មកដឹងពីប្រាក់កម្រៃសិល្បកររបាំបុរាណចេញសម្ដែងក្រៅប្រទេសម្តងៗ
- 2017-10-21 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រាក់កម្រៃសិល្បកររបាំបុរាណចេញសម្ដែងក្រៅប្រទេសម្តងៗ
ចន្លោះមិនឃើញ
សិល្បករផ្នែករបាំបុរាណដែលមានក្របខណ្ឌរដ្ឋចេញទៅសម្ដែងក្រៅប្រទេសម្ដងៗត្រូវបានរដ្ឋាភិបាល ជាអ្នកគិតប្រាក់ជូនសិល្បករទាំងអស់ ដោយគុណទៅតាមថ្ងៃដែលទៅ។
បើតាមប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពលោក ប៊ុត ចាន់ណា ប្រាប់ Sabay ថា ការនាំសិល្បករចេញទៅសម្ដែងរបាំនៅក្រៅប្រទេសម្ដងៗ សិល្បករដែលមានក្របខណ្ឌរដ្ឋ គឺរដ្ឋជាអ្នកផ្ដល់ប្រាក់(ប្រាក់ជាប់ហោប៉ៅ) ជូនដល់សិល្បករ ដោយគិតទៅតាមថ្ងៃដែលចេញទៅ។ ចំពោះចំនួនទឹកប្រាក់ដែលសិល្បករទទួលបានពេលចេញសម្ដែងក្រៅប្រទេស គិតទៅតាមតួនាទី និងតំណែងរបស់មន្ត្រីរដ្ឋ។
ទឹកប្រាក់រដ្ឋាភិបាលផ្ដល់ដល់សិល្បករ (ប្រាក់ជាប់ហោប៉ៅ) ពេលចេញសម្ដែងក្រៅប្រទេស៖
ប្រធាននាយកដ្ឋានទទួលបាន ៣០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
អនុប្រធាននាយកដ្ឋានទទួលបាន ២៥ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
ប្រធានការិយាល័យទទួលបាន ២៥ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
បុគ្គលិកទទួលបាន ២០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
លោកបញ្ជាក់បន្ថែមថា រាល់ការចេញទៅសម្ដែងនៅក្រៅប្រទេស ភាគច្រើនសិល្បករមិនទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសដែលអញ្ជើញនោះឡើយ ដោយប្រទេសខ្លះគ្រាន់តែជូនជាសំបុត្រយន្តហោះកន្លែងស្នាក់នៅ និងអាហារតែប៉ុណ្ណោះ។ លោកថាមួយរយៈចុងក្រោយនេះ ភាគច្រើនពេលសិល្បករចេញសម្ដែងក្រៅប្រទេស រដ្ឋាភិបាលជាអ្នកចេញថ្លៃសំបុត្រយន្តហោះឱ្យសិល្បករ។
“យើងជូនប្រាក់គាត់នេះ គិតទៅតាមថ្ងៃដែលធ្វើការទេ ព្រោះគាត់ជាបុគ្គលិករដ្ឋ ដូច្នេះរដ្ឋជាអ្នកចំណាយ ទោះទៅប្រទេសជិត ឬឆ្ងាយក៏ទទួលបានប៉ុណ្ណឹងដែរ បើគាត់ចេញទៅ១០ថ្ងៃ យើងយកប្រាក់ដែលគាត់បានក្នុង១ថ្ងៃគុណនឹង១០ទៅឃើញហើយ”។
បើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពដដែលនេះ គិតពីការនាំយករបាំបុរាណ និងរបាំប្រពៃណីចេញទៅសម្ដែងនៅក្រៅប្រទេសតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ បានសម្ដែងស្ទើរតែគ្រប់ទ្វីបលើសកលលោក ហើយបើគិតជាប្រទេស បានរាប់រយប្រទេសហើយ៕