ទម្រាំ​​ជោគជ័យ​ដូច​សព្វថ្ងៃ​ ​Land Rover​ ​ឆ្លង​កាត់​ការ​ទិញ​លក់​​ពី​ក្រុមហ៊ុន​ជា​ច្រើន

  • 2017-10-29 03:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Rover​ ​ជា​ស្លាកយីហោ​ដ៏​ពេញ​និយម​មួយ​របស់​ចក្រភព​អង់គ្លេស​ ​ហើយ​ត្រូវ​បាន​គេ​សម្គាល់​ជា​ពិសេស​ទៅ​លើ​ការ​ផលិត​រថយន្ត​រត់​ដោយ​កង់​បួន​សឹង​តែ​ទាំង​អស់។ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឥណ្ឌា​ ​Tata Motors​ ​ចាប់​តាំង​ពី​ឆ្នាំ​ ​២០០៨។

ឈ្មោះ​ ​Land Rover​ ​ធ្លាប់​បាន​ប្រើ​ជា​លើក​ដំបូង​ដោយ​ក្រុមហ៊ុន​ ​Rover Company​ ​សម្រាប់​រថយន្ត​ ​Land Rover Series​ ​បង្ហាញ​ខ្លួន​នា​ឆ្នាំ​ ​១៩៤៨​ ​ដោយ​កាល​នោះ​អភិវឌ្ឍ​នូវ​ប្រភេទ​រថយន្ត​ប៉ុង​ពីរ​ជា​ច្រើន​ ​មាន​ទាំង​ម៉ូដែល​ ​Defender, Discovery, Freelander, Rang Rover, Range Rover Sport និង Range Rover Evoque។ បច្ចុប្បន្ន​មាន​រោងចក្រ​ដំឡើង​នៅ​តាម​បណ្ដា​ប្រទេស​ធំ​ៗ​ដូច​ជា​ ​អង់គ្លេស, ឥណ្ឌា, ចិន និង​ទីផ្សារ​ដទៃ​ទៀត។

  • ដើម​កំណើត:

​​​គំនិត​បង្កើត​រថយន្ត​​ Land Rover​ ​ដំបូង​បង្អស់​លេចចេញ​នៅ​ឆ្នាំ​ ​១៩៤៧​ ​ដោយ​លោក Maurice Wilks ។ តំណែង​ជា​ប្រធាន​ផ្នែក​រចនា​នៃ​ក្រុមហ៊ុន​ ​Rover Company​ ​ខ្លួន​បាន​ចាប់​ដៃ​ជាមួយ​បង​ប្រុស​ឈ្មោះ Spencer ដែល​ជា​ប្រធាន​ចាត់ការ​ទូទៅ​នៃ​ ​Rover​ ​សហការ​បង្កើត​គម្រោង​នៃ​រថយន្ត​ ​Series I បាន​ដោយ​ជោគជ័យ​ក្នុង​ដី​ចម្ការ​ស្ថិត​ក្នុង​ទីក្រុង Newborough រដ្ឋ Anglesey ប៉ុន្តែ​គំនិត​នៃ​ការ​រចនា​រថយន្ត​នោះ​គឺ​បំផុស​ចេញ​ពី​រថយន្ត Jeep។

ក្នុង​ឆ្នាំ​ ​១៩៦៧​ ​Land Rover​ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Leyland Motor Corporation ថ្វី​បើ​ទទួល​បាន​ភាព​ជោគជ័យ​ប៉ុន្មាន​ទសវត្សរ៍​ជាប់​គ្នា​ ​តែ​ក្រោយ​មក​ក្រុមហ៊ុន​ទាំង​មូល​ត្រូវ​បាន​បែកបាក់​ ​ទើប​នៅ​ឆ្នាំ​ ​១៩៩៤​ ​Rover Group plc​ ​ដែល​បាន​បំបែក​ខ្លួន​ចេញ​អំឡុង​ឆ្នាំ​ ​១៩៧០​ ​ត្រូវ​បាន​ទិញ​យក​ដោយ​ក្រុមហ៊ុន BMW។ មិន​ដល់ ១០ ឆ្នាំ Rover Group បាន​បន្ត​ជួប​បញ្ហា ហើយ​បង្ខំ​ចិត្ត​ឲ្យ BMW និង Land Rover ត្រូវ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Ford Motor Company ទាំង​អស់​វិញ។ ការ​លក់​ទិញ​មិន​ទាន់​បញ្ចប់ ជា​ចុង​ក្រោយ​នា​ឆ្នាំ​ ​២០០៨​ ​ក្រុមហ៊ុន​ ​Ford​ ​សម្រេច​លក់ Jaguar និង Land Rover ទៅ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា Tata Motors គ្រប់គ្រង​យក ហើយ​ទទួល​បាន​ភាព​ជោគជ័យ​មក​ទល់​បច្ចុប្បន្ន។​

  • ការ​ដំឡើង​និង​ទីផ្សារ​លក់​ចេញ:

រោងចក្រ​ធំ​បំផុត​របស់​ខ្លួន​ស្ថិត​ក្នុង​ទីក្រុង Solihull ប្រទេស​អង់គ្លេស ប៉ុន្តែ​ក្នុង​គោលបំណង​ផលិត​ម៉ូដែល Freelander ខ្លួន​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​អតីត​រោងចក្រ​របស់ Ford មាន​ឈ្មោះ Halewood Body & Assembly ក្បែរ​ទីក្រុង Liverpool វិញ។​ ចំពោះ​ការ​ប្រឡូក​ចូល​ប្រទេស​ឥណ្ឌា ទើប​តែ​មាន​នៅ​ឆ្នាំ ២០១៥ នេះ ដើម្បី​បង្កើត​ការ​ផលិត​រថយន្ត​ម៉ូដែល Discovery Sport និង Evoque ទើប​ដំឡើង​រោងចក្រ​ថ្មី​ទៀត​ក្នុង​តំបន់ Chikhali ក្បែរ​ទីក្រុង Pune។​

រំឭក​ថា​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៣ Jaguar Land Rover បាន​ប្រកាស​ពី​គម្រោង​បើក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​រថយន្ត​ជំនាន់​ក្រោយ ក្នុង​សកលវិទ្យាល័យ​ University of Warwick ដែល​មាន​តម្លៃ​ជាង ១៦០ លាន​ដុល្លារ​អាមេរិក ។ ក្នុង​នោះ​មាន​អ្នក​បម្រើ​ការ​ប្រហែល ១ ពាន់​នាក់ ហើយ​ដំណាក់​កាល​ចាប់​ផ្ដើម​កសាង​នា​ឆ្នាំ ២០១៤។

ចំពោះ​ទីផ្សារ​ចេញ​លក់​សកល​នា​ឆ្នាំ ២០០៩ ខ្លួន​លក់​បាន​ជាង ១៤ ម៉ឺន​គ្រឿង ខណៈ​ឆ្នាំ ២០១៣ លក់​បាន​ជិត ៣៥ ម៉ឺន​គ្រឿង រហូត​ដល់​ឆ្នាំ ២០១៦ បាន​ប្រហែល ៤៣ ម៉ឺន​គ្រឿង ។ តួ​លេខ​នេះ​កត់​សម្គាល់​ថា​កើន​ឡើង​ជា​បន្តបន្ទាប់ គ្រាន់​មិន​ច្រើន​ខ្លាំង​បើ​ធៀប​នឹង​ក្រុមហ៊ុន​រថយន្ត​ដទៃ។​

  • ប្រភេទ​រថយន្ត​ពេញ​និយម​ឆ្នាំ ២០១៧:

គិត​ត្រឹម​ឆ្នាំ ២០១៧ ពពួក​រថយន្ត​ពេញ​និយម​ខ្លាំង​បំផុត​មាន Discovery 5, Discovery Sport, Range Rover Evoque, Range Rover Sport និង Range Rover។​

  • រថយន្ត​អគ្គិសនី:

​​​​​​បច្ចេកវិទ្យា ERAD ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​សម្រាប់​រថយន្ត ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​រដ្ឋាភិបាល​អង់គ្លេស ស្ថិត​ក្រោម​គម្រោង Energy Saving Trust នៃ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កាបូន​កម្រិត​ទាប។ ដល់​ខែ​កុម្ភៈ​ឆ្នាំ ២០១៣ បច្ចេកវិទ្យា​នោះ​បាន​ច្របាប់​បញ្ចូល​ទៅ​ក្នុង​រថយន្ត Leopard 1 ដែល​ផលិត​កម្លាំង ៧០ គីឡូវ៉ាត់ អាច​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៨០ គីឡូម៉ែត្រ​ក្នុង​ការ​សាក​បញ្ចូល​ភ្លើង​ម្ដង។

  • ការ​ពង្រីក​ស្លាកយីហោ:

Land Rover មិន​ត្រឹម​តែ​ជា​ស្លាកយីហោ​រថយន្ត​មួយ​មុខ​ទេ ទៀត​សោត​ក៏​មាន​អាជីវកម្ម​ដទៃ​ទៀត ដែល​ក្រុមហ៊ុន​ខ្លួន​បាន​ពង្រីក​ដល់:

​​ទោចក្រយានយន្ត: នៅ​ឆ្នាំ ១៩៩៥ Land Rover បាន​ផលិត​ទោចក្រយានយន្ត (កង់) ដោយ​ប្រើ Logo ខ្លួន និង​ឲ្យ​ឈ្មោះ​ថា Land Rover APB និង​ផលិត​ដោយ​ក្រុមហ៊ុន Pashley Cycles។ រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០០៤ ខ្លួន​បាន​បញ្ចេញ​លក់​កង់​ដល់ ២៤ ម៉ូដ ដែល​ ៣ ម៉ូដ​មាន​ឈ្មោះ Defender, Discovery និង Freelander ដូច​ទៅ​នឹង​ឈ្មោះ​រថយន្ត​ដែរ។

អាជីវកម្ម​កាហ្វេ: នៅ​ឆ្នាំ ២០០៥ ខ្លួន​បាន​ប្រឡូក​ក្នុង​អាជីវកម្ម​កាហ្វេ គាប់​ជួន​ពេល​ដែល Land Rover Coffee បាន​បង្កើត​ឡើង។​

រទេះ​រុញ​ទារក: ក្រុមហ៊ុន​អង់គ្លេស​នេះ បាន​ផលិត​នៅ​រទេះ​រុញ​កង់​បី សម្រាប់​ទារក។​ វា​រចនា​នៅ​ជម្រើស​ពណ៌​ច្រើន​ដូច​ជា Light Blue, Sand Colour និង Olive Drab ប៉ុន្តែ​សោកស្ដាយ​នៅ​ឆ្នាំ ២០០២ ចង្វាក់​ផលិតកម្ម​ត្រូវ​បាន​ផ្ដាច់​ចោល៕

ប្រភព៖ en.m.wikipedia.org   ប្រែសម្រួល៖ កៅ រក្សា