បង​ប្អូន​ភ្លោះ ​​​ល្បង​នឹង​មុខងារ​​ស្កេន​មុខ​ iPhone X លទ្ធផល​បែប​ណា?

  • 2017-11-01 02:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Apple បាន​ចែក​ iPhone X ដល់​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ ​ដោយ​ត្រូវ​បាន​គេ​សាក​ល្បង​លើ​មុខងារ​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​មុខងារ​ស្កេន​មុខ​ Face ID ផង​ដែរ។

សារព័ត៌មាន​មួយ​ចំនួន​​ដូច​ជា​ Mashable និង​ Tech Insider បាន​​​យក​កូន​ភ្លោះ​ដែល​មាន​មុខ​មាត់​ដូច​គ្នា​មក​សាក​ល្បង​ដោះ​សោ​លើ iPhone X ​តែ​មួយ​ ដោយ​ចង់​ដឹង​ថា​កូន​ភ្លោះ​អាច​បោក​ប្រាស់​​មុខងារ Face ID បាន​ឬ​អត់។

Mashable បាន​ធ្វើ​តេស្ត​ដោយ​ឲ្យ​កូន​ភ្លោះ​ពីរ​គូ​​ដោះ​សោ​ iPhone X ដោយ​ដំបូង​​ឲ្យ​កូន​ភ្លោះ​ម្នាក់​​កំណត់​ផ្ទៃ​មុខ​ជា​មួយ​មុខងារ​ Face ID រួច​សាក​ល្បង​ធ្វើ​ការ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ។ បន្ទាប់​មក​ឲ្យ​កូន​ភ្លោះ​ម្នាក់​ទៀត​ដែល​មិន​បាន​កំណត់​ផ្ទៃ​មុខ​​ជា​មួយ​ Face ID សាក​ល្បង​​ធ្វើ​ការ​ដោះ​សោ។ លទ្ធផល​ ​កូន​ភ្លោះ​ដែល​មិន​បាន​កំណត់​ផ្ទៃ​មុខ​នៃ​កូន​ភ្លោះ​ទាំង​ពីរ​គូ សុទ្ធ​តែ​អាច​ដោះ​សោ​ iPhone X បាន។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ដោយ​ឡែក​​ការ​ធ្វើ​តេស្ត​របស់​ Tech Insider ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​នេះ។ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ដំបូង​គេ​បាន​​ឲ្យ​កូន​ភ្លោះ​ម្នាក់​កំណត់​ផ្ទៃ​មុខ​ បន្ទាប់​មក​សាក​ល្បង​​​បន្លំ​មុខងារ​ Face ID ដោយ​ពាក់​មួក, ពាក់​វ៉ែនតា​ និង​បង់​កន្សែង​ ប៉ុន្តែ​មុខងារ​ Face ID អាច​ចំណាំ​ផ្ទៃ​មុខ​បាន​គ្រប់​ពេល។ ក្រោយ​មក​បង​ប្អូន​ភ្លោះ​ម្នាក់​ទៀត​សាក​ល្បង​​ប្រើ​ផ្ទៃ​មុខ​ខ្លួន​ដើម្បី​ដោះ​សោ​ iPhone X ប៉ុន្តែ​​មិន​អាច​ដោះ​សោ​បាន​នោះ​ទេ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

Apple ធ្លាប់​បាន​បញ្ជាក់​ថា​មុខងារ​​ Face ID ​ប្រហែល​ជា​មិន​អាច​បែង​ចែក​ភាព​ខុស​គ្នា​រវាង​កូន​ភ្លោះ​បាន​​នោះ​ទេ។ Phil Schiller អនុ​ប្រធាន​ Apple បាន​លើក​ឡើង​ថា ៖ "ឱកាស​ដែល​​អ្នក​ដទៃ​​អាច​មើល​ iPhone X របស់​អ្នក​​ រួច​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​របស់​គេ គឺ​​ឱកាស​​ ១ លើ មួយ​លាន​។ ពិត​ណាស់​ថា​ឱកាស​នេះ​នឹង​មាន​កាន់​តែ​ខ្ពស់​ប្រសិន​បើ​មនុស្ស​ម្នាក់​នោះ​​មាន​ទំនាក់​ទំនង​ហ្សែន​ជិតស្និទ្ធ​ជា​មួយ​អ្នក។ ដូច​នេះ​បើ​អ្នក​មាន​បង​ប្អូន​ភ្លោះ​ គួរ​តែ​ការពារ​ទិន្នន័យ​របស់​អ្នក​ ដោយ​ប្រើ​លេខ​កូដ​សម្ងាត់”។

មុខងារ​ Face ID ដំណើរ​ការ​ដោយ​ប្រើ​បន្ទះ​ឈីប​ A11 Bionic ដោយ​មាន​នូវ​ Neural Engine មក​ជា​មួយ​ ហើយ​​វា​នឹង​ជួយ​ឲ្យ​​​មុខងារ​ Face ID ​កាន់​តែ​ឆ្លាត​ទៅៗ៕​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង