Angelina Jolie និង Gwyneth Paltrow ថា​ខ្លួន​ធ្លាប់​ត្រូវ​ផលិតករ​ម្នាក់​នេះ​បំពាន​ផ្លូវ​ភេទ

  • 2017-10-11 04:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផលិតករ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ឈ្មោះ Harvey Weinstein​ ត្រូវ​គេ​បក​អាក្រាត​ថា​ធ្លាប់​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​នារី​ជា​ច្រើន​នាក់​ជា​ពិសេស​តារា​ស្រី​ល្បីៗ​នៅ​ហូលីវូដ​ ពេល​នេះ​តារា​ស្រី​លំដាប់​កំពូល​ពីរ​រូប​គឺ​Angelina Jolie និង Gwyneth Paltrow ក៏​សារភាព​ថា​ខ្លួន​ធ្លាប់​ផលិតករ​រូប​នេះ​បៀតបៀន​ផ្លូវ​ភេទ​ផង​ដែរ។

លោក Harvey Weinstein

តារា​ទាំង​ពីរ​រូប​បញ្ជាក់​ថា​​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ពួក​គេ​ទើប​តែ​ចូល​សិល្បៈ​ដំបូង។

ពួក​គេ​បាន​ចូល​រួម​ជាមួយ​បណ្ដា​តារា​សម្ដែង​ស្រី​ជា​ច្រើន​នាក់​ ដើម្បី​ប្ដឹង​លោក Weinstein ពី​ករណី​​បៀតបៀន​ផ្លូវ​ភេទ​។ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ លោក​ទើប​តែ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​ពី​បទ​ចាប់​រំលោភ​របស់​ទស្សនាវដ្ដី The New Yorker។ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​ភរិយា​ក៏​បាន​ចូល​រួម​ជា​សំឡេង​ដើម្បី​ប្ដឹង​ផលិត​ករ​រូប​នេះ​ផង​ដែរ។

កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ ក្រុម​ហ៊ុន The Weinstein Company បាន​បណ្ដេញ​ផលិតករ​នេះ​ចេញ​ពី​ដំណែង​។ លុះ​ដល់​ថ្ងៃ​អង្គារ​ភរិយា​របស់​លោក អ្នក​ច្នៃ​ម៉ូដ​អ្នក​ស្រី Georgina Chapman ក៏​បាន​ប្រាប់​ទស្សនាវដ្ដី​ People ថា​នាង​នឹង​ចាក​ចេញ​ពី​​ស្វាមី។

នៅ​ថ្ងៃ​អង្គារ​នោះ​ដែរ Angelina និង Gwyneth បាន​ផ្ញើ​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន​ទៅ​កាន់​ New York Times ព្រម​គ្នា​តែ​ម្ដង។

Angelina Jolie

Angelina បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ថា​៖ "​ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​មិន​ល្អ​ជាមួយ​ Harvey Weinstein កាល​ពី​វ័យ​ជំទង់​ ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ជាមួយ​ផលិតករ​នេះ​ម្ដង​ទៀត​ឡើយ​ ព្រម​ទាំង​ប្រាប់​អ្នក​ដទៃ​កុំ​ឲ្យ​ធ្វើ​ការ​ជាមួយ​ដូច​គ្នា"។ នាង​បន្ត​ថា​៖ "សកម្មភាព​របស់​លោក​ទៅ​កាន់​ស្រ្តី​នៅ​ក្នុង​កន្លែង​ការងារ​ណា​ក៏​ដោយ​ ឫ​ក្នុង​ប្រទេស​ណា​ក៏​ដោយ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ"។

Gwyneth Paltrow

ចំណែក​ឯ Gwyneth វិញ​បាន​សារភាព​ថា​បន្ទាប់​ពី​លោក Weinstein បាន​ឲ្យ​នាង​សម្ដែង​ជា​តួឯក​ក្នុង​រឿង "Emma” លោក​តម្រូវ​ឲ្យ​នាង​ទៅ​ជួប​លោក​នៅ​សណ្ឋាគារ​ខ្លួន ហើយ​ព្រម​ទាំង​បង្ខំ​ឲ្យ​នាង​ម៉ាស្សា​ឲ្យ​ខ្លួន​នៅ​បន្ទប់​ដេក។ នាង​បញ្ជាក់​ថា៖ "ខ្ញុំ​នៅ​ក្មេង ហើយ​ខ្ញុំ​ទើប​តែ​ចុះ​កុង​ត្រា​រួច​រាល់ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ"។

មិន​ត្រឹម​តែ​តារា​ពីរ​រូប​នេះ​ទេ ដែល​ត្រូវ​ផលិតករ​ល្មោភកាម​ម្នាក់​នេះ​ បាន​បៀតបៀន​ផ្លូវ​ភេទ​ មក​ដល់​ពេល​នេះ​បើ​គិត​តាម​តួ​លេខ​អ្នក​ដែល​រង​គ្រោះ​គឺ​មិន​តិច​ជាង​ ១០​នាក់​នោះ​ទេ៕

អាន​អត្ថបទ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី