TJ Cruiser ជា​ឡាន Minivan កូន​កាត់​ SUV

  • 2017-10-26 21:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TJ Cruiser គឺ​ជា​ប្រភេទ​រថយន្ត​ Minivan កាត់​ SUV មួយ​ប្រភេទ​ដែល​ Toyota បាន​បង្ហាញ​ចេញ​ក្នុង​តាំង​ពិពណ៌​រថយន្ត​ Tokyo Motor Show ឆ្នាំ​ ២០១៧។

TJ Cruiser មាន​រូបរាង​ជ្រុងៗ​ដោយ​ Toyota អះអាង​ថា​រចនាបថ​នេះ​ផុស​ចេញ​ពី​ប្រអប់​ដាក់​ឥវ៉ាន់​ដែល​មាន​រាង​ជ្រុង ហើយ​ផ្នែក​ខាង​ក្នុង​វិញ​រចនា​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យុវវ័យ​ដែល​ចូល​ចិត្ត​ដើរ​​កម្សាន្ត។ រូបរាង​របស់​រថយន្ត​ Concept នេះ​ហាក់​មិន​ជា​ទាក់​ទាញ​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​វា​មាន​ចំណុច​គួរ​ចាប់​ចិត្ត​មួយ​ចំនួន​ដូច​ជា​​ទ្វារ​គូថ​ឡាន​​លាប​ពណ៌​ដោយ​សារធាតុ​ពិសេស​​អាច​ធន់​នឹង​ភាព​ឆ្កូត និង​មាន​ទ្វារ​សង​ខាង​ជា​​ប្រភេទ​រុញ​ងាយ​ស្រួល​សម្រាប់​ជញ្ជូន​ឥវ៉ាន់​ធំៗ​ជា​ដើម។

រថយន្ត​នេះ​មាន​ប្រវែង​ ៤៣០០ ម.ម, ទទឹង ១៧៧៥ ម.ម និង​កម្ពស់​ ១៦២០ ម.ម។ វិមាត្រ​របស់​ TJ Cruiser គឺ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ Toyota C-HR ដែរ។ TJ Cruiser អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​បំផុត ព្រោះ​ថា​កៅអី​ទាំង​អស់​ (លើក​លែង​កៅអី​តៃកុង) អាច​បត់​ឲ្យ​រាប​ស្មើ​បាន។

ក្រុមហ៊ុន​ Toyota មិន​បាន​បញ្ជាក់​ឡើយ​ថា​​នឹង​​ផលិត​រថយន្ត​នេះ​បញ្ចេញ​លក់​លើ​ទីផ្សារ​ឬ​យ៉ាង​នោះ។ ប៉ុន្តែ​ប្រសិន​បើ​ការ​បង្ហាញ​រូបរាង​រថយន្ត​ Concept នេះ​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ នោះ​ Toyota អាច​នឹង​ផលិត​វា​សម្រាប់​លក់​ក៏​ថា​បាន៕​ ​​​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម