដេត ដដែល​បន្ត​ទៀត​ថា មិន​មែន​អាង​តែ​ប្រាក់​ខែ​ច្រើន ចេះ​តែ​ចាយ​មិន​រើស​មុខ​ទេ រាល់​ការ​ចំណាយ​មិន​ចាំ​បាច់​គួរ​លុប​បំបាត់​ចោល។ ក្នុង​នោះ​រួម​មាន៖ សំលៀក​បំពាក់​ទិញ​បង្ហូរ​ដេញ​តាម​ម៉ូត ស្បែក​ជើង​មាន​ពាក់​ហើយ​នៅ​​តែ​ទិញ​យក​មក​គរ​ បាយ​ផ្ទះ​មិន​ព្រម​ហូប​ទៅ​ហូប​តែ​នៅ​ក្រៅ ដើរ​លេង​ម្ដងៗ​ចូល​ចិត្ត​តែ​ចេញ​លុយ​ឱ្យ​គេ។ ដូច្នេះ​បើ​ស្ថិត​ក្នុង​ការ​ចំណាយ​មិន​ចាំបាច់​មួយ​ណា ក្នុង​ចំណោម​ខាង​លើ​នេះ គួរ​បញ្ឈប់​ជា​បន្ទាន់។

៥. មិត្ត​ភក្ដិ​រាប់​អាន​គរ​ដូច​ភ្នំ​គ្រាន់​តែ​ក្នុង​មួយ​ខែ​មិន​ដឹងកម្មវិធី​ប៉ុន្មាន

ជា​ការ​ពិត​មនុស្ស​ម្នាក់​ៗ​ មិន​អាច​រស់​នៅ​តែ​ម្នាក់​ឯង​ក្នុង​សង្គម​បាន​ទេ គឺ​ត្រូវ​តែ​មាន​ទំនាក់​ទំនង។ ប៉ុន្តែ​ការ​រាប់​អាន​មិត្ត​ក៏​ត្រូវ​ចេះ​សេពគប់​មនុស្ស​ណា​ដែល​ជះ​ឥទ្ធិពល​វិជ្ជមាន​ត្រឡប់​មក​វិញ មិន​មែន​ចេះ​តែ​រាប់​អាន​មិន​រើស​មុខ​ទេ។ បើ​កាល​ណា​មិត្តភក្ដិ​កាន់​តែ​ច្រើន ការ​ចំណាយ​ក៏​កាន់​តែ​ច្រើន​ដែរ ព្រោះ​បន្តិច​អ្នក​នេះ​ហៅ​បុណ្យ ហៅ​ការ ហៅ​ខួប​កំណើត​។ល។ ដូច្នេះ​លុយ​ដែល​ខំ​រក​ទាំង​ប៉ុន្មាន​ទុក​តែ​ផ្គត់ផ្គង់​កម្ម​វិធី​ទៅ មិន​បាច់​ទុក​សន្សំ​អ្វី​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី កញ្ញា អាង ស្រីនិត ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ។

៦. ទុក​ពេល​វេលា​ទំនេរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ច្រើន​ពេក

កញ្ញា​ខាង​លើ​ដដែល​លើក​ឡើង​មួយ​ចំណុច​ទៀត​ថា ជា​ធម្មតា​សេដ្ឋី​ល្បី​ៗ​លើ​ពិភពលោក​កម្រ​មាន​ពេល​អង្គុយ​លេង ប្រាជ្ញព្រោក​ឥត​ប្រយោជន៍​ណាស់ គឺ​តែង​រក​អ្វី​ធ្វើ​មិន​ឱ្យ​ទំនេរ​ដៃ ដើម្បី​បង្កើន​ចំណូល។ ដូច្នេះ​មិន​គួរ​ទុក​ពេល​ទំនេរ​ច្រើន​ពេក​ទេ​ប្រសិន​បើ​មាន​ឱកាស​គួរ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជោគជ័យ ឬ​ចូករួមកម្មវិធី​សង្គម​នានា ដើម្បី​ចាប់​ឱកាស​ការងារ​បន្ថែម​ទៀត ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ថែម​មួយ​កម្រិត​ទៀត៕​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម