ផល​ សោភ័ណ្ឌ​ ទៅ​រួច​អត់​ប៉ះ​ ឈោក​ ឆៃ​ លើក​ទី២

  • 2017-10-20 09:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ជើង​ខ្លាំង​មក​ពី​ខណ្ឌ​ដង្កោ​ ផល​ សោភ័ណ្ឌ​ នឹង​ឡើង​ប្រកួត​សងសឹក​ជា​មួយ​អ្នក​លេង​ជង្គង់​របស់​ថៃ​ ឈោក​ ឆៃ​ នៅ​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​តុលា​ ឆ្នាំ​២០១៧​ ឯ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។​

តាម​ការ​បង្ហាញ​ថា​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​កីឡាករ​ជើង​ខ្លាំង​សម្បូរ​ស្នៀត​ប្រយុទ្ធ​ ផល​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប្រកួត​សងសឹក​ជា​មួយ​អ្នក​ប្រដាល់​ពូកែ​លេង​ជង្គង់​របស់​ថៃ​ ឈោក​ ឆៃ​(Chhor kchai)​​សារ​ជា​ថ្មី។​ ការ​ប៉ះ​គ្នា​លើក​នេះ​ច្បាស់​ជា​ល្អ​មើល​ជា​មិន​ខាន​ ព្រោះ​អ្នក​ទាំង​ពី​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​ ត្រូវ​ការ​ជ័យជម្នះ​រៀងៗ​ខ្លួន​ ជា​ពិសេស​ ផល​ សោភ័ណ្ឌ​ តែ​ម្ដង​ព្រោះ​ធ្លាប់​ចាញ់​ម្ដង​ហើយ។​

កីឡាករ​ ឈោក ឆៃ

ផល​ សោភ័ណ្ឌ​ អាច​នឹង​យក​ជ័យជម្នះ​ពី​កីឡាករ​ថៃ​ខាង​លើ​នេះ​មក​វិញ​បាន​ ព្រោះ​គេ​មាន​សមត្ថភាព​ប្រកួត​រីកចម្រើន​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ណា​មួយ​កាយសម្បទា​រហ័សរហួន​ជាង​មុន​ទៅ​ទៀត​ក្រោយ​ហ្វឹកហាត់​ប្រដាល់​សកល​អំឡុង​ស៊ីហ្គេម​កន្លង​ទៅ​នេះ។​ ចំណុច​ដែល​អ្នក​ប្រដាល់​កម្ពុជា​មាន​សង្ឃឹម​ឈ្នះ​ទៀត​នោះ​ គឺ​ធ្លាប់​ដឹង​ស្នៀត​ ឈោក​ ឆៃ​ ម្ដង​ហើយ​ ដូច្នេះ​អាច​ថា​បំបែក​ក្បាច់​ជង្គង់​របស់​កីឡាករ​ថៃ​ខាង​លើ​បាន។​ ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ដែល​ឆ្លាត​ម្នាក់​នៅ​ពេល​ប្រកួត​ និង​មិន​ចេះ​តែ​វ៉ៃ​ចេញ​នោះ​ទេ​ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ឈ្នះ​រហូត​ហើយ​ទើប​យក​ប្រាក់​រង្វាន់​ម៉ារ៉ាតុង​របស់​ CNC​ ថ្មីៗ​ ស្រប​ពេល​កីឡាករ​ថៃ​ ឈោក​ ឆៃ​ ហាក់​រៀង​ធ្លាក់​ស៊ុហ្វ​បន្តិច​ហើយ​ ប្រកួត​ក៏​មិន​ជា​សូវ​ល្អ​ដូច​មុន​ឡើយ។​ .

ឈោក ឆៃ ពេល​ប៉ះ ឡៅ ចន្រ្ទា
ផល​ សោភ័ណ្ឌ​ ពេល​ឈ្នះម៉ារ៉ាតុង

គូ​រំលឹក​ថា​ កីឡាករ​ ផល​ សោភ័ណ្ឌ​ ធ្លាប់​ចាញ់​ជើង​ខ្លាំង​ ឈោក​ ឆៃ​ ម្ដង​រួច​មក​ហើយ​អំឡុង​ឆ្នាំ​២០១៥​ នា​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​របស់​ CNC​ ឥលូវ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ ​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​តុលា​ ២០១៧​ នេះ​ ចាប់​ពី​ម៉ោង​ ៤ល្ងាច​តទៅ។​ ចាំ​មើល​តើ​ ផល​ សោភ័ណ្ឌ​ អាច​សងសឹក​បាន​សម្រេច​ឬ​ទេ?​

អត្ថបទ៖ នួន ស៊ីណា​