ចៅ​ប្រុស​​កវី​ គង្គ​ ប៊ុនឈឿន ហាត់​បាន​២​ខែ​ក្លាយ​ជា​កីឡាករ​ល្អ​ពាន​មួយ​នៅ​បែលហ្សិក

  • 2017-11-06 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅ​ប្រុស​របស់​កវី​ល្បី​ឈ្មោះ គង្គ​ ប៊ុនឈឿន ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​យុវជន​​ក្រោម​អាយុ​​ក្រោម​១០​ឆ្នាំ​មួយ​​​នៅ​ក្នុង​តំបន់​ស្ថិត​នៅ​ Temse ប្រទេស​បែលហ្សិក​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

កុមារា Luigi Pallone

លោក​ស្រី​ ប៊ុនឈឿន​ សូមីរ៉ែន​ ដែល​ជា​កូន​ស្រី​បង្កើត​របស់​លោក​តា​ គង្គ​ ប៊ុនឈឿន​បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​គាត់​ឈ្មោះ​ Luigi Pallone អាយុ​៩​ឆ្នាំ​ចូល​ចិត្ត​លេង​បាល់ទាត់​តាំង​ពី​អាយុ​៦​ឆ្នាំ​ ប៉ុន្តែ​ពេល​​នោះ​គ្មាន​ពេល​ហ្វឹកហាត់​ និង​លេង​បាល់ទាត់​ច្បាស់​​លាស់​ទេ។ ម្យ៉ាង​ទៀត​ពេល​នោះ​មិន​ពេល​​វេលា​ឲ្យ​កូន​ចូល​ហាត់​បាល់​ ប៉ុន្តែ​ទើប​តែ​ឆ្នាំ​២០១៧​នេះ​លោក​ស្រី​មាន​ពេល​ឲ្យ​កូន​ចូល​ហ្វឹកហាត់​ជា​ក្រុម​យុវជន​មួយ​នៅ​តំបន់​នោះ។

លោក​ស្រី សូមីរ៉ែន​បាន​បន្ថែម​ថា បន្ទាប់​ពី​ចូល​ហាត់​ជា​មួយ​ក្រុម​ដែល​យុវជន​ខ្លះ​ហ្វឹកហាត់​បាន​ពីរ​បី​ឆ្នាំ​ហើយ​ ប៉ុន្តែ​ពេល​ចូល​រួម​ប្រកួត​ពាន​យុវជន​នៅ​តំបន់​នោះ​ កូន​របស់​គាត់​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍។ លោក​ស្រី​បញ្ជាក់​ថា ការ​ប្រកួត​ពាន​រង្វាន់​នេះ​មាន​ក្រុម​យុវជន​មួយ​ចំនួន​បាន​ចូល​រួម​ប្រកួត​ ហើយ​​ក្រុម​របស់​កូន​គាត់​​បាន​ក្លាយ​ជា​ជើង​ឯង​ ខណៈ​​កូន​របស់​គាត់​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​។

កូន​ស្រី​កវី​ល្បី​ឈ្មោះ​ម្នាក់​នេះ​ប្រាប់​ថា គ្រូ​បង្វឹក​របស់​ក្រុម​បាន​និយាយ​ថា កូន​របស់​គាត់​មាន​ទេពកោសល្យ​បាល់ទាត់​ និង​មាន​ចំណង​ចំណូល​លេង​បាល់ទាត់​ខ្លាំង។ យ៉ាង​ណា​ គេ​​ទើប​ចូល​ហ្វឹកហាត់​​បាន​រយៈ​ពេល​ខ្លី ដូច្នេះ​ត្រូវ​ឲ្យ​រូប​គេ​ព្យាយាម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។ រាល់​ការ​ប្រកួត​ម្តង​ៗ​ ​Luigi Pallone​ តែង​តែ​ស៊ុត​ចូល​ទី​ជា​​និច្ច។​

កុមារា​ Luigi Pallone​ ជា​កូន​ទី​២​របស់លោក​ស្រី​ ប៊ុនឈឿន​ សូមីរ៉ែន​ ​និង​ស្វាមី​ដែល​មាន​កូន​៤​នាក់។ កូន​ច្បង​ប្រុស​អាយុ​១៩​ឆ្នាំ​ក៏​ចូល​ចិត្ត​លេង​បាល់ទាត់​ ខណៈ​កូន​ទី​៣​អាយុ​៧​ឆ្នាំ​ និង​កូន​ពៅ​​នៅ​តូច។ ស្វាមី​របស់​អ្នក​ស្រី​ឈ្មោះ​ Pallone Anthony​ជា​​ជន​ជាតិ​អ៊ីតាលី​កាត់​បែលហ្សិក៕

កុមារា Luigi Pallone

អត្ថបទ៖ ជាន ចាន់រ៉ា