មិន​ធម្មតា! ទូត​អាមេរិក​គ្រោង​ផ្ដល់​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ឲ្យ យឹង យន ផលិត Original Song

  • 2017-10-25 03:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង លោក យឹង យន បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​​​មុខ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នឹងរៀបចំ​កម្មវិធី​សម្ពោធ Album Original Song​ ឲ្យលោក ដោយ​កម្មវិធី​នោះ គ្រោង​ចំណាយ​ខ្ទង់​១ម៉ឺន​ដុល្លារ បូក​ទាំង​ការ​រៀបចំ​​ពិធី និង ការ​ផលិត​បទ​ចម្រៀង​បន្ត។

លោក យឹង យន បាន​រៀប​រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ស្ថាន​ទូត​អាមេរិក គាំទ្រ​ស្នាដៃ​របស់​លោក​បែប​នេះ ក៏​ព្រោះ​តែលោក​ធ្លាប់​​ផលិត Original song ជា​ច្រើន​បទ​ទាក់​ទង​នឹងសម្រស់​នៅ​ទឹក​ដី​​អាមេរិក មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​​ទាំង​នៅ​អាមេរិក ក៏​ដូច​នៅ​ប្រទេស​កម្ពុជា។

"រឿង​នេះ ផ្ដើម​ចេញ​កម្មវិធី​១ ឈ្មោះ ONE BEAT ទូត​​អាមេរិក​​បាន​ឲ្យ​​​ខ្ញុំ​ទៅ​ច្រៀង​និង​​​ធ្វើ​សិក្ខាសាលា​នៅ​អាមេរិក​ខែ កាល​ឆ្នាំ២០១៣ កាល​ណោះ​ខ្ញុំ​និពន្ធ​បទ"សម្រស់​ហ្វូរីដា" បទ​ហ្នឹង​ជាប់​លេខ​២​កម្មវិធី​ Hear My Song របស់​Sabay គេ​គាំ​ទ្រ​ច្រើន ​ហើយ​បន្ទាប់​មក​ខ្ញុំ​និពន្ធ​បទ​ជា​ច្រើន​ទៀត​ទាក់​ទង​មេរិក ដោយ​ឃើញ​ស្នាដៃ​​បង្ហាញ​ពី​ទំនាក់ទំនង​វប្បធម៌​ខ្មែរ-អាមេរិក​​បែប​​នេះ ទូត​គេ​ឲ្យ​ខ្ញុំ​សរសេរ Proposal សុំ​ថវិកា​មួយ​ចំនួន ដើម្បី​ផលិត​ឲ្យ​ចេញ​ជាAlbum “ លោក យឹង យន លើក​ឡើង។

តារា​ចម្រៀង​រូប​នេះ​​បាន​បន្ត​ទៀត​ថា Album Original song ដែល​ទូត​អាមេរិក​គ្រោង​​រៀបចំ​កម្មវិធី​សម្ពោធ​ឲ្យ​លោក មាន​ទាំង​អស់​១១បទ ដោយ​នៅ​ក្នុង​នោះ​បទ​ចម្រៀង​ដែល​ថត​ជា​MV​រួច​មាន​៤បទ នៅ​សល់​៧បទ គ្រោង​ថត​បញ្ចប់ បន្ទាប់​ពី​ទទួល​បាន​ថវិកា​ ក្រោយ​ការ​រៀប​ចំ​​ពិធី​រួច។ កម្មវិធី​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៥ ខែ ធ្នូ ឆ្នាំ ២០១៧ នៅ CKCC ដោយ​គ្រោង​អញ្ជើញ​​ភ្ញៀវ​ខ្ទង់​៤០០នាក់​ចូល​រួម។ ជា​មួយ​គ្នា​នោះ​ក៏​មាន ការ​ដាក់​​ដល់Album របស់​លោក​ផង។

Album Original song ទាំង​១១បទ​នោះ លោក យឹង យន បាន​ប្រាប់​ថា តាម​គម្រោង​មិន​មែន​ច្រៀង​តែ​លោក​ម្នាក់​ឯង​ឡើយ ពោល​គឺ​មាន​តារា​ចម្រៀង​ស្រី​៣នាក់​ផ្សេង​ទៀត​ដោយ​ពួក​គេ​ច្រៀង​ក្នុង​ម្នាក់​១បទ គឺ អ៊ុន ស្រីលីស, គ្រីប លក្ខិណា និង ចាន់ វណ្ឌី។ លោក​ថា ទាំង​ការ​រៀប​ចំ​កម្មវិធី​ខាង​លើ និង ថវិកា​ទុក​សម្រាប់​ផលិត​បទ​ចម្រៀង​៧បទ​បន្ថែម​ទៀត ប្រហែល​ជា​ជិត១ម៉ឺនដុល្លារ។

ជុំ​វិញ​ទំនាក់ទំនង​វប្បធម៌​សិល្បៈ​ខ្មែរ​អាមេរិក​នេះ ​កន្លង​មក យឹង យន ធ្លាប់ និពន្ធ​​ចម្រៀង​៤បទ​មក​ហើយ មាន បទ​ទី"សម្រស់​ហ្វូរីដា",បទ "អនុស្សាវរីយ៍មិនីសូតា",បទ" លាហើយឈីខាហ្គោ",បទ"កូឡាបឡូវែល" ជា​ដើម។ ជា​មួយ​គ្នា​នោះ លោក​ធ្លាប់​​ទៅ​ច្រៀង​នៅ​ទឹក​ដី​អាមេរិក​ចំនួន​៤លើក​មក​ហើយ គឺ​នៅ​ឆ្នាំ ២០១៣ ម្ដង នៅ​ឆ្នាំ ២០១៥ ម្ដង និង ឆ្នាំ ២០១៦ ចំនួន​២​ដង។ តារា​ចម្រៀង​រូប​​នេះ សង្ឃឹម យ៉ាង​មុខ​មាំ​ថា ក្រោយ​ផលិត Album Original song នេះ​រួច លោក​នឹង​កាន់​តែ​មាន​ឱកាស ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​មហាអំណាច​នេះ កាន់​តែ​ញឹក​ថែម​ទៀត។

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម