សម្ដែងរបាំម្ដងត្រូវការពេលហាត់សមយូរដល់ម្ល៉ឹង
- 2017-10-16 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដែងរបាំម្ដងត្រូវការពេលហាត់សមយូរដល់ម្ល៉ឹង
ចន្លោះមិនឃើញ
ទស្សនិកជនភាគច្រើនដែលបានមើលការសម្ដែងរបាំកន្លងមក អាចនឹងមិនដឹងថា ការហាត់សមរបាំមុនចេញសម្ដែងជាសាធារណៈ ត្រូវការចំណាយពេលហាត់សមយូរប៉ុណ្ណានោះឡើយ ថ្ងៃនេះអ្នកនឹងបានដឹង។
បើតាមទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈអ្នកស្រី ប៉ែន សុខហួន បានប្រាប់ Sabay ថា ការហាត់សមរបាំមុនចេញសម្ដែងម្ដងៗ ត្រូវការពេលហាត់យូរឬឆាប់ អាស្រ័យទៅតាមកម្មវិធីតូចឬធំ និងអាស្រ័យទៅតាមប្រភេទរបាំដែរ។ របាំដែលត្រូវសម្ដែងក្នុងកម្មវិធីថ្នាក់ជាតិធំៗ ត្រូវការពេលហាត់សមយូររហូតទៅដល់៣ខែឬលើសពីនេះ ហើយបើត្រូវយកទៅសម្ដែងនៅក្រៅប្រទេស ក្នុងកម្មវិធីខ្នាតអន្តរជាតិទៀតនោះរឹតតែយូរ ព្រោះត្រូវខំសម្រិតសម្រាំង។ អ្នកគ្រូបន្ថែមថា របាំខ្លះក៏ចំណាយពេលហាត់សមតិចដែរ គឺប្រហាក់ប្រហែលកន្លះខែឬមួយខែ ព្រោះរបាំនោះរាំរយៈពេលខ្លីនិងខ្នាតតូច។
“វាអត់ទៀងដែរ របាំខ្លះតូចយើងត្រូវការពេលហាត់តិចថ្ងៃទេ តែបើរបាំនោះត្រូវសម្ដែងក្នុងកម្មវិធីធំៗ និងថ្នាក់អន្តរជាតិយើងត្រូវខំសម្រិតសម្រាំង ម្យ៉ាងទៀតវាទៅតាមពេលវេលារបស់សិល្បករដែរ អ្នកខ្លះគាត់រវល់អត់បានហាត់រាល់ថ្ងៃទេ ជួនទៅ១សប្ដាហ៍ហាត់បាន២ថ្ងៃ ឬ ៣ថ្ងៃ អីហ្នឹង”។
គ្រូបង្ហាត់របាំរូបនេះបញ្ជាក់បន្ថែមថា របាំខ្លះមានទំហំតូច និងជាស្នាដៃចាស់ ត្រូវការពេលហាត់សមមិនច្រើនទេ តែបើរបាំដែលជាស្នាដៃដំឡើងថ្មី ត្រូវចំណាយពេលហាត់សមយូរ។