Huawei ដាក់ផែនការ​វាយ​យក​​ទីផ្សារទូរសព្ទ​​ឲ្យ​បាន​ ៤០ ភាគ​រយ​ឆ្នាំ ២០១៨

  • 2017-10-13 09:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ នេះ បរិមាណ​លក់​ចេញ​គិត​ជា​ឯកតា (Unit) របស់ Huawei ឈរ​ចំណាត់​ថ្នាក់​លេខ​ពីរ​នៅ​ទីផ្សារ​កម្ពុជា ក្នុង​ពេល​ទូរសព្ទ​កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ល្បីលើ​ការបំពាក់​មុខងារ​​​កាមេរ៉ាដ៏​ទំនើប​​ បាន​កំណត់​គោលដៅ​នឹង​ពង្រីក​ចំណែក​ទីផ្សារ​បន្ថែម​ឲ្យ​បាន ៤០ ភាគរយ​នៅ​ឆ្នាំ ២០១៨។

លោក​ឯម យុទ្ធូ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយ​មើល​សន្ទុះ​លក់​ចេញ​យ៉ាង​គំហុក​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​រំពឹង​អាច​សម្រេច​គោលដៅ​ពង្រីក​ចំណែក​ទីផ្សារ​ឲ្យ​បាន ៤០ ភាគរយ​ក្នុង​ឆ្នាំ ២០១៨។

ដោយ​លើក​ពី​របាយការណ៍ GFK អ្នកគ្រប់គ្រង​ទូរសព្ទ​ដ៏​ធំ​មក​ពី​ចិន​នេះ​បាន​ឲ្យ​ដឹង​ថា៖ "បើ​និយាយ​ពី​ចំនួន​ឯកតា​លក់​ចេញ​សរុប​គឺ​យើង​ឈរ​នៅ​លេខ​ពីរបាន ៣៣ ភាគរយ តែ​ចំណូល​វិញ​យើង​ឈរ​នៅ​លេខ ៣ តែ​គម្លាត​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពី​​​គូ​ប្រកួតប្រជែង"។

នាយក​គ្រប់គ្រងម៉ាក​​ទូរសព្ទ​ដែល​​មូលដ្ឋាន​​មក​ពី​ទី​ក្រុង Shenzhen បាន​លើកឡើង​ពី​​យុទ្ធសាស្រ្ត​ក្នុង​ការ​​​ជំរុញ​ម៉ាក​យីហោ​ទូរសព្ទ Huawei ដោយការ​​ពង្រីក​បណ្ដាញ​លក់​ជាង ៨០០ កន្លែង​ទូទាំង​ប្រទេស រួម​ទាំង​ប្រើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយដល់​​អ្នក​គាំទ្រ​។

បើ​តាម​អ្នក​គ្រប់គ្រង​រូប​នេះ ក្រុមហ៊ុន​ Huawei បាន​​​វិនិយោគ​យ៉ាង​ច្រើន ក្នុងការ​សាង​កេរ្តិ៍ឈ្មោះ​ទូរសព្ទ​របស់ខ្លួន​​ដើម្បី​អាច​​ប្រជែង​​ទូរសព្ទ​ម៉ាក​ដទៃ​ទៀត ដែល​​​លោក​ចង់​សម្តៅ​លើ​ក្រុមហ៊ុន​ធំ​ពីរ​គឺ​ Samsung និង Apple។

ទោះ​បី​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង និង​សម្ពាធ​តម្លៃ​ពី​សំណាក់​ក្រុម​ហ៊ុន​ផលិត​ទូរសព្ទ​ផ្សេង​ទៀត នេះ​បង្ហាញ​ការ​​សម្រេច​ជោគជ័យ​កើត​ចេញពី​មហិច្ឆតា​ខ្ពស់​។ លោក​​​ថា ក្រុមហ៊ុន​នឹង​បន្ត​​ចេញ​លក់​ ដែល​​ផ្តោត​លើ​ទូរសព្ទ​​ដែល​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ដោយ​ផ្តល់​តម្លៃ​ដែលពលរដ្ឋ​អាច​ទទួលយកបាន​។

Nova-2i

លោក​បានលើពី​ទូរសព្ទ Nova 2i ដែលក្រុមហ៊ុននឹង​ចេញលក់នៅពេលខាង​មុខ​​​ ដែល​ផលិត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​​ទីផ្សារ​ទូរសព្ទ​មួយ​ទឹករបស់ Apple ដែលទូរសព្ទ​នេះ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​មុខក្រោយ​ដំបូងបង្អស់របស់​ក្រុមហ៊ុន Huawei​ និង​សមត្ថ​ភាពខ្លាំង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា