ដើម្បី​គ្រួសារ ពេជ្រ ចរណៃ តួ​អ្វីក៏​សម្ដែង​ ឲ្យ​តែ​បាន​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព

  • 2017-10-10 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ក្មេង​ដែល​ទើប​វិល​ត្រលប់​ចូល​សិល្បៈ​វិញ​ ពេជ្រ ចរណៃ ប្រាប់​ថា តាំង​ពី​ជីវភាព​គ្រួសារ​​របស់​ខ្លួន​ធ្លាក់​ចុះ​មក​ នាង​ត្រូវ​ការ​ប្រាក់​កាស​ច្រើន​ដើម្បី​ទ្រទ្រង់​ជីវភាព​។ ដូច្នេះ​​ទើប​នាង​ខិត​ខំ​ខ្លាំង​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ ហើយ​តួ​អី​ក៏​នាង​ហ៊ាន​សម្ដែង​ដែរ​ឲ្យ​តែ​អាច​រក​ប្រាក់​បាន​ច្រើន។

ស្រី​ស្អាត​ខាង​លើ​រំលឹក​ថា គ្រួសារ​របស់​នាង​ចាប់​ផ្ដើម​ដុន​ដាប​ខ្លាំង​ដោយ​​ជំងឺ​​ដាច់​សរសៃ​ប្រើស​បេះ​ដូង​ ដែល​ជា​ជំងឺ​ប្រចាំ​កាយរបស់​នាង​​បាន​រើ​ឡើង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ស្រប​ពេល​​គ្នា​នោះ​ ម្ដាយ​នាង​ក៏​ធ្លាក់​ខ្លួន​​មាន​​ជំងឺ​មហារីក​មាត់​ស្បូន​ទៀត។ ឯ​បន្ទុក​គ្រួសារ​ដែល​គ្មាន​ឪពុក​ និង​បង​ប្អូន​៣​នាក់​ក៏​ត្រូវ​ធ្លាក់​មក​លើ​នាង​ស្ទើរ​ទាំង​ស្រុង។

មូលហេតុ​ទាំង​អស់​នេះ បាន​តម្រូវ​ឲ្យនាង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ ហើយ​ការងារ​ដែល​អាច​ឲ្យ​នាង​រក​ចំណូល​បាន​ច្រើន​គឺ​ការ​សម្ដែង​នេះ​ឯង។ "ក្រៅ​ពី​អាជីព​សម្ដែង​ខ្ញុំ​រៀន​កាត់​សក់​បុរស ព្រោះ​មាន​បំណង​ចង់​បើក​ហាង​មួយ​ តែ​បច្ចុប្បន្ន​គឺ​បាន​តែ​ការងារ​អាច​រក​ចំណូល​បាន​ច្រើន​គឺ​សម្ដែង​ ដោយ​ខ្ញុំ​មិន​ប្រកាន់​តួ​ទេ ទោះ​រឿង​នោះ​ត្រូវ​ឲ្យ​ដើរ​តួ​អាក្រក់​បែប​ណា​ក៏​ដោយ"។ តួ​សម្ដែង​វ័យ​ ២២​ឆ្នាំ​ ថ្លែង។

ចរណៃ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​នាង​ត្រូវ​បាន​ទស្សនិកជន​រិះ​គន់​យ៉ាង​សម្បើម​ក្នុង​ការ​សម្ដែង​ជា​តួ​ជា​ស្រី​ដែល​មាន​សហាយ​ស្មន់​ច្រើន​ និង​ជា​តួ​ចិត្ត​​អាក្រក់​ និង​កាច​​ឆ្នាស​ឆ្នើម។ ជុំ​វិញ​បញ្ហា​នេះ​ នាង​បក​ស្រាយ​ថា ដោយ​សារ​ខ្លួន​មាន​ទម្រង់​មុខ​សក្ដិសម​គ្រង​តំណែង​ជា​តួ​បែប​នោះ​ទើប​ផលិតករ​តម្រូវ​ឲ្យ​នាង​សម្ដែង​តាម​សាច់​រឿង​ដូច្នេះ​ទៅ។

ងាក​មក​រឿង​កំប្លែង​ខ្លី​ដែល​នាង​រង​ការ​រិះ​គន់​ថា​ជា​ស្រ្តី​ខ្មែរ​​មិន​គួរ​សម្ដែង​ជា​គំរូ​ស្រី​​មាន​សហាយ​ស្មន់ នាង​​សម្ដែង នាង​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជ្រុង​មួយ​នៃ​បញ្ហា​សង្គម​ និង​ជា​ផ្នែក​មួយ​នៃ​​ប្រភេទ​រឿង​អប់រំ​ដែរ ហើយ​នាង​សំណូមពរ​​ទស្សនិកជន​បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច​ទស្សនា​រឿង​ដែល​នាង​សម្ដែង​ជា​តួ​ប្រភេទ​នេះ​ទើប​អាច​យល់​ពី​អត្ថន័យ​ ម្យ៉ាង​ទៀត​នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង ជីវិត​ពិត​នាង​មិន​ដូច​នេះ​ឡើយ៕​​​​​​​​​​​​​

អត្ថបទ៖ សុខណា