ស្វាយជ្រំ​លេង​ពាន​ KMH មាន ទិត្យ ឌីណា​ ជា​កីឡាករ​ ខណៈ​សាយ ពិសិដ្ឋ​ជា​គ្រូ​

  • 2017-11-06 07:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទាត់​ស្វាយជ្រំ​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត​នៅ​កម្ពុជា​ KMH Champions League ​​រដូវ​កាល​ទី​៣​​ដឹក​នាំ​ដោយ​អតីត​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​​ សាយ ពិសិដ្ឋ​ និង​មាន​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់​ជា​សមាជិក​មួយ​រូប​ផង​ដែរ។

សាយ ពិសិដ្ឋ​​បាន​ឲ្យ​ដឹង​ថា​ ​បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​របួស​ លោក​អាច​ចូល​លេង​បាល់ទាត់​វិញ​បាន​ហើយ ប៉ុន្តែ​ពេល​នេះ​លោក​ដឹក​នាំ​ក្រុម​បាល់ទាត់​ស្វាយជ្រំ​ ដែល​ស្ថិត​នៅ​ឃុំ​ស្វាយជ្រំ​​ ស្ថិត​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ KMH Champions League ​​រដូវ​កាល​ទី​៣​នេះ។ ដោយ​សារ​នៅ​តំបន់​ស្វាយជ្រំ​សំបូរ​អ្នក​ចេះ​លេង​បាល់ទាត់​ និង​មាន​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​អ្នក​ភូមិ​ឃុំ​ ព្រម​ទាំង​ចៅ​អធិការ​វត្ត​ទើប​សម្រេច​ចូល​រួម​ប្រកួត។

ក្រុម​ស្វាយជ្រំ និង​ព្រះ​តេជគុណ លន់ សុគន្ធា​

សមាជិក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ព្រះ​តេជគុណ​ ព្រះ​សិរី​សម្មតិវង្ស​ លន់ សុគន្ធា​ ព្រះ​រាជា​គណៈ​ថ្នាក់​ត្រី​ ព្រះ​ធម្ម​ធម៌​គណ​ខេត្ត​កណ្តាល​ និង​​ជា​ព្រះ​អនុគណ​ស្រុក​ខ្សាច់​កណ្តាល​ ព្រម​ទាំង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​​ជា​អ្នក​ជួយ​ចំណាយ​​សម្រាប់​ការ​ចូល​រួម​ប្រកួត​នេះ។ ចំពោះ​សម្ភារៈ​វិញ​​ខាង​ Prak Sports ជា​អ្នក​ឧបត្ថម្ភ។

ក្រុម​ស្វាយជ្រំ និង​ព្រះ​តេជគុណ លន់ សុគន្ធា​

លក្ខន្តិកៈ​នៃ​ការ​ប្រកួត​របស់​ពាន​ KMH Champions League តម្រូវ​ឲ្យ​កីឡាករ​អាជីព​២​នាក់​អាច​ចូល​រួម​ជា​មួយ​ក្រុម​នីមួយ​ៗ​បាន​ទើប​ក្រុម​ស្វាយជ្រំ​យក​កីឡាករ​ ទិត្យ ឌីណា​ មក​ពី​ក្រុម​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​លីគ​កំពូល​កម្ពុជា និង​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ និង​កីឡាករ​ សាយ វិសាល​ មក​ពី​​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចូល​រួម​ក្រុម។ កីឡាករ​ទាំង​ពីរ​ជា​អ្នក​​ស្វាយជ្រំ ខណៈ​កីឡាករ​ផ្សេង​ៗ​ទៀត​​ក៏​ជា​​អ្នក​ភូមិ​ឃុំ​ស្វាយជ្រំ​ដែរ។

ក្រុម​របស់​ សាយ ពិសិដ្ឋ​ ​ស្ថិត​នៅ​ពូល​ D

  • ក្រុម​ស្វាយជ្រំ​

  • ក្រុម​ Pisnoka FC

  • ក្រុម Blue Dradon X-Sport FC

  • ក្រុម Avatar FC

  • ក្រុម​អាស៊ី​អឺរ៉ុប​

  • ក្រុម​ពួកម៉ាក់យូណៃធីត​

  • ក្រុម​ KCC Paint FC

  • ក្រុម ​HFCA​

នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ក្រុម​ស្វាយជ្រំ​ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ​​ក្រុម​ខ្លាំង​ Pisnoka FC ៕​

សមាជិក​ក្រុម​ស្វាយជ្រំ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម