អ្នក​ដាំ​ដំឡូងមី​ចាប់ផ្ដើម​មាន​ទឹកមាត់​លេប​ឡើង​វិញ​

  • 2017-10-12 10:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅពេល​ក្រសួងពាណិជ្ជកម្ម​ ​បង្ហើប​គោល​នយោបាយជាតិ​ដំឡូងមី​ សម្រាប់​គាំទ្រ​កសិកម្ម​ដំឡូងមី​ដែលគ្រោង​នឹង​ដាក់​អនុវត្ត​ក្នុង​ពេល​ឆាប់​ៗផងនោះ ស្របគ្នា​នឹងតម្លៃដំឡូងមីបានចាប់ផ្ដើមង៉ើបឡើងនៅរយៈពេលចុងក្រោយនេះផង ធ្វើឲ្យកសិករ និងអ្នកនាំចេញមានសង្ឃឹម ដោយរំពឹងថាតម្លៃនៃផលិតផលកសិកម្មមួយនេះ នឹងអាចមានរក្សាបាននិរន្តរភាព។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលដំឡូង​មីបានក្លាយជាបញ្ហាសម្រាប់​ប្រជាកសិករ​ខ្មែរ​ដែល​រង់ចាំ​តែ​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ និង​វៀតណាម បញ្ជាទិញ។ ប៉ុន្តែថានៅពេលគោលនយោបាយជាតិដំឡូងមីចេញជាផ្លូវការ ក្រសួងពាណិជ្ជកម្ម ស្ថាប័ន្ធពាក់ព័ន្ធសហការជាមួយកម្មវិធីអភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP)រួមគ្នាជួយ​ធ្វើ​តម្លៃ​ដំឡូងមី​បានប្រសើរ​ឡើង​ ក៏ដូចជា​គាំទ្រ​ដល់ការ​ពង្រីកការ​ផលិតនិង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ វា​នឹង​លែង​ធ្វើ​ឲ្យ​កសិករ​បារម្ភ​ពីរឿង​រកទីផ្សារ​ទៀត​ដែរ។​ ​នេះ​ជាការ​យល់ឃើញ​របស់អ្នក​ដាំដុះ​និងរកស៊ី​ក្នុង​វិស័យ​ដំឡូងមី​ បានថ្លែង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ ​ស្ដី​លទ្ធផល និង​ភាព​ជោគជ័យ​នៃការអនុវត្ត​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (EIF) ​នៅសណ្ឋាគារ​សាន់វេ​នៅ​ថ្ងៃនេះ។

​ឯកឧត្តម​ ប៉ាន សូរស័ក្ដិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​បាន​ថ្លែងថា​ សហគមន៍អឺរ៉ុប​ បានផ្ដល់​ជំនួយ​សម្រាប់​​ពាណិជ្ជកម្ម​​ (AfT) ​ដើម្បី​គាំទ្រ​ចំពោះវិស័យ​សំខាន់ៗ​ចំនួន៥​ ​​ដូចជា​ វិស័យ​ស្រូវអង្ករ ​សូត្រប្រណិត ដំឡូងមី​ ជលផលសមុទ្រ​ និង​វិស័យ​បដិសណ្ឋារ​កិច្ច​ ដែល​មកទល់​បច្ចុប្បន្ន​ជំនួយនេះ​មានទំហំ​រហូដល់​ជិត ៨លាន​ដុល្លារ។ ​ឯកឧត្តម ​បានគូស​បញ្ជាក់ថា​ ជំនួយនេះនឹងជម្រុញឲ្យគោល​នយោបាយ​ជាតិ​ដំឡូង​មី ​ត្រូវអនុវត្ត​ក្នុងពេល​ឆាប់ៗនេះ​ផងដែរ។

( ​ឯកឧត្តម​ ប៉ាន សូរស័ក្ដិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម )

លោក​ ឯក ស៊ុនសុខា ​អគ្គនាយកក្រុមហ៊ុន ​ឡុង​ អេន សុខា ​និង​ជាសមាជិក​ក្រុមការងារ​ដំឡូងមី​នៅកម្ពុជា​ បានថ្លែង​ថា បច្ចុប្បន្ននេះ​តម្លៃដំឡូងមី​នៅលើទីផ្សារ​អន្តរជាតិ​ចាប់ផ្ដើម​ប្រសើរឡើង​ជាងឆ្នាំ​មុន។ លោកបន្តថាៈ « តម្លៃដំឡូង​ក្នុងខែនេះ​ ​ជាមធ្យម​តម្លៃដំឡូង​មីស្រស់​នៅកណ្ដាប្រទេស​លក់បាន​ ​២០០រៀល​ក្នុងមួយ​គីឡូក្រាម​ ​និងតម្លៃលក់​នៅខាង​កើតប្រទេស​ ​ជាប់ព្រំដែន​វៀតណាម​បានតម្លៃដល់ទៅ​​ ៣៤០រៀល​ក្នុងមួយ​គីឡូក្រាម​»។

(លោក ឯក ស៊ុនសុខា ​អគ្គនាយកក្រុមហ៊ុន ​ឡុង​ អេន សុខា ​និង​ជាសមាជិក​ក្រុមការងារ​ដំឡូងមី​នៅកម្ពុជា​)

លោកថាៈ​ «​ដំឡូងមីជា​ដំណាំមួយ​មិនរើស​រដូវ​ ​ដូចដំណាំ​ស្រូវដែរ​ ​ហើយប៉ុន្មាន​ឆ្នាំនេះ​យើង​មានដំឡូងមី​គ្រប់​រដូវកាល​ទាំងអស់​ ​ទាំងរដូវវស្សា​ ​និង​រដូវប្រាំង ប៉ុន្តែ​នៅរដូវវស្សា​ការប្រមូលផល​មាន​ជួបការ​លំបាក ព្រោះ​មិនមាន​ផ្លូវទៅ​ដល់ចំការ​ដូច​ប្រទេសគេ​»។ ​លោករំពឹង​ថា​ នៅ​ពេលខាងមុខតម្លៃដំឡូង​មីនឹង​ល្អឡើងវិញ ដោយសារ​ម្សៅដំឡូង​មីមាន​តម្រូការ​ច្រើន​នៅលើ​ពិភពលោក​ ជាពិសេស​នៅក្នុងវិស័យ​ឧស្សាហកម្ម​។ជាមួយ​គ្នា​នេះ លោក​ក៏សំណូមពរ​ដល់រដ្ឋាភិបាល​ឲ្យបន្ថែម​ការពង្រីក​រោងចក្រ​ដើម្បីកែច្នៃ​ម្សៅដំឡូងមី​បន្ថែម​ទៀត​។ ​

លោក​ ឡុង ហ៊ាង ​ប្រធាន​សមាគម​ដំឡូង​មីស្រុក​រតនៈមណ្ឌល​ ​នៅខេត្ត​បាត់ដំបង​ សាទរចំពោះ​គោល​នយោបាយ​ថ្មីនេះ​ និងចង់ឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានឆាប់ៗ។ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏បាន​ស្នើដល់​រដ្ឋាភិបាល​ឲ្យជួយ​ជាថវិកា​ដល់​សមាគមនានា​ ​ក្នុងការ​ផ្សព្វផ្សាយ​ទិសដៅ​ការដាំដុះ​ដំឡូងមី​។

តាមរបាយការណ៍ក្រសួងកសិកម្ម ការដាំដុះ​ដំឡូងមី​នៅកម្ពុជា​ចាប់​ពីឆ្នាំ​២០០០ ប្រមាណ​ ១៦ពាន់​ហិកតា​ ​កើន​ដល់​ជាង ៦០០​ពាន់ហិតា​ ហើយ​បានផ្តល់ទិន្នផល​សរុប​ ១៣លានតោន​ កាលពី​ឆ្នាំ២០១៦​ ក្នុងនោះ​ខេត្ត​បាត់ដំបង មាន​ដីដាំដុះ​ធំជាង​គេ ​ទំហំ ១៥៥ ៤២៤ ហិកតា​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី