Miss Global International 2017 បង់​ក​ក្រមា​ខ្មែរ រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ យ៉ាង​សប្បាយ​រីក​រាយ

  • 2017-11-07 02:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច ស្វែង​យល់​ពី​​ការ​រស់​នៅ​របស់​ប្រជាជន​នៅ ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក អូររាំងឪ ខេត្ត ត្បូង​ឃ្មុំ​រួច​មក ល្ងាច​ថ្ងៃ​ទី០៦ ខែ វិច្ឆិកា កន្លង​ទៅ​នេះ ស្រី​ស្អាតMiss Global International ត្រូវ​បាន​ក្រសួង​បរិស្ថាន​ធ្វើ​ពិធី​ជប់លៀង​​ជូន ​ពួក​គេ​បាន​បង់ក​ក្រមា​ខ្មែរ និង ​រាំ​ចង្វាក់​ប្រពៃណី​របស់​ខ្មែរ ដូច​ជា​​រាំវង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំ​លាវ យ៉ាង​សប្បាយ​រីក​រាយ។

កាល​ពី​ថ្ងៃ​ទី០៥ ខែ ​វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ ស្រី​​ស្អាត​ទាំង​៦៥​រូប​ តំណាង​ប្រទេស​ទាំង​៦៥ មក​​ពី​ជុំ​វិញ​ពិភពលោក ដែល​កំពុង​តែ​ចូល​រួម​​ប្រឡង Miss Global International 2017 ក្នុង​​ទេស​កម្ពុជា ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​សហការជា​មួយ​​ក្រសួង បរិស្ថាន ដឹក​នាំ​ទៅ​ទស្សនាស្ថានភាព​ការ​រស់​នៅ​របស់​ប្រជាជន​នៅ ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក អូររាំងឪ ខេត្ត ត្បូង​ឃ្មុំ។ ឃុំ​ដែល​ពួក​គេ​បាន​ទៅ ទស្សនកិច្ច​​មាន​ឃុំ សូភី ឃុំ ព្រះធាតុ ឃុំ គងជ័យ ឃុំ ដំរិល ឃុំ មៀន និង ឃុំ អំពិល​តាពក ជា​ដើម។ ក្នុង​ដំណើរ​​ទស្សនកិច្ច​នោះ ពួក​គេ​បាន​ទៅ​​សាលា​រៀន វត្ត ផ្សារ ហើយ​ជា​ពិសេស​នោះ គឺ​បាន​ចូល​រួម​ដាល់​អំបុក​ស្រូវ​ថ្មី ជា​មួយ​ពលរដ្ឋ​យ៉ាង​សប្បាយ​រីក​រាយ។

​​ឯកឧត្ដម​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើក​ឡើង​ពី​សក្ដានុពល​​ទេសចរណ៍​​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​សម្រស់​​ធម្មជាតិ ដែល​កម្ពុជា​មាន​ជូន​ដល់​បេក្ខភាព Miss Global International ​ទាំង​៦៥ រូប​បាន​ដឹង ក្នុង​នោះ​ដែរ​ឯកឧត្ដម​​រដ្ឋមន្ត្រី ក៏​បាន​​គាំ​ទ្រ និង ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី វត្ត​មាន​​ក៏​ដូច​ជា​កម្មវិធី​​ប្រកួត​នេះ។ ឯកឧត្ដម បាន​ស្នើ​ឲ្យ​​ភាគី​ដែល​ពាក់ព័ន្ធ មេត្តា​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​ទំនូល​ខុសត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​កម្មវិធី​ខាង​លើ ទទួល​បាន​ភាព​ជោគជ័យ។

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នា​រាត្រី​នោះ បេក្ខភាព​ Miss Global International បាន​បង់​ក​ក្រមា និង រាំ​ចង្វាក់​ប្រពៃណី​របស់​ខ្មែរ ដូច​ជា​​រាំវង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំ​លាវ ជា​មួយ​​មន្ត្រី​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​ទៀត យ៉ាង​សប្បាយ​រីក​រាយ។

ក្រៅ​ពី​ទស្សនកិច្ច​នៅ​ខេត្ត ត្បូង​ឃ្មុំ តាម​គម្រោង ពួក​គេ​គ្រោង​ទៅ​ទស្សនកិច្ច​បន្ត​ នៅ ខេត្ត សៀមរាប ព្រះសីហនុ ភ្នំបូកគោ ខេត្តកំពត ​ជា​ដើម។​

Miss Global International ជា​កម្មវិធី​ប្រកួត​សម្រស់​អន្តរជាតិ​មួយ ដែល​មាន​ការ​បញ្ជ្រាប​​ការ​យល់​ដឹង​ពី​បរិស្ថាន។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ចំនួន​៥​លើក​មក​ហើយ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក។ សម្រាប់​នៅ​ឆ្នាំ២០១៧​នេះ ប្រទេស​កម្ពុជា គឺ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​លើក​ដំបូង​​របស់​កម្ពុជា​ផង​ដែរ។ កម្មវិធី​ចាប់​​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧។

កញ្ញា​ យស ប៉ូលីណា (Paulina Yos)​ ​តំណាង​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​​ចូល​រួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ពិភព​លោក​នេះ។ ប៉ូលីណា មាន​វ័យ​២៥​ឆ្នាំ នាង​មាន​ឈាម​ជ័រ​ខ្មែរ-អាមេរិក ដោយ​សព្វ​ថ្ងៃ​រស់​នៅ​​ក្រុង San Francisco រដ្ឋ​ California សហរដ្ឋ​អាមេរិក៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម