Messi ស៊ុត​គ្រាប់​ទី​១០០​ យប់​មិញ​ទោះ Barcelona​ មាន​គ្នា​តែ​១០​នាក់​

  • 2017-10-19 00:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​បន្ត​ដំណើរ​កើប​៣​ពិន្ទុ​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ Olympiacos ៣-១ ក្នុង​ការ​ប្រកួត​ UEFA Champions League ​ពូល​ D។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Nou Camp ដែល​មាន​អ្នក​គាំទ្រ​ប្រមាណ​៥ម៉ឺន​នាក់​ ក្រុម​ម្ចាស់​ផ្ទះ​រក​ឃើញ​គ្រាប់​ដំបូង​នៅ​នាទី​១៨​ ប៉ុន្តែ​ជា​ការ​ទាត់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ Nikolaou បន្ទាប់​ពី​ព្យាយាម​រារាំង​បាល់​របស់​ Deulofeu។

លុះ​ដល់​នាទី​ ៤២​ Barcelona សល់​គ្នា​ត្រឹម​១០​នាក់​​បន្ទាប់​ពី Gerard Pique បាន​កាត​លឿង​២​ដង​ ស្មើ​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​។ នៅ​វគ្គ​ទី​ពីរ​នាទី​៦១​ តារា​ឆ្នើម​ Lionel Messi បាន​ទាត់​ Free Kick បញ្ចូល​ទី​យ៉ាង​ល្អ​ឲ្យ​ក្រុម​ ហើយ​វា​​ជា​គ្រាប់​បាល់​ទី​១០០​​របស់​គេ​នៅ​ Champions League។

រំលង​បាន​៣​នាទី​ខ្សែ​ការពារ​ឆ្វេង​ Lucas Digne បាន​ឡើង​មក​គាំទ្រ​តំបន់​ប្រយុទ្ធ​ហើយ​ស៊ុត​ទម្លុះ​រនាំង​ក៏​ដូច​ជា​អ្នក​ចាំ​ទី​ជួយ​ក្រុម​លោក​ Valverde កាន់​តែ​កក់​ក្ដៅ​សម្រាប់​ជ័យ​ជម្នះ​លើក​ទី​៣​ជាប់​គ្នា។ យ៉ាង​ណា​ក៏​ដោយ​នាទី ៩០ Nikolaouបាន​ឡើង​មក​តែត​បាល់​ជ្រុង​បាន​មួយ​គ្រាប់​សង​វិញ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​ Olympiacos៕

អត្ថបទ៖ វីរ៉ុត