កុំ​ឲ្យ​ភ្ញៀវ​និយាយ​ដើម​​ហុយ​ពេញ​ភូមិ​រឿង​ម្ហូប​ការ​អត់​ឆ្ងាញ់ នេះ​នែ តិចនិក​មើល​ដឹង​ចុងភៅ​ធ្វើ​ម្ហូប​ការ​ឆ្ងាញ់​ក៏​អត់!

  • 2017-10-24 09:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​មុន Sabay បាន​ចេញ​ផ្សាយ​អត្ថបទ​ពី​វិធី​រើស​សម្អាង​ឲ្យ​ត្រូវ សម្រាប់​​អ្នក​ជិត​រៀប​ការ កុំ​ឲ្យ​ខក​ចិត្ត​ថ្ងៃ​ការ។ ឥឡូវ យើង​និយាយ​ពី​រឿង​ម្ហូប​ការវិញ​ម្ដង ព្រោះ​មិន​មែន​រឿង​លេង​សើច​ទេ បើ​ម្ហូប​ថ្ងៃ​ការ​យ៉ាប់ សាច់​ញាតិ និង​ភ្ញៀវ​អី ដឹង​តែ​និយាយ​ដើម​ហ៊ុយ។ ម្ហូប​សមរម្យ ឬ​ក៏​ឆ្ងាញ់​កប់​ទៀត​នោះ ស្រួល​មិន​ស្រួល ភ្ញៀវ​អាច​ចង​ដៃ​កាន់​តែ​ច្រើន​ក៏​ថា​បាន។ ខាង​ក្រោម​ជា​តិចនិក​​រើស​ចុងភៅ​ការ​ឲ្យត្រូវ ធ្វើ​ម្ហូប​ឆ្ងាញ់ ហើយ​បាន​តម្លៃ​សមរម្យ៖

១. ចិត្ត​គិត​ចង់​បាន​ម្ហូប​មួយ​តុ​តម្លៃ​ម៉ាន?

ត្រង់​នេះ ជា​កន្លែង​សំខាន់​ជាង​គេ​បំផុត​ត្រូវ​ពិចារណា ព្រោះ​ម្ហូប​ឆ្ងាញ់​មិន​ឆ្ងាញ់ ស្អាត​មិន​ស្អាត (អនាម័យ) ពេល​ខ្លះ ក៏​ពាក់ព័ន្ធ​នឹង​តម្លៃ​ដែរ។ ម្ហូប មាន ថោក សមរម្យ ថ្លៃ និង​ថ្លៃ​កប់​ពពក។ អ៊ីចឹង ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា មាន​កញ្ចប់​លុយ​ប៉ុន្មាន​សម្រាប់​ម្ហូប​ក្នុង​មួយ​តុ ដើម្បី​ងាយ​ស្រួល​ចរចា និង​សារ៉េ​ ពេល​ទៅ​ជួប​ចុងភៅ។ ជួប​ចុងភៅ​កាន់​តែ​ច្រើន អាច​ជ្រេ​បាន​តម្លៃ​ល្អ ម្ហូប​ឆ្ងាញ់​កាន់​តែ​ច្រើន។

ត្រូវ​ចាំ​ថា ម្ហូប​ឆ្ងាញ់​ត្រូវ​មាត់​ភ្ញៀវ ភ្ញៀវ​អាច​ចង​ដៃ​ច្រើន​ដែរ។ ណា​មួយ វា​សមរម្យ​សម្រាប់​ភ្ញៀវ​សង​ខាង​ផង។

២. សួរ​អ្នក​មាន​បទ​ពិសោធ​ផ្ទាល់

ឲ្យ​តែ​ដល់​ពេល​ការ មិន​ខ្វះ​ទេ សាច់​ញាតិ​បង​ប្អូន ជួយ​ណែនាំ​ឲ្យ​យក​ចុង​ភៅ​នេះ ចុង​ភៅ​នោះ។ សំខាន់​ត្រង់​ថា អ្នក​ដែល​ណែនាំ​ហ្នឹង មាន​បទ​ពិសោធ​ខ្លួន​ឯង​ផ្ទាល់ (ការ​ខ្លួន​ឯង ឬ​ការ​កូន) ឬ​ដឹង​តៗ​តាម​គេ។ យក​ល្អ គួរ​សួរ​យោបល់​ពី​អ្នក​មាន​បទ​ពិសោធ​ផ្ទាល់ ឬ​មិត្តភ័ក្ដិ​ជា​សាច់​ញាតិ​របស់​ចុងភៅ ល្អ​ជាង សួរ​យោបល់​អ្នក​ដែល​ស្គាល់​តៗ​គ្នា។ កុំ​ភ្លេច​សួរ​បញ្ជាក់​ពី​លំដាប់​តម្លៃ​ណា​ត្រូវ​នឹង​លំដាប់​ម្ហូប​ណា​ផង។

៣. Save ឈ្មោះ និង​លេខ​ចុងភៅ​ទុក ពេល​ទៅ​ញ៉ាំ​ការ​ម្ដងៗ

បើ​ប្រទះ​ម្ហូប​ឆ្ងាញ់ ហើយ​ស្អាត (អនាម័យ) ពេល​ទៅ​ញ៉ាំ​ការ ត្រូវ save លេខ និង​ឈ្មោះ​ទុក ក្រែង​លោក​មាន​ការ​ថ្ងៃ​ក្រោយ។ វិធី​នេះ អាច​ថា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​មិន​ងាយ​ខុស ព្រោះ​បាន​ឃើញ និង​ភ្លក់​រសជាតិ​ផ្ទាល់។ ឆ្ងាញ់​មិន​ឆ្ងាញ់ ដឹង​គ្នា​ហើយ​អា​ហ្នឹង!

៤. ភ្លក់

ចាស់​ថា «បាន​ឮ ១០ ដង មិន​ស្មើ​នឹង​បាន​ឃើញ​ម្ដង»! ដូច​គ្នា បើ​ចង់​ច្បាស់​មិន​ឲ្យ​ខុស​រឿង​រសជាតិ គឺ​ត្រូវ​ចំណាយ​ឲ្យ​ចុងភៅ​ធ្វើ​ម្ហូប​ឲ្យ​យើង​ភ្លក់​សាក​មើល។ ប៉ុន្តែ ទម្លាប់​នេះ ធ្វើ​ឡើង​សម្រាប់​តែ​អ្នក​មាន ដែល​ជ្រើស​យក​ម្ហូប​ថ្លៃៗ​អី​ហ្នុង​ប៉ុណ្ណោះ។

៥. សួរ​បញ្ជាក់​ចុង​ភៅ​រឿង​តូចៗ តែ​សំខាន់​ប៉ុន​ភ្នំ

  • បរិមាណ និង​គុណភាព​ម្ហូប៖ ជឿ​ថា ១០០ ទាំង ១០០ ប្រាកដ​ជា​ត​ថ្លៃ​ម្ហូប​ហើយ ឯ​ចុងភៅ​ចង់​មិន​ចង់​ត្រូវ​បញ្ចុះ​ខ្លះ​ដែរ មិន​អាច​ថា​នៅ​រឹង​តម្លៃ​នោះ​ទេ។ ស្នៀត​មួយ គឺ​សួរ​បរិមាណ​ម្ហូប​ក្នុង​មួយ​ចាន​ថា ចុងភៅ​ដាក់​ពេញ​កម្រិត​ប៉ុណ្ណា។ បើ​អាច សុំ​មើល​រូបភាព​គំរូ។ សំណួរ​នេះ ត្រូវ​សួរ​មុន​ត​ថ្លៃ ដើម្បី​ក្រោយ​ត​ថ្លៃ​ហើយ បរិមាណ​នៅ​ដដែល។ ចុងភៅ​ខ្លះ ចុះ​ថ្លៃ​មែន តែ​បរិមាណ​ម្ហូប​ក៏​ចុះ​តាម​ហ្នឹង​ដែរ។ បើ​មាន​គ្រឿង​សមុទ្រ ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ស្រស់​មិន​ស្រស់ ចៀសវាង​យក​អា​អន់​ពេក មក​ដាក់​នាំ​ធុំ​ក្លិន​ញ៉ាំ​អត់​កើត។
  • អនាម័យ៖ ម្ហូប​ឆ្ងាញ់ តែ​គគ្រិច​ មាន​ភ្ញៀវ​ណា​លេប​ចូល។ គគ្រិច សំដៅ​លើ​ចាន សម្លៀក​បំពាក់​ចុង​ភៅ (អ្នក​លើក​ម្ហូប) មិន​សមរម្យ ក្អែល​ឡើង​កាន់។ បើ​អាច សុំ​មើល​រូបភាព។
  • ចាន កែវ និង​រោង៖ បើ​រៀបចំ​ពិធី​នៅ​ហាង​ទាំង​អស់ មិន​អី​ទេ ព្រោះ​ចាន កែវ រោង​អី ខាង​ហាង​អ្នក​រៀបចំ។ តែ​បើ​រៀបចំ​ពិធី​នៅ​ផ្ទះ ញ៉ាំ​នៅ​ហាង ចុងភៅ​ជា​អ្នក​រ៉ាប់រង​រឿង​ធ្វើ​រោង ចាន កែវ សម្រាប់​ពិធី​នៅ​ផ្ទះ។ ត្រូវ​ជជែក​ឲ្យ​ច្បាស់​ពី​ការ​ដេគ័រ​រោង ប្រភេទ​កែវ និង​ចាន ដោយ​សុំ​មើល​រូបភាព ឬ​របស់​គំរូ ចៀស​វាង​ខុស​ចិត្ត​នៅ​ថ្ងៃ​ការ​នាំ​មួម៉ៅ៕

អត្ថបទ ថា ម៉ាលីដា