កម្ពុជា​នៅក្នុង​​ចំណោមប្រទេស​តូច​ទាំង​ ៦ ​សម្រាប់​តេស្ត​ការ​បំបែក​ News Feed ជា​ពីរ

  • 2017-10-24 02:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស​ Facebook បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ពួក​គេ​កំពុង​តេស្ត​លើ​​ការ​​ចែក​ News Feed ជា​ពីរ​​ ដើម្បី​ធ្វើ​ឲ្យ​​ Page ​មួយ​ចំនួន​​បង្កើន​ការ​ជួល​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​លើ​ Facebook​។

កន្លង​មក​ News Feed របស់​ Facebook តែង​បង្ហាញ​នូវ​រូបភាព​ពី​មិត្តភ័ក្ដិ​, ការ​អាប់ដេត​ Status ផ្សេងៗ, ​ផ្ទាំង​ពាណិជ្ជកម្ម និង​បង្ហាញ​ Post ​របស់​​ Page ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចុច​ Like ជា​ដើម។ ​ដោយ​ឡែក​ចំពោះ​ការ​សាក​ល្បង​នេះ​នឹង​​ផ្ដល់​ News Feed ចំនួន​ពីរ​ដល់​អ្នក​ប្រើ​ប្រាស់​ ដោយ​ទី​មួយ​​ (News Feed ធម្មតា) ផ្ដោត​លើ​​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​ និង​ទី​ពីរ​ (Explore Feed) ជា​កន្លែង​សម្រាប់​បង្ហាញ​ Page ដែល​អ្នក​បាន​ចុច​ Like។

ការ​ផ្លាស់​ប្ដូរ​នេះ​អាច​បង្ខំ​ឲ្យ​​ម្ចាស់​ Page ទាំង​ឡាយ​មិន​ថា​ជា​​អ្នក​ធ្វើ​ជំនួញ, តារា​ ឬ ​អ្នក​សារព័ត៌មាន ​ត្រូវ​​ចាយ​លុយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រសិន​បើ​ចង់​ឲ្យ​ Post របស់​ខ្លួន​បង្ហាញ​នៅ​លើ​ News Feed ​​ដែល​ផ្ដោត​លើ​​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ។

ការ​សាក​ល្បង​នេះ​​​ដែរ​កំពុង​តែ​ធ្វើ​ឡើង​ក្នុង​ប្រទេស​តូចៗ​ចំនួន​ ៦ រួម​មាន​ កម្ពុជា, បូលីវី, ហ្គាតេម៉ាឡា, ស្លូវ៉ាគី, ស្រីលង្កា​ និង ប្រទេស​ស៊េប៊ី ដោយ​ទំនង​​ជា​មាន​រយៈពេល​រាប់​ខែ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ Adam Mosseri នាយក​ជាន់​ខ្ពស់​របស់​ Facebook ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​​ News Feed។

Adam បន្ថែម​ថា​ក្រុមហ៊ុន​មិន​​មាន​គម្រោង​នឹង​​ធ្វើ​ការ​សាក​ល្បង​ជា​សកល​លោក​ នូវ​ការ​បំបែក​ News Feed នេះ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទាំង​ ២ ពាន់​លាន​នាក់​របស់​ខ្លួន​នោះ​ទេ។

ប្រទេសកម្ពុជា​ចាប់​ផ្ដើម​រង​ឥទ្ធិពល​ពី​ការ​សាក​ល្បង​នេះ​តាំង​ពី​សប្ដាហ៍​កន្លង​ទៅ​ ដែល​បណ្ដាល​ឲ្យ​ចំនួន​ចុច​ Like, Share និង​ចំនួន​​ចុច​​ចូល​ទៅ​កាន់​វិបសាយ​ព័ត៌មាន​មួយ​ចំនួន​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក៕

​​

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខហេង