មក​ស្គាល់​អ្នក​រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​ជួរ​មុខ៥​រូប ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម

  • 2017-10-12 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ល្បី​ល្បាញ​ខាង​របាំ ទាំង​របាំ​ផ្នែក​បុរាណ​និង​ប្រពៃណី ពិភព​លោក​បាន​ឱ្យ​តម្លៃ​ប្រទេស​កម្ពុជា​ថា​ជា​ជង្រុក​នៃ​វប្បធម៌​ដ៏​ល្អ​អស្ចារ្យ។ Sabay សូម​ណែនាំ​តួ​របាំ​៦​ជំនាន់ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដែល​បាន​ចូល​រួម​លើក​តម្កើង​វប្បធម៌​ជាតិ ជូន​លោក​អ្នក​បាន​ស្គាល់។

តួ​របាំ​បុរាណ(របាំ​ព្រះ​រាជ​ទ្រព្យ) ៦ជំនាន់​រាប់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម៖

១ អ្នក​ស្រី ហ៊ុន សឿន : អ្នក​ស្រី​ចូល​សិល្បៈ​ផ្នែក​របាំ​ព្រះ​រាជទ្រព្យ​ក្នុង​អំឡុង​ឆ្នាំ ១៥៥០ តាំង​ពី​អាយុ៨ឆ្នាំ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម បច្ចុប្បន្ន​អ្នក​ស្រី​មាន​វ័យ៧៤ឆ្នាំ។ តាំង​ពី​ចូល​សិល្បៈ​អ្នក​ស្រី​បាន​សម្ដែង​ក្នុង​កម្ម​វិធី​ថ្នាក់​ជាតិ​ធំ​ៗ​ជា​ច្រើន មិន​តែ​ប៉ុណ្ណោះ​ខ្នាត​អន្តរជាតិ​ក៏​អ្នក​ស្រី​សម្ដែង​មិន​តិច​ដង​ដែរ។ អ្នក​ស្រី​បាន​ដង្ហែ​អង្គ​ព្រះ​មហាក្សត្រិយានី​ទៅ​សម្ដែង​នៅ​ប្រទេស​ចិន​ក្នុង​អំឡុង​ឆ្នាំ១៩៧៣។ បន្ទាប់​ពី​ចេញ​ទៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៧៦ អ្នក​ស្រី​បាន​បង្កើត​ក្រុម​របាំ​មួយ​នៅ​ប្រទេស​បារាំង​ដើម្បី​បង្ហាត់​កូន​ខ្មែរ​នៅ​ទី​នោះ។

អ្នក​ស្រី ហ៊ុន សឿន រាប់​ពីស្ដាំដៃ ទី២

២ លោក ព្រឿង ឈាង : លោក​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ១៩៥៧ ពី​អាយុ៨ឆ្នាំ ដោយ​មាន​ជីដូន​ជា​គ្រូ​បង្ហាត់​របាំ​នៅ​ក្នុង​ព្រះ​រាជ​វាំង​ស្រាប់​លោក​មាន​ពេល​ច្រើន​ក្នុង​ការ​ហាត់​របាំ។ លោក​បាន​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ក្នុង​កម្ម​វិធី​ធំ​ៗ​ជា​ច្រើន ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។ សិល្បករ​រូប​នេះ​គឺ​ជា​តួអង្គ ជាលី ដំបូង​គេ​បង្អស់ ក្នុង​ស្នាដៃ​រឿង "មហាវេស្សន្ដរជាតក" និង​ដើរ​តួ​ព្រះ​វេស្សន្ដរ ក្នុង​រឿង​ដដែល​នេះ​សម្ដែង​ក្នុង​ឆ្នាំ២០១៧។ សិល្បករ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​រូប​នេះ បច្ចុប្បន្ន​មាន​វ័យ​៦៧ឆ្នាំ។ សាស្ត្រាចារ្យ ព្រឿង ឈៀង ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​អាច​សម្ដែង​សិល្បៈ​បុរាណ​បាន​ស្ទើរ​គ្រប់​ទម្រង់​រាប់​តាំង​ពី​របាំ​ព្រះ​រាជទ្រព្យ របាំ​ប្រពៃណី ល្ខោន​បាសាក់ យីកេ និង​មាន​ជា​ច្រើន​ទៀត រួម​ទាំង​ធ្លាប់ ថត​កុន និង​ដើរ​ម៉ូដ​ផង។

លោក ព្រឿង ឈាង

៣ អ្នក​ស្រី ប៉ែន សុជា : ដោយ​មាន​ចំណូល​ចិត្ត​ខ្លាំង​លើ​សិល្បៈ​បុរាណ អ្នក​ស្រី​បាន​ចូល​រៀន​សិល្បៈ​តាំង​ពី​អាយុ​៨ឆ្នាំ ពោល​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ បច្ចុប្បន្ន​អ្នក​ស្រី​មាន​វ័យ​៦៧ឆ្នាំ។ ជា​អតីត​គ្រូ​បង្ហាត់​របាំ​បុរាណ​អ្នក​ស្រី​បាន​ធ្វើ​ការ​ងារ​ច្រើន​ដើម្បី​បង្ហាត់​របាំ​ដល់​ក្មេង​ជំនាន់​ក្រោយ។

អ្នក​ស្រី ប៉ែន សុជា រាប់ពីស្ដាំទី១

៤ អ្នក​ស្រី ហ៊ុល ភឿនណារី : ជា​គ្រូ​បង្ហាត់​របាំ​បុរាណ​ខ្មែរ បច្ចុប្បន្ន​មាន​វ័យ​៦៣ឆ្នាំ ចូល​សិល្បៈ​តាំង​ពី​អាយុ៨ឆ្នាំ។ អ្នក​ស្រី​បាន​សម្ដែង​របាំ​ក្បាច់​បុរាណ​ក្នុង​ពិធី​ធំ​តូច​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ស្រី​ជា​តួ​សម្ដែង​មួយ​រូប​ក្នុង​រឿង "មហាវេស្សន្ដរជាតក” ក្នុង​តួ​នាង​អា​មិត្ត​ធីតា។

អ្នក​ស្រី ហ៊ុល ភឿនណារី

៥ អ្នក​ស្រី សុទ្ធ សុមាលី : ដោយ​មាន​ជីដូន​ជា​គ្រូ​បង្ហាត់​របាំ​នៅ​ក្នុង​ព្រះរាជវាំង​ស្រាប់​អ្នក​ស្រី​មាន​ឱ្យ​កាស​ហាត់​រៀន​របាំ​បាន​ច្រើន ដោយ​ចូល​រៀន​តាំង​ពី​អាយុ៥ឆ្នាំ ក្នុង​អំឡុង​ឆ្នាំ១៩៦០ជាង បច្ចុប្បន្ន​មាន​វ័យ​៥៧ឆ្នាំ។ អ្នក​ស្រី​មាន​ស្នាដៃ​ផ្នែក​សិល្បៈ​ជា​ច្រើន និង​ជា​ពិសេស​នោះ អ្នក​ស្រី​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ស្នាដៃ​រឿង "មហាវេស្សន្ដរជាតក” លើក​ទី២ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។

អ្នក​ស្រី សុទ្ធ សុមាលី

៥ អ្នក​ស្រី ហង្ស សុភាព : បច្ចុប្បន្ន​ជា​គ្រូ​បង្ហាត់​របាំ​ក្បាច់​បុរាណ​ខ្មែរ អ្នក​ស្រី​មាន​វ័យ​៣៧ឆ្នាំ ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៩០។ គ្រូ​របាំ​រូប​នេះ​ក៏​បាន​ដើរតួ​ក្នុង​រឿង "មហាវេស្សន្ដរជាតក” ដែរ ដើរ​តួ​ជា​ ជាលី់។

អ្នក​ស្រី ហង្ស សុភាព ស្ដាំដៃ

៦ កុមារី តារា ពិសី : ក្នុង​ជំនាន់ទី៦​នេះ ប្អូន​ស្រី​ជា​កុមារី​ដែល​ទើប​តែ​ចូល​ហាត់​សិល្បៈ​បាន​ប្រមាណ​ជា​១ឆ្នាំ​តែ​ប៉ុណ្ណោះ បច្ចុប្បន្ន​ប្អូន​មាន​អាយុ ១០ឆ្នាំ និយាយ​ពី​ទេពកោសល្យ​វិញ​ថ្វី​ត្បិត​ទើប​ចូល​ហាត់​របាំ​ទើប​បាន១ឆ្នាំ តែ​ប្អូន​ស្រី​ចេះ​សិល្បៈ​ច្រើន​ដូច​ជា​ក្បាច់​បាត​នៃ​របាំ​បុរាណ របាំ​នារី​ជាជួរ និង​របាំ​មួយ​ចំនួន​ទៀត។

កុមារី តារា ពិសី

តួ​របាំ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​សុទ្ធ​សិង​តែ​ជា​គ្រូ​របាំ​ទាំង​អស់ លើក​លែង​តែ កុមារី ជំនាន់​ទី​៦តែ​ប៉ុណ្ណោះ ហើយ​តួ​ទាំង​នេះ​សុទ្ធ​តែ​មាន​វត្តមាន​ក្នុង​ស្នាដៃ​រឿង "មហាវេស្សន្ដរជាតក"​។ដោយ​សិល្បករ​ក្នុង​របាំ​បុរាណ​ខ្មែរ (របាំ​ព្រះ​រាជទ្រព្យ) មាន​ច្រើន យើង​សូម​លើក​យក​តែ​តួ​ក្នុង​មួយ​ជំនាន់​​តែ​ម្នាក់ មក​បង្ហាញ​តែ​ប៉ុណ្ណោះ។

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី