ទីបំផុត​ Apple​ ឈ្នះ ១២០ លាន​ដុល្លារ​ពី​ Samsung លើ​រឿង​ក្ដី​ប៉ាតង់​

  • 2017-11-07 03:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់​ពី​ចំណាយ​ពេល​ត្រាំត្រែង​អស់​រាប់​ឆ្នាំ​នៅ​តុលាការ​ ទី​បំផុត​ Apple ទទួល​បាន​ជ័យ​ជម្នះ​​លើ​ Samsung ដោយ​នឹង​ទទួល​បាន​សំណង​ ១២០ លាន​ដុល្លារ។

​តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​​ខ្លួន​នឹង​មិន​បើក​សវនាការ​​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​​រឿង​ក្ដី​រំលោភ​សិទ្ធ​ប៉ាតង់​រវាង​ Samsung និង​ Apple ​ឡើយ។ រឿង​ក្ដី​នេះ​ជាប់​ទាក់ទង​​នឹង​ប៉ាតង់​ slide-to-unlock ដ៏​ល្បី​របស់​​ Apple រួម​នឹង​​ប៉ាតង់​ Quick Link ជា​ Software ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​ដូច​ជា​លេខ​ទូរសព្ទ​ក្លាយ​ទៅ​ជា​ Link មួយ។ គេ​រក​ឃើញ​ថា​ Samsung ​បាន​រំលោភ​បំពាន​លើ​ប៉ាតង់​ទាំង​ពីរ​នេះ។

​​​រឿង​ក្ដី​នេះ​បាន​បើក​សវនាការ​​ដំបូង​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៤ ដោយ​ពេល​នោះ​ចៅក្រម​បាន​សម្រេច​ថា​ Samsung ពិត​ជា​បាន​រំលោភ​បំពាន​ប៉ាតង់​របស់​ Apple ហើយ​ត្រូវ​សង​ជំងឺ​ចិត្ត​ ១២០ លាន​ដុល្លារ។ ជិត​ពីរ​ឆ្នាំ​ក្រោយ​ការ​សម្រេច​ក្ដី​នេះ​ត្រូវ​បាន​តុលាការ​បដិសេធ​ចោល​វិញ ​ហើយ​មិន​ដល់​មួយ​ឆ្នាំ​ផង​​ការ​សម្រេច​ក្ដី​នេះ​ក៏​ត្រូវ​បាន​តុលាការ​យក​មក​អនុវត្តន៍​វិញ។ Samsung ក៏​បាន​បន្ត​ធ្វើ​ការ​ប្ដឹងឧទ្ធរណ៍​ ប៉ុន្តែ​​ចុង​ក្រោយ​រឿង​ក្ដី​នេះ​ក៏​​បាន​ឈាន​ដល់​ទី​បញ្ចប់​នៅ​ថ្ងៃ​នេះ។

អ្នក​តំណាង​ក្រុមហ៊ុន​ Samsung បាន​ឆ្លើយ​តប​នឹង​​លទ្ធផល​ចុង​ក្រោយ​នេះ​ថា ៖ "សេចក្ដី​សំអាង​របស់​យើង​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន​ដែល​ជឿ​ថា​តុលាការ​គួរ​បើក​សវនាការ​​លើ​រឿង​ក្ដី​នេះ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ស្តង់ដារ​យុត្តិធម៌​ ដែល​​ផ្សព្វផ្សាយ​ពី​​​ការ​ច្នៃ​ប្រឌិត​ និង​​ការពារ​ការ​រំលោភ​បំពាន​​លើ​ប្រព័ន្ធ​ប៉ាតង់​​”។ Samsung ក៏​បាន​បន្ថែម​ថា​ ការ​សម្រេច​ក្ដី​នេះ​នឹង​បណ្ដោយ​ឲ្យ​ Apple ​ទទួល​បាន​ប្រាក់​ចំណេញ​​មិន​យុត្តិធម៌​ពី​ប៉ាតង់​មិន​ត្រឹម​ត្រូវ។

ការ​បញ្ចប់​រឿង​ក្ដី​មួយ​នេះ​ នៅ​មិន​ទាន់​អាច​បញ្ចប់​​សង្រ្គាម​ផ្លូវ​ច្បាប់​រវាង​ Samsung និង Apple នៅ​ឡើយ​ទេ។ ក្រុមហ៊ុន​យក្ស​ពីរ​នេះ​នៅ​សល់​រឿង​ក្ដី​ធំ​មួយ​ទៀត​មិន​ទាន់​បញ្ចប់ ជា​រឿង​ក្ដី​ដែល​មាន​តម្លៃ​ ៤០០ លាន​ដុល្លារ​ ដែល​គ្រោង​នឹង​បើក​សវនាការ​នៅ​ខែ​ឧសភា​ឆ្នាំ​ក្រោយ៕​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង