៥៤​នាក់​ស្លាប់ និង​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ដោយ​សារ​ទឹក​ជំនន់​នៅ​វៀតណាម

  • 2017-10-13 12:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​អង្គភាព​បង្ការ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​វៀតណាម ក្នុង​សប្ដាហ៍​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ៥៤ នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​៣៩ នាក់​ទៀត​បាន​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​កើត​ឡើង​នៅ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​ប្រទេស​មួយ​នេះ។

គ្រោះ​ទឹក​ជំនន់​ដែល​ជន់​លិច​ប្រទេស​វៀតណាម​ក្នុង​សប្ដាហ៍​នេះ គឺ​ជា​ទឹក​ជំនន់​ដែល​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ ដែល​ប្រទេស​មួយ​នេះ​បាន​ជួប​ប្រទះ។ ផ្ទះ​ចំនួន ៣១៧ ខ្នង បាន​រលំ ឯ​ ៣៤០០០ ខ្នង​ទៀត​រង​ការ​ខូច​ខាត ខណៈ​ដី​ស្រែ​ចំនួន ២២០០០ ហិច តា​ រង​ការ​បំផ្លាញ ដោយសារ​ជំនន់​ធំ​មួយ​នេះ។

បន្ថែម​ពី​លើ​នេះ​ទៀត មនុស្ស​ចំនួន ១៩​នាក់​បាន​ស្លាប់​ដោយ​កប់​ទាំង​រស់ ដោយ​សារ​តែ​ដី​បាក់​សង្កត់​ពី​លើ ហើយ​បើ​តាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​ពី​អង្គភាព​ខាង​លើ មក​ទល់​នឹង​ពេល​នេះ សាក​សព​ចំនួន ៩​ប៉ុណ្ណោះ​ដែល​ទើប​បាន​រក​ឃើញ។

មិន​តែ​ប៉ុណ្ណោះ បើ​តាម​អង្គភាព​បង្ការ​គ្រោះ​មហន្តរាយ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ប្រទេស​មួយ​នេះ​ក៏​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់​ធំ​ដែល​កើត​នៅ​វៀតណាម​ដែរ ដោយ​វា​បាន​បណ្ដាល​ឲ្យ​ខេត្ត​ថៃ ចំនួន ៧ រង​ការ​ជន់​លិច ខណៈ​ដី​ស្រែ​ជាង ៤៨០០០០​ហិច តា បាន​រង​ការ​ខូច​ខាត៕

ប្រភព៖ Reuters   ប្រែសម្រួល៖⁣ ហ៉ីម⁣⁣ រស្មី