អ្នក​សិល្បៈ​១០​រូប​ជួប​រឿង​សោកសង្រេង​ និង​តក់ស្លុត​​​បំផុត​នៅ​ឆ្នាំ​២០១៧

  • 2017-10-25 03:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដ៏​សោកសង្រេង​​ និង​តក់ស្លុត​ខ្លាំង​​បំផុត​សម្រាប់​​​ក្រុម​គ្រួសារ​អ្នក​សិល្បៈ​ ក៏​ដូច​ជា​សិល្បករ​ និង សិល្ប​ការិនី បាន​ស្លាប់​បាត់​បង់​ជីវិត​ជា​បន្ត​បន្ទាប់​គិត​ត្រឹម​ដើម​ឆ្នាំ​ ២០១៧ ​មក​ដល់​ចុង​ឆ្នាំ​ ២០១៧ នេះ​។ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​សិល្បករ​ និង​សិល្ប​ការិនី ១០ រូប​​​បាន​ជួប​ប្រទះ​រឿង​រ៉ាវ​រន្ធត់​ និង​តក់ស្លុត​ជា​បន្ត​បន្ទាប់​រួម​មាន​៖

១/ លោក អ៊ា វឌ្ឍនា ​ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៅ​ផលិត​កម្ម​ថោន និង​ជា​ស្ថាបនិក​ក្រុម​ EV Band ​​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​នៃ​ប្រទេស​បារាំង​ ដោយ​ជំងឺ​បែក​ទឹក​ប្រមាត់​។ ការ​ស្លាប់​របស់​លោក ធ្វើ​ឲ្យ​​អ្នក​សិល្បៈ​ និង​មហា​ជន​ដែល​ស្គាល់​រូប​លោក​ក្រៀម​ក្រំ​ខ្លាំង​បំផុត​ផង​ដែរ​។

២/ អ្នក​ផលិត​កម្ម​វិធី​កីឡា​​ដ៏​ល្បី​ល្បាញ​ និង​ជា​អ្នក​និពន្ធ​ម្នាក់​ លោក ម៉ា សេរី បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ទី​ ៨ ខែ កុម្ភៈ​ ឆ្នាំ ២០១៧ ដោយ​ជំងឺ​មហា​រីក​ថ្លើម​ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​។ មរណភាព​របស់​លោក​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​ និង​មហា​ជន​ជា​ច្រើន​ក្ដុក​ក្ដួល​​យ៉ាងខ្លាំង​។​

​៣/ តារា​ចម្រៀង​លោក រិន សាវ៉េត បាន​បាត់​បង់​​​ប្រពន្ធ​ជា​ទី​ស្រលាញ់​​ ដោយ​ជំងឺ​សួត និង​​មហារីក​​ ដំណាក់​កាល​ចុង​ក្រោយ​បាន​រាល​ដល់​ខួរ​ក្បាល​ព្យាបាល​ព្យាបាល​មិន​ជា​សះស្បើយ​ ក៏​បណ្ដាល​ឲ្យ​ស្លាប់​​កាល​ពី​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ​២០១៧​ ​ក្នុង​អាយុ​ ៣៧ ឆ្នាំ ។

៤/ នាយ ហុងដា ក៏​មិន​ខុស​ពី​លោក រិន សាវ៉េត ប៉ុន្មាន​ដែរ​​ ភរិយា​ក្រោយ​របស់​នាយ ​​ត្រូវ​បាន​កូន​ប្រុស​បង្កើត​ជាមួយភរិយាមុន សម្លាប់​ឲ្យ​ស្លាប់​ទាំង​វ័យ​ក្មេង​​ កាល​ពី​ថ្ងៃ​ទី​ ១១ ខែ ឧសភា ឆ្នាំ ២០១៧ ​ធ្វើ​ឲ្យ​តារា​កំប្លែង​ខាង​លើ​នេះ​តក់ស្លុត​ និង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ជុំវិញ​ការ​បាត់​បង់​ប្រពន្ធ​ជា​ទី​ស្រលាញ់​។​​

៥/ ពិធី​ករ​ចាស់​វស្សា​​សម្បូរ​ទៅ​ដោយ​វោហារ​ស័ព្ទ​​លោក អ៊ិត សេដ្ឋា បាន​​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​៤​ ខែ មិថុនា ឆ្នាំ​ ២០១៧ ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​​ ដោយ​ជំងឺ​ក្រិន​ថ្លើម​យូរ​បណ្ដាល​ទៅ​ជា​ជំងឺ​មហា​​រីក​ រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​។ ការ​បាត់​បង់​ជីវិត​ លោក អ៊ិត សេដ្ឋា ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​សោក​​​ស្ដាយ​យ៉ាង​ខ្លាំង​​ព្រោះ​ជាការបាត់​បង់​ធន​ធាន​ដ៏​កម្រ​​មួយ​។

៦/ តារា​ពហុ​ជំនាញ​លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ក្រោយ​ពី​ត្រលប់មក​ពី​សម្ដែង​នៅ​អាមេរិក​​បាន​ប៉ុន្មាន​ថ្ងៃ​ផង អ្នក​ម្ដាយ​របស់​ខ្លួន​ក៏​បាន​​ទទួល​មរណភាព នៅថ្ងៃ​ទី​ ១០ ខែ កក្កដា ឆ្នាំ ២០១៧​​​ នៅ​គេហដ្ឋាន​ ទី​រួម​ខេត្ត​កំពង់​ស្ពឺ​ ក្នុង​ជន្មាយុ ៧០ ឆ្នាំ ដោយ​ជំងឺ​សួត​ឈឺ​រ៉ាំ​រៃ​ ធ្វើ​ឲ្យ​ រ៉ូលីន ក្រៀម​ក្រំ​ចិត្ត​យ៉ាង​ខ្លាំង​។

៧/អតីត​តារា​ចម្រៀង​ផលិតកម្ម ​Rock លោក ឈុំ រតនា បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ៨ ខែតុលា ឆ្នាំ ២០១៧ កន្លង​ទៅ​ ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ដំណាក់​កាល​ចុង​ក្រោយ​។

៨/តារា​ចម្រៀង​អ្នកនាង សាន ស្រីឡៃ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ តុលា ឆ្នាំ ២០១៧ ដោយ បុរស​ជា​ប្ដី​បាញ់​សម្លាប់​ នៅ​ហាង​កែ​សម្ផស្ស​មួយ​កន្លែង ស្ថិត​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេង​កង១ ខណ្ឌ​ចំការមន ហើយ​បន្សល់​​ទុក​នូវ​កូន​ប្រុស​២​នាក់ ​កំព្រា​​ទាំង​ឪពុក​ និង​ម្ដាយ​​ ក្រោម​ការ​​មើល​ថែ​រក្សា​របស់​ជីដូន​ជា​ស្ត្រី​មេម៉ាយ​។

៩/តារា​ចម្រៀង​ និង​កំប្លែង​ ស្រីតុ និង​ ស្វាមី បាន​ជួប​រឿង​​​ក្រៀម​ក្រំ​ និង​សោកសៅ​បំផុត​កាល​ពី​ ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០១៧ កន្លង​ផុត​ទៅ​ដោយ​ប្អូន​ស្រី​ជីដូន​មួយ​​បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្រោយ​ពី​រឿង​ឃាត​កម្ម​បាញ់​សម្លាប់​ អ្នកនាង សាន ស្រីឡៃ បាន​មួយ​ថ្ងៃ​។

១០/ តារា​សម្ដែង​​សិច​ស៊ី​​​ សាច់​សខ្ចី​ អ្នក​នាង ​វ៉ា នួនសុភា ហៅ កែវ សុរិយា អាយុ ២៩ ឆ្នាំ​ បាន​ចង​ក​ធ្វើ​អត្តឃាត​​​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ ២០១៧ ​បន្ទាប់​ពី​​បាន​លែង​លះ​គ្នា​ជាមួយ​ស្វាមី​រយៈ​ពេល​​កន្លះ​ឆ្នាំ​មក​នេះ​៕​​​​​

 ​

អត្ថបទ៖ ឆុង ស៊ីណាន