ដំណោះ​ស្រាយ​បញ្ហា​ឈឺ​ក្បាល​ ៤ លើ​ iOS 11

  • 2017-10-10 02:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 11 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ដ៏​ល្អ​ប្រសើរ​មួយ​ ប៉ុន្តែ​វា​នៅ​មាន​ចំណុច​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ចំនួន​ដូច​ជា​ វីដេអូ​លេង​ដោយ​ស្វ័យ​ប្រវត្តិ​លើ​ App Store, Wi-Fi ឬ Bluetooth ពិបាក​បិទ​ជាង​មុន​ និង​ចំណុច​មួយ​ចំនួន​ទៀត។ យ៉ាងណាក្ដី​បញ្ហា​ឈឺ​ក្បាល​ទាំង​នេះ​អាច​ដោះ​ស្រាយ​បាន​តាម​ជំហាន​ខាង​ក្រោម ៖

១. App Store លេង​វីដេអូ​ដោយ​ស្វ័យ​ប្រវត្តិ​

ពេល​ស្វែង​រក​​កម្មវិធី​លើ​ App Store ប្រសិន​បើ​កម្មវិធី​នោះ​មាន​វីដេអូ​ជា​ការ​ណែនាំ​ App Store នឹង​ចាក់​វីដេអូ​នោះ​ដោយ​ស្វ័យ​ប្រវត្តិ។ ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​​មុខងារ​ថ្មី​នេះ​ អាច​បិទ​វា​បាន​ដោយ​ចូល​ទៅ​ Settings → iTunes & App Store → Video Autoplay → រួច​ជ្រើស​យក​ Off។

២. Wi-Fi ឬ Bluetooth មិន​អាច​បិទ​តាម​ Control Center

ដូច​បាន​​ប្រាប់​កន្លង​មក​ហើយ​ថា​ Wi-Fi ឬ Bluetooth មិន​អាច​បិទ​តាម​​ Control Center​ បាន​ដូច​មុន​ឡើយ វា​គ្រាន់​តែ​ Disconnect ពី​ឧបករណ៍​​ Wi-Fi ឬ Bluetooth ណា​មួយ​ប៉ុណ្ណោះ។

ដើម្បី​បិទ​មុខងារ​ទាំង​ពីរ​នេះ​អ្នក​ត្រូវ​ចូល​បិទ​តាម​រយៈ​ Settings ផ្ទាល់។

ពេល​ដែល​ Wi-Fi ឬ Bluetooth ត្រូវ​បាន​បិទ​នោះ​នឹង​មាន​សញ្ញា​ឆ្នូត​​ទ្រេត​មួយ​នៅ​ពី​លើ​រូប​សញ្ញា​ Wi-Fi ឬ Bluetooth។

៣. មុខងារ​ Auto-Brightness ពិបាក​រក​

លើ​ iOS ជំនាន់​មុន​ ការ​កំណត់​ Auto-Brightness អាច​​កំណត់​បាន​ដោយ​ចូល​ទៅ​ Display and Brightness ប៉ុន្តែ​នៅ​លើ iOS 11 វា​បាន​ប្ដូរ​ទីតាំង។ Auto-Brightness លើ​ iOS 11 ស្ថិត​នៅ​ Settings → General → Accessibility → Display Accommodations → រួច​ជ្រើស​យក​ Enable ឬ Disable តាម​ចិត្ត​ចង់។

៤. មុខងារ​ Night Shift លែង​មាន​លើ​ Control Center

អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​មិន​អាច​ស្វែង​រក​មុខងារ​ Control Center បាន​ ហើយ​យល់​ថា​ Apple បាន​ដក​វា​ចេញ​ពី​ Control Center។ តាម​ពិត​ទៅ​មុខងារ​នេះ​នៅ​តែ​មាន​លើ​ Control Center ដោយ​បាន​​បង្កប់​ខ្លួន​​ក្នុង​​មុខងារ​សម្រួល​ពន្លឺ​។ ដើម្បី​ឃើញ​មុខងារ​ Night Shift បើក​ Control Center រួច​​ចុច​លើ​មុខងារ​សម្រួល​ពន្លឺ​ឲ្យ​ជាប់​ នោះ​នឹង​ឃើញ​មុខងារ​ Night Shift នៅ​ផ្នែក​ខាង​ក្រោម​របារ​វែង៕

​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង