វិភាគ​! ​តើ​​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រៀប​ចំ Khmer Thai Fight ?

  • 2017-10-13 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​ធំ​​មិន​ធ្លាប់​មាន​នៅ​កម្ពុជា Khmer Thai Fight នឹង​​ធ្វើ​​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ ដែល​កម្ពុជា​បាន​សហការ​គ្នា​ជា​មួយ​​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​កម្មវិធី​នេះ​ឡើង។ ​ព្រឹត្តិការណ៍​ដែល​មាន​ប្រទេស​ចូល​រួម​រហូត​ដល់១០មួយ​នេះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហា​ជន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ ចុះ​ប្រិយមិត្ត​ចាប់អារម្មណ៍​​ទេ​ថា តើ​ការ​រៀប​ចំ​នេះ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​​ ថ្ងៃ​នេះ​ Sabay សូម​​លើក​យក​ចំណុច​ខ្លះ​មក​ជម្រាប​ជូន។

ឃីម ឌីម៉ា ឈ្នះ​មេដាយ​មាស​កាល​ស៊ីហ្គេម

**១​-បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ដឹង​ពី​កម្រិត​ក្បាច់​គុន​របស់​ខ្មែរ**

​ទាក់​ទង​ចំណុច​នេះ​​លោក អេ ភូថង គ្រូ​បង្ហាត់​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា​បញ្ចេញ​ទស្សនៈ​ថា នីតិវិធី​របស់​ថៃ ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តម្កើង​​គុន​ខ្មែរ​មាន​ខ្ពស់​។ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​មែន​ទែន ដែល​​ប្រទេស​​ថៃ​​ព្រម​យក​កម្មវិធី​នេះ​មក​រៀប​ចំ​នៅ​កម្ពុជា ដោយ​ពួក​គេ​​នឹង​កោះ​ហៅ​កីឡាករ​ល្អៗ​នៅ​លើ​ពិភព​លោក​មក​ចូល​រួម។

​មួយ​វិញ​ទៀត ​​ការ​រៀប​ចំ​នេះ​អាច​ឲ្យ​កម្ពុជា​ទទួល​បាន​ឱកាស​បង្ហាញ​ស្នាដៃ​ពី​​កម្រិត​ក្បាច់​គុន​​​របស់​ខ្លួន​ ដែល​មាន​​​មិន​ក្រោម​ថៃ​ឲ្យ​ពិភព​លោក​បាន​ដឹង។

​២-​​ទទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន​ក្នុង​ការ​ចូល​រួម​ព្រឹត្តិការណ៍​ធំ​ៗ

​មែន​ទែន​ទៅ​កីឡាករ​ល្បី​ៗ របស់​កម្ពុជា​មួយ​ចំនួន​​មិន​ទាន់​បាន​ប្រលូក​ព្រឹត្តិការណ៍​ធំ​ៗ​​ឡើយ។ ​ឱកាស​ចូល​រួម​លើក​នេះ​អាច​ជា​ឱកាស​ល្អ​ឲ្យ​ពួក​គេ​​ទទួល​បាន​បទ​ពិសោធន៍​​ និង​សិក្សា​ពី​ក្បាច់​គុន​របស់​ប្រទេស​​​​​ដែល​ចូល​ចិត្ត​សិល្បៈ​ប្រយុទ្ធ។

កែវ រំចង់ ​ទៅ​វ៉ៃ Thai Fight

៣-​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា

​​​ចំណូល​ចិត្ត​ទស្សនា​ផ្ទាល់​គឺ​​ជា​អ្វី​​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ត្រូវ​ការ។ ​និយាយ​ពី​ Thai Fight អ្នក​គាំទ្រ​កម្ពុជា ​ប្រហែល​ជា​មាន​គំនិត​​មិន​ខុស​គ្នា​ទេ​ ដែល​កំពុង​​ទន្ទឹង​រង់​ចាំ​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​នេះ​ ដូច្នេះ​​​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​គាំទ្រ​ ដែល​បាន​ទស្សនា​ផ្ទាល់​នៅ​​លើ​ទឹក​ដី​កម្ពុជា​ ពុំ​ចាំ​បាច់​ទៅ​ក្រៅ​ប្រទេស។

អ្នកគាំទ្រ​ប្រដាល់​

​សូម​បញ្ជាក់​ថា កម្ពុជា​ បាន​បញ្ជូន​ឈ្មោះ​កីឡាករ​ចំនួន ៤ រូប​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​គឺ​មាន មឿន សុភា ​ឡៅ ចិត្រា ឃីម ឌីម៉ា និង ពេជ្រ ម្ទេស​ខ្មាំង ៕

​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​