ពីកូន​អ្នក​លក់​ដូរ​កំប៉ិក​កំប៉ុក​ មកជា​សហគ្រិន​ស្រ្តី​ឆ្នើម​ម្នាក់​

  • 2017-10-11 03:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កូន​អ្នក​លក់​ដូរកំប៉ិក​កំប៉ុក​ក្នុង​ស្រុក​កោះសូទិន ខេត្ត​កំពង់​ចាម នាយិការ​គ្រប់គ្រង​មន្ទីរព្យាបាល​ធ្មេញ​ម៉ាស្ទ័រ​ឃែរ​ លោកស្រី អេង លីគង់ បាន​ព្យា​យាម​សិក្សា​ដោយ​ជម្នះឧបសគ្គ​ជាច្រើន​រហូត​បាន​ក្លាយជា​ទន្តបណ្ឌិត និង​មានជំនួញ​ផ្ទាល់​ខ្លួន​រមួយ​ចំនួន​ទៀត។​

​លោក​ស្រី​ថា ភាពក្រ​លំបាក មិន​មែនជា​ឧបសគ្គដែល អាច​រារាំង​មិន​ឲ្យ​អ្នកគ្រប់គ្នា​ទទួល​បាន​ការ​ជោគជ័យ​នោះ​ទេ សំខាន់​លោក​ស្រី​ថា​ចិត្ត​តស៊ូជា​រឿងចាំបាច់។ លោក​ស្រីរំឭកថា លោក​ស្រី​បាន​ប្រឡង​បញ្ជប់​ថ្នាក់​ទី​១២​នៅ​ឆ្នាំ​១៩៨៨ ហើយ​បាន​មក​ប្រ​ឡង​ចូល​រៀន​នៅសាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ដោយ​ចង់​បាន​ជំនាញ​ជំងឺទូទៅ។ ទោះយ៉ាងណា​លោក​ស្រីថា ក្តីស្រម៉ៃនេះ​មិន​បាន​ក្លាយជា​ការពិត​ទេ ដោយ​ពិន្ទុ​របស់លោក​ស្រី​ពេលប្រ​ឡង​បានទាប លោកស្រីថាពេលនេះ​មាន​ជម្រើស​តែ​ពីរប៉ុណ្ណោះ​គឺ​សិក្សា​ផ្នែក​ទន្តសាស្រ្ត ឬឱសថ​សាស្រ្ត។

(លោកស្រី អេង លីគង់ ក្នុង​កម្មវិធី​ទទួលពានរង្វាន់​សហគ្រិន​ស្រ្តីអាស៊ាន​២០១៧/រូបភាព៖ ផ្តល់​ឲ្យ)

ដោយ​គ្មាន​ជំរើស​លោក​ស្រីក៏​បាន​ជ្រើស​រើស​មុខវិជ្ជា​ទន្តសាស្រ្ត តែ​ថា​មុខវិជ្ជា​នេះ​លោក​ស្រី​មិន​សូវពេញចិត្ត​ទេ​នៅ​ពេល​នោះ​ និងម្យ៉ាង​ជំនាញ​នេះមិនសូវមានទី​ផ្សារទៀត​ផង​កាលពេលនោះ។ ទោះយ៉ាងណា ដោយ​មានការ​លើក​ទឹក​ចិត្ត​ពី​លោកគ្រូ-អ្នកគ្រូ និង​ជឿង​តាម​លោកគ្រូ-អ្នក​គ្រូថា​មុខជំនាញ​នេះ​នឹង​មាន​ទី​ផ្សារនៅ​ថ្ងៃ​អនាគតលោក​ស្រី​បាន​ដាក់​ចិត្ត​ដាក់​កាយ​រៀន​មុខវិជ្ជានេះ។

​អ្វីដែល​លោក​ស្រី​ត្រូវជម្នះខ្លាំងជាងគេនៅពេល​នោះគឹ​ការ​ស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋានដែល​ពេល​នោះ​លោក​ស្រី​ថា​មាន​មនុស្សជា​ច្រើន​ចាត់ទុក​ថា​ជាកន្លែង​មិន​ល្អ​ដោយ​មាន​មនុស្ស​ប្រុស​ស្រី​ស្នាក់​នៅ​លាយ​ឡំ​គ្នា។ លោកស្រ្តីបន្ថែមៈ «ខ្ញុំ​បាន​ជន្នះ​ការ​ពេប​ជ្រាយ​ រឿង​​ ពីរ​ដាច់​​ដោយ​​ឡែក​​ពី​​គ្នា​ទី១ ​យើង​​ប្រលង​ធ្លាក់មិន​បានរៀនថ្នាក់វេជ្ជបណ្ឌិត​ដូច​គេ ទី២ គឺ​កន្លែង​ស្នាក់​នៅដែល​មតិ​មួយ​ចំនួន​ថា​មិនល្អ​ ប៉ុន្តែ​ខ្ញុំ​អត់​​ខ្វល់​សំខាន់ធ្វើ​ខ្លួន​ឱ្យ​ល្អ មានបុគ្គល​ម្នាក់​ ឬពីរនាក់​មិន​ល្អ​​មិនអាច​ម៉ៅទាំងអស់បាន​ទេ»។

(​លោកស្រី អេង លីគង់ ពេល​កំពុង​ផ្តល់​បទ សម្ភាសន៍ជាមួយ​បុគ្គលិក​​Sabay)

លោក​ស្រីបាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យម​ផ្នែក​ទន្តពេទ្យ​នៅ​ឆ្នាំ​១៩៩២ និងបាន​ចូល​បម្រើការ​នៅមន្ទីរពេទ្យ​សម្ភពក្រុង​ព្រមទាំងបាន​បើក​បន្ទប់ព្យាបាល​ធ្មេញ​តូច​មួយ​ផង ដែល​បាន​វិវត្ត​មក​ជា​មន្ទីរព្យាបាលធ្មេញ​ម៉ាស្ទ័រ​ឃែរ​ បច្ចុប្បន្ន។ ជាមួយ​គ្នានោះ​លោក​ស្រី​ក៏​បាន​ទទួល​សញ្ញាបត្រ ថ្នាក់​វេជ្ជបណ្ឌិត​ផ្នែកទន្តសាស្រ្តឯកទេសរាក់ស៊ីធ្មេញ​ និង​ពុក​ធ្មេញ​​កាលពី​ឆ្នាំ​២០០២។

ក្រៅ​ពី​អាជីវកម្ម​លើ​មន្ទីរ​ព្យាបាល​ធ្មេញ នៅ​ឆ្នាំ២០០៦ លោក​ស្រី​បាន​ហក់​ចូល​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​មាន​ក្រុម​ហ៊ុន​បី​ផ្សេងទៀត។ ដោយ​សារភាពជោគជ័យ​ក្នុង​ជំនួញ​ក្នុង​នាមជាស្រ្តី​ភេទ លោកស្រី​​និង​សហគ្រិនស្រ្តី៩នាក់​ផ្សេងទៀត កាល​ពី​​ចុងខែ​សី​ហា ឆ្នាំ​២០១៧ បាន ទទួលពានរង្វាន់​សហគ្រិន​ស្រ្តីអាស៊ាន​២០១៧ (Outstanding ASEAN Woman Entrepreneur Award 2017)។

លោក​ស្រី​បន្ថែម​យ៉ាងនេះ​ថាៈ «យុវ​ជន​​មិន​​ត្រូវ​តូច​ចិត្ត​​នៅ​ពេល​យើង​​ក្រីក្រ ​និង​ជួប​ការ​លំបាក​នោះ​ទេ ​ជាពិ​សេស​ស្រីៗ​...​ការ​លំបាក​ទាំង​ឡាយ​នឹង​ជា​ឱកាស​​មួយ​​ធ្វើ​ឱ្យ​យើង​ជោគជ័យ​ ព្រោះ​ការ​អត់ធ្មត់​​ដល់​​កម្រិត​​​ណា​មួយ​នោះ​នឹង​ធ្វើ​ឱ្យ​យើង​​លូត​លាស់​​បាន​»៕

អត្ថបទដោយ៖ សុផល

អត្ថបទថ្មី