យី កក្កដា សិល្ប​ករ​ពហុ​ជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មាន​ប្រវត្តិ​កំសត់​នឹក​ស្មានមិនដល់​

  • 2017-10-26 03:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អាយុ​ទើប​តែ​២២​ឆ្នាំ​ សិល្ប​ករ ពហុ​ជំនាញ កក្កដា ចេះ​ទាំង​​គូរ​​គំនូរបុរាណ​ សម័យ​ ទាំង​លើ​ជញ្ចាំង​ ​និង​លើ​កំណាត់​ ឬ​ក្រដាស​។ លើស​ពី​នោះគឺ​មានទេពកោសល្យ គូរ​រូប​២​ផ្ទាំង​ដោយ​ប្រើ​ដៃ​ពីរ​ក្នុង​ពេល​តែ​មួយ​។

បន្ថែមពីលើជំនាញខាងលើនេះ កក្កដា ​ក៏​អាច​លេង​ភ្លេង​ ថែម​ទាំង​ចេះ​ឆ្លាក់​រូប​បាន​ទៀត​ផង​ ដោយបច្ចុប្បន្ន​រូបគេ​អាច​រក​ចំណូល​បាន​ខ្ទង់​ពាន់​ដុល្លា​ជា​រៀង​រាល់​ខែ ក៏​ប៉ុន្តែយើង​មិន​នឹកស្មាន​ដល់​ថា​យុវ​ជន​រូប​នេះ​ធ្លាប់​ឆ្លង​កាត់​ប្រវត្តិ​ដ៏​កំសត់​ ទម្រាំមានថ្ងៃនេះ។

កាល​ពី កក្កដា អាយុ ៤ឆ្នាំ ឪពុក​​ក៏បាន​មរណភាព​ ហើយ​រហូត​ដល់​ខ្លួន​មាន​អាយុ​ ១០​ឆ្នាំ ម្តាយ​រ ក៏​ឈឺ​ស្លាប់​ទៀត។ ក្រោយពីអ្នកមានគុណទាំងពីរលាចាកលោក កក្កដា ត្រូវ​រស់​នៅ​ខ្លួន​ទី​ពឹង​ខ្លួន​ ជា​មួយ​បង​ប្អូន​រហូត​ដល់​ទៅ​៨​នាក់​។

​ជា​ក្មេង​ដែល​អណ្តែត​ត្រ​សែត ត្រាច់​ចរ​តាម​បង​ស្រី​ដើម្បី​រកស៊ី​លក់​ដូរ​សម្លៀកបំពាក់​ ហើយ​និង​ខិត​ខំ​រៀន​រស់​ដោយ​ពឹង​លើ​សមត្ថភាព​ខ្លួនឯង​ ដូច​ជា​ស៊ី​ឈ្នួល​រត់​តុ​គុយ​ទាវ​ កាហ្វេ​ ឬ​ការងារ​សំណង់​ជា​ដើម​ និយាយ​រួម​ការងារ​អ្វី​ក៏​ដោយ​ឲ្យ​តែ​គេ​ឲ្យ​លុយ គឺធ្វើទាំង​អស់​ដើម្បី​ចិញ្ចឹម​ជីវិត​។

ដោយ​សារ​ជីវ​ភាព​ក្រី​ក្រ កក្កដា មិន​បាន​រៀន​សូត្រ​សាលា​ចំណេះ​ដឹង​ទូទៅ​បាន​ចប់​ថ្នាក់​ទី​១២​នឹង​គេ​នោះ​ទេ​។

ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ទៀត ដែល​យុវ​ជនចិត្ត​ស៊ូ​ម្នាក់​នេះ​ក្លាយ​ខ្លួន​ជា​សិល្បករ វិចិត្រករ ដោយ​ចូល​សាលា​រៀន​សិល្បៈ​មួយនៅ​ខេត្ត​បាត់​ដំបង​បាន​ត្រឹម​តែ ​២ ទៅ ៣ខែ រូប​គេ​ក៏​ចេញ​ប្រឡូក​​ការងារ​សិល្បៈ​គំនូរ​នេះ​ តែ​ស្នាដៃ​មិន​ធម្មតា​។ រូប​គំនូរ​របស់​កក្តដា ធ្លាប់​ទទួល​បាន ប័ណ្ណ​សរសើរ និង​មេដាយកិត្តិយស​ពី​អង្គការ​យូ​នេស្គូ​ប្រចាំ​នៅ​កម្ពុជា​ទៀត​ផង​។

ត្បិត​តែ​មិន​ទទួល​បាន​ការ​អប់រំ​ខ្ពង់​ខ្ពស់​ តែយុវជន​ដែល​មាន​ស្រុក​​កំណើត​នៅ​ខេត្ត​បាត់​ដំបងរូប​នេះ តែង​លើក​តម្លៃ​ការ​សិក្សា​អប់រំ​ ហើយ​រូប​គេក៏​តែង​តែ​ចូល​រួម​ចំណែក​តាម​សម​ត្ថភាព​ ក្នុង​ការងារ​សង្គម​ ដោយ​យក​ថវិកា​ដែល​រក​បាន​ពី​ការងារ​សិល្បៈ​ទៅ​ធ្វើ​ជា​គំនូរ​បែប​អប់​រំ​ សិល្បៈ​ចែក​រំលែក​នានា តាម​សា​ធារ​ណៈ និង​តាម​មណ្ឌល​ក្មេង​កំព្រា​ជា​ដើម​។

ចំពោះបំណងប្រាថ្នាទៅអនាគត សក្កដា លើក​ឡើង​ថា​ខ្លួន​ចង់​ធ្វើ​ឲ្យ​សិល្បៈ​ខ្មែរ​ ពិសេស​សិល្បៈ​នៃ​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​មាន​ការ​ទទួល​ស្គាល់​ដល់​បរទេស និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​៕

អត្ថបទៈ Sunny