កាវ​ពិសេស អាច​ផ្ចិត​មុខ​របួស​ក្នុង​ពេល​ ៦០ វិនាទី

  • 2017-10-10 03:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផលិត​បាន​នូវ​កាវ​ស្អិត​ ដែល​អាច​​ផ្ចិត​មុខ​របួស​​លើ​ស្បែក​ ឬ សរីរាង្គ​បាន​យ៉ាង​លឿន​ដោយ​ចំណាយ​ពេល​ ៦០ វិនាទី​ប៉ុណ្ណោះ​ ​​​​ដែល​សម្រាប់​ប្រើ​​​​ក្នុង​ដំណាក់​កាល​សង្គ្រោះ​បន្ទាន់។

កាវ​​ពិសេស​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​ Methacryloyl-Substituted Tropoelastin (ហៅ​កាត់​ MeTro) ដែល​អាច​​ជ្រាប​ចូល​ទៅ​​លើ​មុខ​របួស​ខាង​ក្រៅ​ និង​ខាង​ក្នុង​ដើម្បី​ផ្ចិត​មុខ​របួស​ និង​ពន្លឿន​ដល់​​ការ​សះ​មុខ​របួស។ យោង​តាម​ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​​នៅ​ពី​ក្រោយ​ការ​ផលិត​កាវ​នេះ​ បាន​ឲ្យ​ដឹង​ថា​​​វា​អាច​​ផ្ចិត​មុខ​របួស​​ដោយ​ប្រើ​ពេល​តែ​ ៦០ វិនាទី ដោយ​មិន​បញ្ឈប់​​ដំណើរ​ការ​លូត​លាស់​ធម្មជាតិ​របស់​ស្បែក​ ឬ សរីរាង្គ​ដែល​មាន​​​បាញ់​កាវ​នេះ​ពី​លើ​ឡើយ។

បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ការ​សាក​ល្បង​ប្រើ​ប្រាស់​កាវ​​​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​តែ​ទៅ​លើ​ពពួក​សត្វ​តែ​ប៉ុណ្ណោះ។ ចំពោះ​ការ​សាក​ល្បង​​លើ​មនុស្ស​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ផង​ដែរ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ទៀត​ថា​​មុខ​របួស​ដែល​ប្រើ​​កាវ​ MeTro នេះ​អាច​ជា​សះ​ស្បើយ​លឿន​ជាង​មុខ​របួស​ដែល​ដេរ​ភ្ជាប់​ដោយ​ម្ជុល​​ដល់​ទៅ​ពាក់​កណ្ដាល។

Anthony Weiss សមាជិក​មួយ​រូប​នៃ​ក្រុម​ស្រាវជ្រាវ​ ដែល​មក​ពី​សកលវិទ្យាល័យ​ស៊ីដនី​ប្រទេស​អូស្ត្រាលី បាន​លើក​ឡើង​ថា ៖ "នៅ​ពេល​អ្នក​មើល​ MeTro អ្នក​នឹង​ឃើញ​ថា​វា​ដំណើរ​ការ​ដូច​ជា​វត្ថុ​រាវ​អ៊ីចឹង បំពេញ​ចន្លោះ​ប្រហោង​និង​ប្រែ​រូបរាង​ទៅ​តាម​​ទម្រង់​មុខ​របួស។ កាវ​នេះ​មាន​​អនុភាព​ខ្លាំង​ណាស់​ ដោយ​អាច​ប្រើ​សម្រាប់​​ព្យាបាល​​របួស​ផ្ទៃ​ក្នុង​​កម្រិត​ធ្ងន់​​នៅ​ទី​កន្លែង​កើត​ហេតុ​ ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរ​ និង​នៅ​វាល​សង្គ្រាម​ ​​​និង​អាច​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​វះកាត់​នៅ​ឯ​មន្ទីរ​ពេទ្យ”៕

​​​​​​​​​​​

ប្រភព៖ sciencealert   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម