មិនធម្មតាទេកុមារីកូនកាត់ ខ្មែរ-អង់គ្លេស ចូលរៀនរបាំបាន២ខែ តែមានទេពកោសល្យខ្ពស់
- 2017-10-19 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេកុមារីកូនកាត់ ខ្មែរ-អង់គ្លេស ចូលរៀនរបាំបាន២ខែ តែមានទេពកោសល្យខ្ពស់
ចន្លោះមិនឃើញ
កុមារី២រូបចូលហាត់របាំមិនទាន់បាន២ខែស្រួលបួលផង តែមានទេពកោសល្យខ្ពស់ អាចចេញសម្ដែងក្នុងពិធីសាសនាជាច្រើនលើក និងទទួលបានការសរសើរពីគ្រូបង្វឹកមិនដាច់ពីមាត់។
បើតាមគ្រូបង្ហាត់របាំដល់កុមារីទាំង២ លោក ហង់ ភូមិរ៉ា បានប្រាប់ឱ្យ Sabay ដឹងថា កុមារីទាំង២ត្បិតនៅអាយុតិចមែនតែពួកគេមានទេពកោសល្យខ្ពស់ ក្នុងការហាត់របាំ។ លោកបញ្ជាក់ថា ការហាត់រៀនរបាំមិនមែនជាការងាយស្រួលទេ ត្រូវពត់ជើងពត់ដៃស្ទើរគ្រប់ពេល តែក្មេងទាំង២មានការខំប្រឹងប្រែងជានិច្ច។ ចំពោះរបាំដែលកុមារីទាំង២នេះចេះមាន ក្បាច់បាត របាំជូនពរ របាំបុប្ផាលោកីយ៍ របាំនារីជាជួរ របាំទាន និងរបាំព្រាប។ កម្មវិធីដែលកុមារីទាំងពីចេញទៅសម្ដែងភាគច្រើន គឺជាកម្មវិធីក្នុងពិធីសាសនា ដោយធ្វើនៅតាមវត្តនានា។
“គាត់ចាប់បានច្រើនមែនទែន ក្បាច់គាត់ល្អសុក្រឹតភាព ខ្នាតអីលើកយកមកគឺត្រឹមត្រូវតាមក្បាច់របស់យើង គាត់ទាំងពីរនេះមានទេពកោសល្យប្រហាក់ប្រហែលគ្នា”។
កុមារី ម៉ាថា ជូលាន មានអាយុ១០ឆ្នាំ ប្អូនចូលរៀនរបាំជាមួយលោក ហង់ ភូមិរ៉ា ទើបតែបាន១ខែតែប៉ុណ្ណោះ ប៉ុន្តែពីមុនមក ប្អូនក៏ធ្លាប់រៀននៅសាលាបង្ហាត់របាំក្នុងវត្តឧណ្ណាលោមបានមួយរយៈពេលខ្លីដែរ។ ប្អូនស្រីជាកូនខ្មែរកាត់អង់គ្លេស ដោយម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអង់គ្លេស។ ប្អូនស្រីបានបញ្ជាក់ថា ការហាត់រៀនមានការលំបាក ព្រោះត្រូវពត់ដៃពត់ជើងឈឺតែប្អូនចូលចិត្តរាំរបាំ ព្រោះឃើញអ្នករាំផ្សេងទៀតរាំស្អាត។
ប្អូនស្រី ចិន្ដា ស្រីណុច មានអាយុ៨ឆ្នាំ ប្អូនចូលហាត់របាំរយៈពេល២ខែ តែប៉ុណ្ណោះ។ ហេតុដំបូងនាំឱ្យកុមារីរូបនេះ ចូលហាត់របាំគឺមកពីប្អូនបានឃើញក្រុមរបាំដែលគេបង្ហោះតាមបណ្ដាញសង្គមទើបប្អូនសុំម្ដាយមករៀនតែម្ដង។ ប្អូនបានត្អូញត្អែរពីការលំបាកក្នុងការហាត់រៀនថាមានការឈឺដៃឈឺជើងដែរ តែប្អូននៅតែខំរៀនព្រោះ ទៅថ្ងៃអនាគតប្អូនចង់ក្លាយទៅជាតួអប្សរា ក្នុងរបាំបុរាណ។
សិល្បករ ហង់ ភូមិរ៉ា បានឱ្យដឹងទៀតថា ខ្លួនកំពុងតែខំបង្ហាត់ក្រុមរបាំជំនាន់ទី៣នេះ ឱ្យកាន់តែមានសមត្ថភាពដើម្បីបានចេញទៅសម្ដែងក្នុងកម្មវិធីធំៗជាលក្ខណៈជាតិ។ ប្អូនស្រីទាំង២ ហាត់រៀនរបាំជាមួយលោក ហង់ ភូមិរ៉ា ក្នុងជំនាន់ទី៣។