iPhone 8 អាច​ក្លាយជា​ iPhone 5c ទី​ពីរ​

  • 2017-11-04 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Decluttr.com វិបសាយ​​កែ​ច្នៃ​​គ្រឿង​អេឡិចត្រូនិក​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​​​ទទួល​បាន​​ការ​យក​ iPhone 8 និង iPhone 8 Plus មក​ដូរ​យក​ស្មាតហ្វូន​ថ្មី (iPhone X) ​ក្នុង​ចំនួន​ច្រើន​ជាង​ iPhone ជំនាន់​មុន​ទៅ​ទៀត​។

​​​​​អ្នក​ប្រើ​ប្រាស់​ទំនង​ជា​ត្រូវ​បាន​​​ iPhone X អូស​ទាញ​បាន​ ហេតុ​នេះ​ទើប​នាំ​គ្នា​យក​ iPhone 8/8 Plus មក​ប្ដូរ​។ James Bell អ្នក​ចាត់​ការ​ផ្នែក​ទីផ្សារ​របស់​ Decluttr បាន​​លើក​ឡើង​ថា ៖ "យើង​គិត​ថា​​អាច​មាន​តែ​ iPhone 7 ប៉ុណ្ណោះ​ដែល​ត្រូវ​គេ​យក​មក​ប្ដូរ, ប៉ុន្តែ​ទំនង​ជា​អ្នក​ប្រើ​ប្រាស់​​មិន​ពេញ​ចិត្ត​នឹង​ iPhone 8 ឡើយ។ យើង​មិន​ធ្លាប់​ជួប​ទេ ដែល​មាន​ iPhone អាយុ​កាល​ត្រឹម​មួយ​ខែ ត្រូវ​បាន​គេ​យក​មក​ប្ដូរ​បែប​នេះ”។

ប្រតិកម្ម​ទីផ្សារ​ចំពោះ​ iPhone 8 ហាក់​ធ្វើ​ឲ្យ​ Apple ខក​ចិត្ត​បន្តិច​ បើ​ធៀប​នឹង​ iPhone ម៉ូដែល​មុនៗ។ ជាក់​ស្ដែង​ក្នុង​ប្រទេស​ចិន​ ដែល​ធម្មតា​គ្រប់​គ្នា​​នាំ​គ្នា​ជ្រួលជ្រើម​នឹង​ iPhone ថ្មី​​ ហ៊ាន​ចំណាយ​លុយ​មហាសាល​ដើម្បី​ទិញ​នោះ​ ពេល​នេះ​ iPhone 8 ​មាន​លក់​បញ្ចុះ​តម្លៃ​បាត់​ទៅ​ហើយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ Apple សម្រេច​ចិត្ត​បញ្ចេញ​ iPhone ពីរ​ប្រភេទ​ក្នុង​ពេល​តែ​មួយ។ កាល​ពី​ឆ្នាំ​ ២០១៣ ទាំង​ iPhone 5s និង​ iPhone 5c បាន​ប្រកាស​ចេញ​នៅ​ខែ​កញ្ញា ហើយ​ទិន្នន័យ​ពី​ Consumer Intelligence Research Partners បង្ហាញ​ថា​ iPhone 5s លក់​ដាច់​ជាង​ iPhone 5c មួយ​ទ្វេ​ជា​ពីរ។ Tim Cook នាយក​ប្រតិបត្តិ​ Apple លើក​ឡើង​ថា​ iPhone 5c លក់​មិន​សូវ​ដាច់​ ដោយ​សារ​អ្នក​ប្រើ​ប្រាស់​ចាប់​អារម្មណ៍​នូវ​មុខងារ​​ពិសេសៗ​ដែល​មាន​លើ​ iPhone 5s ដូច​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ដែល​ជា​មុខងារ​ថ្មី៕

​​​

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម