ជួប​មនុស្ស​យន្ត​មាន​សញ្ជាតិ ដែល​ធ្លាប់​និយាយ​ថា​​​ចង់​កម្ទេច​មនុស្ស

  • 2017-10-31 03:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sophia ជា​ឈ្មោះ​មនុស្ស​យន្ត​មួយ​ ដែល​នាង​ប្រហែល​ជា​​មិន​មាន​បេះដូង​ ឬ ខួរ​ក្បាល​នោះ​ទេ ប៉ុន្តែ​មាន​សញ្ជាតិ​ជា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត។ នៅ​ថ្ងៃ​ទី​ ២៥ ខែ​តុលា​កន្លង​ទៅ​ Sophia ជា​មនុស្សយន្ត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​សញ្ជាតិ​ពេញ​លេញ។

Sophia បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Hanson Robotics ដឹក​នាំ​ដោយ​ David Hanson ដែល​ជា​អ្នក​ផលិត​ AI។ ពី​មុន ​Sophia ធ្លាប់​និយាយ​លេង​សើច​ថា​​នឹង​កម្ទេច​មនុស្ស​លោក​ ប៉ុន្តែ​លើក​នេះ​​នាង​​និយាយ​អំពី​គោល​បំណង​ចង់​រស់​នៅ​ដោយ​ស្ងប់​សុខ​ជា​មួយ​មនុស្ស​លោក។ ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​អំពី​ Sophia ៖

Sophia ឌីហ្សាញ​ឡើង​តាម​ទម្រង់​មុខ​តារា​ស្រី​អង់គ្លេស​​ឈ្មោះ​ Audrey Hepburn ដោយ​មាន​ច្រមុះ​រាង​​ស្ដើង​ស្រួច

​​​David Hanson បង្កើត​មនុស្ស​យន្ត​នេះ​ឡើង​ ក្នុង​គោល​បំណង​ជួយ​ដល់​មនុស្ស​ចាស់​ជរា​ដែល​ត្រូវ​ការ​​ការ​មើល​ថែ និង​ជួយ​ដល់​ការងារ​សង្គម​ទូទៅ។ Hanson បាន​ប្រាប់​ដល់​សារព័ត៌មាន​ Business Insider កាល​ពី​ខែ​មករា​ថា​ ៖ "​បំណង​របស់​យើង​ជា​មួយ​នឹង​ Sophia គឺ​ចង់​​យក​បទ​ពិសោធន៍​ជា​មនុស្ស​បញ្ចូល​លើ​មនុស្ស​យន្ត, ផលិត​​មនុស្ស​យន្ត​ដែល​អាច​​យល់​ និង​ខ្វាយ​ខ្វល់​ពី​ពួក​យើង (មនុស្ស)”។

គ្រឿង​បង្គំ​ក្នុង​ខួរ​ក្បាល​ Sophia អាច​បង្កើត​​ចេញ​ជា​ទឹក​មុខ​ច្រើន​ប្រភេទ មិន​តែ​ប៉ុណ្ណោះ​​ក៏​មាន​ជា​ Machine Learning ដែល​អាច​រក្សា​ទុក​ការ​សន្ទនា​ក្នុង​មេមូរី​ ​ដើម្បី​អាច​​ឲ្យ​ Sophia ឆ្លើយ​សំនួរ​ក្នុង​ពេល​ជាក់​ស្ដែង​បាន។

សមត្ថភាព​នៃ​ការ​បញ្ចេញ​ទឹក​មុខ​របស់​ Sophia នៅ​មាន​​កម្រិត​នៅ​ឡើយ។ នាង​អាច​បង្ហាញ​ទឹក​មុខ​រីករាយ ៖

​នាង​អាច​ចង​ចិញ្ចើម​ និង​ធ្វើ​មាត់​ពេប​ ដើម្បី​បង្ហាញ​ទឹក​មុខ​កម្សត់ ៖

និង​អាច​ញេញ​ធ្មេញ​ដើម្បី​បង្ហាញ​ពី​ទឹក​មុខ​ខឹង​ផង​ដែរ ៖

Hanson បាន​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ​ ២០១៧ ដើម្បី​នាំ​ Sophia ដើរ​ជុំវិញ​ពិភពលោក។ គោល​បំណង​របស់​គាត់​​ចង់​ឲ្យ​មនុស្ស​ម្នា​បាន​ឃើញ​មុខ​របស់​ Sophia និង​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​លើ​បច្ចេកវិទ្យា​ AI។ Sophia ក៏​ជា​ទី​ចាប់​អារម្មណ៍​​របស់​អ្នក​សារព័ត៌មាន​ដែរ ដោយ​ធ្លាប់​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​ចំនួន, ច្រៀងនៅ​​កម្មវិធី​ប្រគំតន្ត្រី និង​ធ្លាប់​បង្ហាញ​មុខ​លើ​ក្រប​ទស្សនាវដ្ដី​​មួយ​ទៀត​ផង។

Sophia ជា​ប្រភេទ​​មនុស្ស​យន្ត​ដែល​មាន​តែ​មួយ​គត់​ ដែល​មាន​ន័យ​ថា​នឹង​មិន​មាន​ដាក់​លក់​លើ​ទីផ្សារ​ឡើយ។ ឆាប់ៗ​នេះ​ Hanson នឹង​បង្ហាញ​ចេញ​មនុស្ស​យន្ត​​ផ្សេងទៀត​ដើម្បី​ចូល​រួម​ជា​គ្រួសារ​មនុស្ស​ជា​មួយ​ Sophia ឬ​ ជា​សង្គម​មនុស្ស​មួយ​តែ​ម្ដង៕

​​ ​​​​​

​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង