តេឡេស្កុបយក្ស FAST របស់ចិនរកឃើញពន្លឺផ្កាយពីរពេលប្រតិបត្តិការសាកល្បង

  • 2017-10-11 12:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរអង្កេតតារាសាស្ត្រជាតិរបស់ចិនហៅកាត់ថា NAOC ឱ្យដឹងកាលពីថ្ងៃអង្គារថា បន្ទាប់ពីដំណើរការសាកល្បងបាន១ឆ្នាំមកតេឡេស្កុបយក្សរបស់ចិន FAST រកឃើញពន្លឺផ្កាយពីរប្រភេទក្នុងចក្រវាឡ ។

ពន្លឺផ្កាយទាំងពីរមានឈ្មោះ J1859-01 និង J1931-01 មានចម្ងាយ ១៦០០០ និង ៤១០០ ឆ្នាំពន្លឺពីផែនដីដែលមានរយៈពេលបង្វិល ១,៨៣ វិនាទី និង ០,៥៩ វិនាទី ។ យោងតាមលោក Li Di ប្រធានអ្នកវិទ្យាសាស្ត្រនៅឯ NAOC ថា ពន្លឺផ្កាយទាំងពីរនេះត្រូវបានរកឃើញកាលពីថ្ងៃទី ២២ និងទី ២៥ សីហាពោលគឺនៅពេលតេឡេស្កុប FAST កំពុងស្កេនកញ្ចុំកាឡាក់ស៊ីនៅភាគខាងត្បូងហើយក្រោយមកការរកឃើញនេះត្រូវបានអះអាងបញ្ជាក់ដោយតេឡស្កុបអង្កត់ផ្ចិត ៦៤ ម៉ែត្រស្ថិតនៅប្រទេសអូស្ត្រាលីកាលពីខែកញ្ញាកន្លងទៅ ។

លោក Peng Bo នាយករងនៃគម្រោង FAST និយាយថា វាជារឿងភ្ញាក់ផ្អើលសម្រាប់អ្នកវិទ្យាសាស្រ្តចិនដែលទទួលបានលទ្ធផលដ៏អស្ចារ្យបែបនេះក្នុងរយៈពេលដំណើរការសាកល្បងត្រឹមតែ១ឆ្នាំ ។ លោកបន្តថា យើងនឹងចំណាយពេលសាកល្បងពី៣ឆ្នាំទៅ៥ឆ្នាំសម្រាប់ស្ថានីយ៍តេឡេស្កុបធំនិងស្មុគស្មាញដូច FAST នេះជាដើម ។

គួរបញ្ជាក់ថា FAST ដែលមានពាក្យពេញថា Five-hundred Aperture Spherical Radio Telescope គឺជាស្ថានីយ៍តេឡេស្កុបរាងមូលមានអង្កត់ផ្ចិត ៥០០ ម៉ែត្រត្រូវបានសង់បញ្ចប់កាលពីខែកញ្ញា ២០១៦ដោយមានសមាសធាតុបច្ចេកទេសរួមមាន បន្ទះរាងត្រីកោណ ៤៦០០ ប្រភេទ និងកញ្ចក់ឆ្លុះបញ្ជាំងដ៏សកម្មដែលអាចឱ្យតារាវិទូមានលទ្ធភាពគ្រប់គ្រាន់អង្កេតមើលពីអីដ្រូសែនក្នុង Milky Way និងកាឡាក់ស៊ីផ្សេងទៀត ការរកមើលពន្លឺផ្កាយថ្មីៗរាប់ពាន់ប្រភេទ ការស្វែងរកពីដើមកំណើត និងការវិវត្តនៃចក្រវាឡ ៕

ប្រភព៖ Xinhua   ប្រែសម្រួល៖ សិរីបុទ្រ