បុរស​ម្នាក់​​​ផលិត​បាន​គោ​យន្ត​បញ្ជា​តេឡេ គ្រប់​គ្នា​សរសើរ​លាន់​

  • 2017-10-17 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ​វ័យ​ ៣៥ ឆ្នាំ​មួយ​រូប​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ​​ថា​មាន​ភាព​ប៉ិនប្រសប់ បន្ទាប់​ពី​វីដេអូ​គោយន្ត​បញ្ជា​ដោយ​តេឡេ​របស់​បុរស​រូប​នេះ​ត្រូវ​បាន​គេ​ចុច​មើល​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម។

​មាន​ឈ្មោះ​ថា​​ Arthit Pengkit ​និង​មក​ពី​ស្រុក​ Si Samrong ខេត្ត​ Sukhothai ​​បុរស​រូប​នេះ​បាន​និយាយ​ថា​​បាន​សម្រេច​ចិត្ត​យក​ចំណេះ​ដឹង​របស់​ខ្លួន​មក​ប្រើ​លើ​គោយន្ត និង​ជួយ​កសិករ​សន្សំ​កម្លាំង​របស់​ខ្លួន។ លោក​ Arthit សិក្សា​អំពី​​គ្រឿង​អេឡិចត្រូនិក​ដោយ​ខ្លួន​ឯង ​និង​បាន​ប្រើ​ពេល​គិត​​ពី​វិធី​​បំពាក់​ឧបករណ៍​អ្វី​មួយ​ដែល​អាច​បញ្ជា​គោយន្ត​បាន។ ក្រោយ​មក​គាត់​ក៏​បាន​ធ្វើ​ការ​ពិសោធន៍​​ឧបករណ៍​របស់​ខ្លួន​ជា​មួយ​គោយន្ត។

លោក​ Arthit បាន​បំពាក់​ឧបករណ៍​បញ្ជា​​មួយ​នៅ​លើ​គោយន្ត ស្រដៀង​គ្នា​នឹង​ឧបករណ៍​ដែល​គេ​ប្រើ​បញ្ជា​កូន​ឡាន​ និង​កូន​យន្តហោះ​ដែរ។ បច្ចុប្បន្ន​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង​នៅ​ឡើយ។ គាត់​ក៏​មាន​គម្រោង​ថា​បំពាក់​កាមេរ៉ា​មួយ​លើ​គោយន្ត​ ហេតុ​នេះ​កសិករ​អាច​បញ្ជា​វា​តាម​កម្មវិធី​ទូរសព្ទ​បាន។

​​​​​​​បុរស​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​ផលិត​បាន​ឧបករណ៍​ពិសេស​ដទៃ​ទៀត​ដូច​ជា​​កង់​ដែល​មាន​បំពាក់​ជា​មួយ​ថ្នាំ​បាញ់​សត្វ​ល្អិត និង​បាន​ច្នៃ​ម៉ាស៊ីន​បូម​ទឹក​ពី​ម៉ូតូ​ផង​ដែរ៕​

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម