Leonardo ទើប​ចាកចេញ ឥឡូវ​​គ្រូ​ប្រេស៊ីល​ម្នាក់​ទៀត​ លា​ឈប់​ពី​ក្លឹប​ធំ​បំផុត​​មួយ​នៅ​អាស៊ី

  • 2017-10-21 07:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល Luiz Felipe Scolari បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ក្លឹប​​ចិន Guangzhou Evergrande កាល​ពី​ថ្ងៃ​​ទី​ ១៩ តុលា កន្លង​ទៅ​ បន្ទាប់​ពី​ដឹកនាំ​​ក្លឹប​ទទួល​បាន​ជោគជ័យ​ជិត ​៣​​ ឆ្នាំ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។

ការ​សម្រេច​ចិត្ត​ដើរ​ចេញពីក្លិប​ដ៏​ធំ​របស់​ចិន​នេះ ស្របពេល​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​​​លោក Leonardo ត្រូវ​បាន​បញ្ឈប់​ពី​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​ដឹកនាំ​ក្រុម​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង។

​អតីត​គ្រូ​បង្វឹក​ Chelsea លោក Scolari វ័យ​៦៨​ឆ្នាំ ធ្លាប់​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក ដែល​បាន​ជួយ​ឲ្យ​ប្រេស៊ីល​លើក​ពាន​ World Cup 2002។

ការ​សម្រេច​ចិត្ត​មិន​បន្ត​កុង​ត្រា​ជាមួយ​ក្លឹប​យក្ស​នៅ​ចិន Guangzhou Evergrande ដែល​ជះ​លុយ​​​ដូច​ទឹក បន្ទាប់​ពី​លោក​ជាប់​បម្រាម​៣​ប្រកួត ​ពី​សមាគម​បាល់ទាត់​ប្រទេស​ចិន នៅ​ពេល​លោក​តវ៉ា​ជា​មួយ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ ក្នុង​អំឡុង​ការប្រកួត​ដ៏​ក្ដៅ​គគុក​ក្នុង​ក្របខ័ណ្ឌ Chinese Super League ដែល​បាន​ជួយ​ឲ្យ​ក្រុម​លោក​ឈ្នះ​ទាំង​​ប្រផឹតប្រផើយ​ លើ​ក្រុម Yanbian Funde FC លទ្ធផល ៤- ៣​។

បច្ចុប្បន្ន​ Guangzhou Evergrande ឈរ​នៅ​លេខ​១​ក្នុង​លីគ​កំពូល​ចិន​​មាន​៦១​ពិន្ទុ ក្នុង​ចំណោម​២៧​ប្រកួត តាម​ប្រកិត​ដោយ ​​Shanghai SIPG ឈរ​លេខ​២ មាន​៥៥ពិន្ទុ ហើយ​​នៅ​សល់​៣​ប្រកួត​ចុង​ក្រោយ​នឹង​​រក​ឃើញ​ថា​តើ​ក្រុម​លេខ​១ ឬ​ ក្រុម​លេខ​២ ​បណ្ដោះ​អាសន្ន​ដែល​នឹង​លើក​ពាន។ ខណៈ​អន្តរ​កាល​នេះ លោក​ Scolari បាន​ត្រឹម​​អង្គុយ​ទស្សនា​ការ​ប្រកួត​របស់​កូន​ក្រុម​ពី​កៅអី​អ្នក​ទស្សនា​ប៉ុណ្ណោះ។ ​

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល មិន​មាន​បំណង​ត្រលប់​ទៅ​ប្រេស៊ីល​វិញ​ទេ ​ហើយ​សង្ឃឹម​ថា​នឹង​មាន​តំណែង​មួយ​នៅ​អឺរ៉ុប ឬ ប្រទេស​នៅ​អាស៊ី​សម្រាប់​ World Cup ឆ្នាំ​ក្រោយ។ ប្រភព​ខាង​លើ​បន្ត។

​ជិត​៣​ឆ្នាំ​ Scolari បាន​ជួយ​ឲ្យ​ Guangzhou Evergrande លើក​ពាន​ធំៗ​៦​ដូចជា៖ Chinese Super League ២​លើក Chinese Cup ១​លើក Chinese Super Cups ២​លើក និង​ពាន​រង្វាន់​ធំ​បំផុត​របស់​ទ្វីប​អាស៊ី Asian Champions League ១លើក និង​ចុង​ក្រោយ​ចាំ​អ៊ុត​មើល​៣​​ប្រកួត​ចុង​ក្រោយ ក្នុង​លីគ​កំពូល​ចិន អាច​ជា​ពាន​ទី​៧​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឬ​យ៉ាងណា៕

ប្រភព៖ Reuters   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម