ទីប្រជុំជន និងក្រុងជាច្រើននៅ​វៀតណាម ស្ទើរក្លាយ​ជាបឹង​ក្រោយព្យុះ​ដំរីវាយប្រហារ

  • 2017-11-06 03:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ទីហ្វុង​ដំរី​ បាន​វាយ​ប្រហារ​​ភាគ​កណ្ដាល និង​ឆ្នេរ​​ភាគ​ខាង​ត្បូង​ ប្រទេស​​វៀតណាម​ តាំង​ពី​ព្រលឹម​​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៩​នាក់ និង​​កំពុង​បាត់​ខ្លួន ២៩​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​ទី​ ៥​វិច្ឆិកា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​គ្រប់​គ្រង និង​ការ​ពារ​គ្រោះ​មហន្តរាយ​វៀតណាម។

ព្យុះ​ទីហ្វុង​នេះ ជា​ព្យុះ​ដ៏​ធំ​ទី ១២​​ហើយ​ ដែល​បាន​វាយ​ប្រហារ​វៀតណាម​​ឆ្នាំ​នេះ ដោយ​​បង្ក​ជា​​​ភ្លៀង​ធ្លាក់​ខ្លាំង និង​បាក់​ដី ​ជាមួយ​ល្បឿន​ខ្យល់ ១៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កម្លាំង​ព្យុះ​បាន​ថយ​ចុះ​មក​ទាប​ពេល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា។

​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ គឺ​ខេត្ត​ភាគ​ត្បូង ភាគ​កណ្ដាល និង Central Highland ដែល​មាន​​ប្រមាណ ១០​ខេត្ត​។ ​ខេត្ត​ប៉ះ​ព្យុះ​ខ្លាំង​ជាង​គេ​បំផុត​ គឺ​ខេត្ត Khanh Hoa។

ការ​ប៉ាន់​ស្មាន​បឋម​បង្ហាញ​ថា ​ព្យុះ​ទីហ្វុង​បាន​ផ្ដួល​រំលំ​ផ្ទះ​ជាង ៦០០​ខ្នង ​ខូចខាត​ជិត ៤​ម៉ឺន​ខ្នង និង​លិច​វាល​កសិកម្ម​ជិត ៣​ម៉ឺន​ហិចតា។ ទូក និង​កប៉ាល់​នេសាទ​ប្រមាណ ២៣០​គ្រឿង​បាន​លិច និង​ខូច​ខាត ​ខណៈ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ជិត ១ ៥០០​កន្លែង​ខូច​ខាត។

​បើ​គិត​ជា​ទំហំ​​​ទឹក​ប្រាក់ ​វៀតណាម​​ខាង​បង់​ប្រមាណ ៣​លាន​ដុល្លារ​។ ​ក្រោយ​ព្យុះ​ភ្លៀង​តំបន់​ជា​ច្រើន​ក្នុង​ទីប្រជុំជន និង​ទីក្រុង ត្រូវ​បាន​ជន់​លិច​ស្ទើរ​តែ​ក្លាយ​ជា​បឹង។ ទស្សនា​ទិដ្ឋភាព​លិចលង់​​គួរ​ឲ្យ​ខ្លោច​ចិត្ត​ខាង​ក្រោម៖

ប្រភព៖ Vietnam News   ប្រែ​សម្រួល៖ ឡេង ភារុណ