សិល្បករ​ចាប់​ផ្ដើម​បារម្ភខ្លាំង ក្រោយ​ផលិតករ​ចង់​បិទ​ទ្វារ​ផលិតកម្ម​

  • 2017-10-28 06:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ការ​ជជែក​វែក​ញែក​ច្រើនតាំង​ពី​ក្រសួង​បាន​ប្រកាស​ពី​ផែន​ការ​អនុវត្ត​កាត់​ពន្ធ​ភាពយន្តរួច​មក។ បញ្ហា​នេះ ផលិតករ​ជា​ច្រើនដែល​ប្រឈម​ដោយ​ផ្ទាល់​លើ​ករណី​នេះ ព្រលយ​ថា​ផលិតកម្ម​របស់​ពួក​គេមាន​តែ​បិទ​ទ្វារ​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ជាន់​ទៀតក្នុង​ចំណោម​សិល្បករ។

សិល្បករ​មាន​ការ​បារម្ភ​ថា ការ​បិទ​ទ្វារ​ផលិតកម្ម​១ ឬ​ច្រើន​ជាង​នេះ​នៅ​ពេល​ខាង​មុខ ដែល​អាច​កើត​មាន​ដោយ​សារ​តែ​មិន​ទាន់​អាច​រាប់​រង​ទទួលបន្ទុក​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​​មាន​រហូត​១១​ចំណុច​នោះ គឺ​ធ្វើ​ឲ្យ​ទីផ្សារ​ការងារ​របស់​ពួក​គេ​កាន់​តែ​រួមតូច។

កញ្ញា សាឡាត់ ស្រីឡាង ជា​តារា​សម្ដែង​មួយ​រូប​បាន​អះអាង​ថា ឃើញ​ប្រកាស​របស់​ក្រសួងលើ​ការ​កាត់​ពន្ធ​ក្នុង​វិស័យភាពយន្ត​នេះ ធ្វើ​ឲ្យ​កញ្ញា អស់​កម្លាំង​ចិត្ត​ធ្វើ​កិច្ចការងារ​ទៀត​ណាស់។ “បើ​ម្លឹង​ៗ​ពួក​ខ្ញុំ​ជា សិល្បករ សិល្បការនី មាន​កម្លាំង​ចិត្ត​ឯណា​ទៀត​នោះ ក្នុង​នាម​នាង​ខ្ញុំ​ជាសិល្បករ​ខ្ញុំ​សូម​សំណូមពរ ទៅ​ក្រសួង​ពាក់​ព័ន្ធ មេត្តា​អនុគ្រោះ​ការ បង់​ពន្ធដា​រយៈ​ពេល ១០ឆ្នាំ ដើម្បី​លទ្ធភាព​អោយ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​ស្ថេរភាព​សិន”។

លោក អ៊ុំ  សុវណ្ណគីរី បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា លោក​ដឹងថា ប្រជាពលរដ្ឋមាន​កាតព្វកិច្ច​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​ មិន​ថា​តែ​សិល្បករ​ទេ ប៉ុន្តែ​ថា ការ​អនុវត្ត​ភ្លាម​ៗ​នៅ​ពេល​នេះ គឺ​មិន​សម​ស្រប ដោយ​ហេតុ​ថា វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ទើប​តែ​ងើប​ឡើង ទាំង​ផលិតកម្ម និង​សិល្បករ​ចំណូល​នៅ​មាន​កម្រិត​ទាប​ណាស់​បើ​ធៀប​នឹង​សិល្បករ​ប្រទេស​ជិត​ខាង។  ដូច្នេះ​ហើយ​លោក ស្នើ​ក្រសួង​ពិចារណា​លើ​សំណើរ​របស់​ផលិតករ សិល្បករ​ លើក​លែង ឬ​ពន្យារ​ពេល​អនុវត្ត​ការ​បង់​ពន្ធ ១០-១៥​ឆ្នាំ ដើម្បី​គ្រប់​ផ្នែក​រឹង​ដៃ​រឹង​ជើង​ទាំង​អស់​គ្នា​សិន។

សិល្បករ​បន្ត​ទៀត​មាន ភុល សុវណ្ណដានីន ឌីជេ កាកា និង​ យិត មាស​ឧស្សា ជា​ដើម បាន​សំណូម​ដូច​គ្នា​ថា ស្នើ​សុំ​ក្រសួង​ពន្យា​រ​ពេល​​អនុវត្តការ​បង់​ពន្ធ​ទាញ​ចេញ​ពី​វិស័យ​ភាពយន្ត។ ព្រោះ​ថា ផែន​ការ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​គំហុក​ដល់​បុគ្គល​ក្នុង​វិស័យ​ភាពយន្ត​ទាំង​អស់ ក្នុង​ពេល​គ្រប់​គ្នា​នៅ​ទន់​ដៃ​ជើង​នៅ​ឡើយ។   ផែន​ការ​អនុវត្ត​ការ​កាត់​ពន្ធ​ក្នុង​វិស័យ​ភាពយន្ត ទើប​ត្រូវ​ប្រកាស​ថ្មី​ៗ​នេះដោយលោក​ជំទាវ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ពី​​គោល​ការណ៍​របស់​មន្ត្រី​ពន្ធដារ ក្នុង​ការប្រមូល​ពន្ធ​ពី​វិស័យ​ភាពយន្ត ក្នុង​កិច្ច​ប្រជុំ​មួយរវាង​ផលិតករ និង​ក្រសួង​ក្រោម​ប្រធាន​បទ “ដើម្បី​​លើក​​ស្ទួយ​​វិស័យ​​សិល្បៈ និង​​ភាពយន្ដ​​ខ្មែរ”។

ពន្ធ​លើ​វិស័យ​ភាពយន្ត​នោះ មាន៖ ពន្ធ​ទី​១ គឺ​ពន្ធ​ពី​ចំណូល​នៃ​ការ​បញ្ចាំង​ក្នុង​រោង កាត់​១០​ភាគរយ​ទៅ​រដ្ឋ។ ទី២ ក្រោយ​ចែក​ជាមួយ​រោង​កុន ត្រូវ​កាត់​១​ភាគ​រយ​ទៅ​រដ្ឋ។ ទី៣ ត្រូវ​បង់​ពន្ធ​អាករ១០​ភាគ​រយ រៀង​រាល់​ខែ នៃ​ប្រាក់​ចំណូល​របស់​ផលិតកម្ម។ ទី៤ ត្រូវ​បង់​ពន្ធ (vat) ប្រចាំ​ឆ្នាំ។ ទី៥ ពន្ធ​កាត់​ទុក​ពី​ប្រាក់​ចំណូល​ចំនួន​១៥​ភាគ​រយ។ ទី៦ គឺ​ការ​កាត់​ពន្ធ ១០​ភាគ​រយ​ពី​តម្លៃ​ជួល​ទីតាំង ការិយាល័យ។ ទី៧ ពន្ធ​កាត់​ពី​បុគ្គលិក​ពេញ​ម៉ោង​១០​ភាគរយ សម្រាប់​បុគ្គលិក​មាន​ប្រាក់បៀវត្សរិ៍ ចាប់​ពី​៣០០​ដុល្លារ​អាមេរិក​ឡើង​ទៅ។ ទី៨ ពន្ធ​លើ​អ្នក​ដឹក​នាំ​សម្តែង អ្នក​និពន្ធ ក្រុមការងារ​ផលិត សិល្បករ ចំនួន​១០​ភាគរយ។ ទី៩ ពន្ធ​លើ​កម្មសិទ្ធិ ឬ​ស្នាដៃ ចំនួន​១៥​ភាគ​រយ។ ទី​១០ ពន្ធ​កម្រៃ​នៃ​ប្រាក់​ចំណូល​តួ​សម្តែង ១៥​ភាគ​រយ និង​ទី១១ ពន្ធ​លើ​ការ​ជួល​ទី​តាំង​ថត ការជួល​សម្ភារៈ១០ភាគរយ។

ឃើញ​ពី​ការ​ប្រកាស​លើ​ពន្ធ​វិស័យ​ភាពយន្ត​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ក្នុង​ចង្កោម​ផលិតករ ដែល​ពួក​គេ​បាន​អះអាង​ថា មាន​ផ្លូវ​បិទ​អាជីវកម្ម​មួយ​គត់ ប្រសិន​បើ​ប្រកាស​ត្រូវ​បាន​ចូល​ជា​ស្ថាពរ ព្រោះ​បន្ទុក​បង់​ពន្ធ​មាន​បន្ទុក​ធ្ងន់​ធ្ងរ​ពេក។

លោក រ៉ូណាន ចាន់​ណា ផលិតករ​វ័យ​ក្មេងនៃ​ផលិតកម្ម​ឥន្ទ្រានិម្មិត ដែល​ទើប​ផលិត​រឿង​បាន​ពី២​រឿង បាន​ប្រាប់​ថា ផលិតកម្ម​របស់​លោក​លោក​ទំនង​នឹង​មិន​មាន​បញ្ចេញ​នូវ​វណ្ណកម្ម​ថ្មី​ណា​មួយ​ទៀត​ ប្រឈម​នឹង​កាតព្វកិច្ច​ខាង​លើ បើ​សិន​ជា​​​សំណើ​សុំ​អនុគ្រោះ​ពន្យារ​ពេល​លើ​ពន្ធដារ ទទួល​បាន​ផល​អវិជ្ជមាន។

លោក រ៉ូណាន ចាន់​ណា (រូបឆ្វេងដៃ)

លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture​ អះអាង​ថា លោក​ក៏​ព្រួយ​បារម្ភ​ដូច​គ្នា ពី​ផែន​ការ​ខាង​លើ។ លោក​ថា ពន្ធ​ដែល​ទើប​ប្រកាស គឺ​បន្ទុកធ្ងន់ធ្ងរ​ហួស​ពី​ផលិតករ​អាច​រ៉ាប់​រង​បាន។ ជាក់​ស្ដែង​ផលិតកម្ម​របស់​លោក​ដែល​មាន បុគ្គលិក​ពេញ​ម៉ោង​ជាង ៤០​នាក់​នោះ គឺ​ត្រូវ​ប្រឈម​ពន្ធ ១៥​ភាគរយ​នៃ​ប្រាក់​ខែ​ពួក​គេ រួម​ទាំង​ពន្ធ​ផ្សេង​ៗ​ទៀត​ ដូច​ជា Vat ជា​ដើម លោក​មិន​អាច​រាប់​រង​រួច​ទេ។

លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture​

“ដូច​រឿង​ខ្ញុំ ថត​នៅ​បាសិត​អី ទៅ​រក​  VAT ម៉ោ​ពី​ណា មាន​ន័យ​ថា ចាយ​នៅ​បាសិត​អស់ ២០០​ហើយ មក​បង់​២០%​ជូន​រដ្ឋ​ទៀត ងាប់​បាត់!”។ លោក លៀក លីដា ថ្លែង។

សរុប​មក ផលិតករ​ទាំង​អស់ ស្នើ​សុំ​យ៉ាង​ទទូច​អោយ​ក្រសួង​បន្ធូរ​បន្ថយ នឹង​ពិនិត្យ​លើ​សំណើរ​សុំ​ពន្យារការ​អនុវត្ត​ពន្ធ​វិស័យ​ភាពយន្ត ១០-១៥ ឆ្នាំ ដែល​ពួក​គេ​យល់​ថា​ ជា​វេលា​សម​ស្រប​សម្រាប់​គ្រប់​គ្នា ផលិតករ សិល្បករ អ្នក​ដឹកនាំ​សម្ដែង​ជា​ដើម អាច​​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​នេះ​បាន។

សំណើរ​ខាង​លើ​ គឺ​បាន​ដាក់ទៅ​ក្រសួង​រួច​ហើយ ដោយ​មាន​ការ​គាំទ្រ​ពី​នាយកដ្ឋាន​ភាពយន្ត​ផង ដែល​សុំ​លើក​លែង​ពន្ធ​ខ្លះ និង​ស្នើ​សុំ​ពន្យារ​ពេល​អនុវត្តន៍​ផ្លូវ​ការ។ ពាក់​ព័ន្ធ​បញ្ហា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​លោក ជំទាវ ភឿង សកុណា មិន​ទាន់​អាច​សុំ​ការ​អធិប្បាយបាន​​ទេ​ព្រឹក​នេះ។ ផលិតករ សិល្បករ រំពឹង​​ថា សំណើរ​របស់​ពួក​គេ​នឹង​អាច​ទទួល​ផល​វិជ្ជមាន ពុំ​នោះ​ទេ ចៀស​មិន​ផុត​ពី​ការ​បិទ​ទ្វារ​អាជីវកម្ម​នោះ​ឡើយ៕                              

អត្ថបទៈ ប៊ុណា សភា

អត្ថបទថ្មី