រឿង​រ៉ាវ​មួយ​ចំនួន​​ពី​ឡាន​ប្រភេទ​​ Sedan អ្នក​អាច​មិន​ដឹង​សោះ

  • 2017-11-08 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ​ Sedan (ឬ​ហៅ​ថា​ Saloon សម្រាប់​​ជនជាតិ​អង់គ្លេស​ និង​អៀរឡង់) ជា​ប្រភេទ​រថយន្ត​អ្នក​ដំណើរ​ដែល​មាន​​​សណ្ឋាន​ជា​បី​​ផ្នែក​រួម​មាន​ម៉ាស៊ីន, កន្លែង​អង្គុយ និង​កន្លែង​ដាក់​ឥវ៉ាន់ ហើយ​អាច​មាន​ទ្វារ​ពីរ ឬ បួន។

​កន្លែង​សម្រាប់​អង្គុយ​មាន​ចែក​ចេញ​ជា​ពីរ​ជួរ ចំណែក​​កន្លែង​ដាក់​ឥវ៉ាន់​​ភាគ​ច្រើន​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​ លើក​លែង​រថយន្ត​មួយ​ចំនួន​មាន​ម៉ាស៊ីន​នៅ​ខាង​ក្រោយ​ ហេតុ​នេះ​មាន​​​កន្លែង​​ដាក់​ឥវ៉ាន់​នៅ​ខាង​មុខ​ជំនួស​វិញ។ ដោយ​ឡែក​ចំពោះ​រថយន្ត​ Sedan ប្រភេទ​អគ្គិសនី​វិញ​​ដូច​ជា​ Tesla Model S មិន​មាន​ផ្នែក​ម៉ាស៊ីន​ឡើយ​ ហេតុ​នេះ​​វា​មាន​កន្លែង​ដាក់​ឥវ៉ាន់​ទាំង​មុខ​ និង​ក្រោយ​ ឬ​មាន​បន្ថែម​កៅអី​​សម្រាប់​អ្នក​ដំណើរ​មួយ​ជួរ​ទៀត​នៅ​ផ្នែក​ខាង​ក្រោយ។​​

ពាក្យ​ថា​ Sedan នេះ​ប្រហែល​ជា​បំបែក​ចេញ​ពី​​​ភាសា​អ៊ីតាលី​ភាគ​​ខាង​ត្បូង​​នៃ​ពាក្យ​ “Sedia” (មាន​ន័យ​ថា​កៅអី) ​​ដែល​លេច​ចេញ​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​ ១៦៣០ ​ហើយ​ពាក្យ​នេះ​ដំបូង​ត្រូវ​ប្រើ​សម្គាល់​លើ​គ្រែ​ស្នែង​សែង​ដោយ​មនុស្ស​ពីរ​នាក់​។

រថយន្ត​​ប្រភេទ​បិត​ជិត​ (Closed Car) ដំបូង​គេ​ដែល​បាន​ប្រើ​ពាក្យ​ថា​ Sedan នេះ​គឺ​ Speedwell ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Speedwell Motor Car ក្នុង​ឆ្នាំ​ ១៩១១។ ប៉ុន្តែ​មុន​មាន​ការ​ប្រើ​ពាក្យ​នេះ​​រថយន្ត​ដែល​បិត​ជិត​ត្រូវ​បាន​គេ​ហៅ​ថា​ Saloon ឬ Limousine។ ពាក្យ​ថា​ "Convertible Sedan” ត្រូវ​បាន​ប្រើ​អំឡុង​ទសវត្ស​ឆ្នាំ​ ១៩៣០ ​សម្រាប់​រៀប​រាប់​ពី​រថយន្ត​ដែល​មាន​ដំបូល​ទន់​ អាច​បត់​បាន។

រថយន្ត​ Sedan នេះ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​​ទៀត​ ដូច​ខាង​ក្រោម ៖

@ Club Sedan

ជា​ប្រភេទ​រថយន្ត​ទ្វារ​ពីរ​ ឬ​បួន​ ​មាន​ដំបូល​ប្រវែង​​ខ្លី​ និង​មាន​ផ្ទៃ​ខាង​ក្នុង​តូច។ រថយន្ត​ប្រភេទ​នេះ​តែង​មាន​លើ​ពពួក​រថយន្ត​ស៊េរី​ខ្ពស់​របស់​សហរដ្ឋអាមេរិក នៅ​​អំឡុង​ពាក់​កណ្ដាល​ទសវត្ស​ ១៩២០ និង​ ពាក់​កណ្ដាល​ទសវត្ស ១៩៥០។ ​​

​@ Notchback Sedan

ជា​ប្រភេទ​រថយន្ត​ Sedan ដែល​មាន​ផ្នែក​​អ្នក​ដំណើរ​ដាច់​ចេញ​ពី​កន្លែង​ដាក់​ឥវ៉ាន់ ពេល​មើល​ពី​ចំហៀង។ ដំបូល​មាន​សភាព​រាប​ស្មើ​ ចំណែក​គម្រប​កន្លែង​ដាក់​ឥវ៉ាន់​ក៏​រាប​ស្មើ​ដូច​គ្នា។

​​ ​​​​​​​​​@ Fastback Sedan

ជា​ប្រភេទ​រថយន្ត​ដែល​មាន​ដំបូល​​ជ្រាល​រហូត​ដល់​កន្លែង​ដាក់​ឥវ៉ាន់។

@ Hardtop Sedan

រថយន្ត​ Sedan ធម្មតា​តែង​តែ​មាន​គ្រោង​​ជុំវិញ​​កញ្ចក់​បង្អួច​ ប៉ុន្តែ​ចំពោះ​​ប្រភេទ​ Hardtop Sedan មិន​មាន​​គ្រោង​​ឡើយ។ នៅ​អំឡុង​ទសវត្ស​ឆ្នាំ​ ១៩៦០ ទៅ ១៩៧០ រថយន្ត​ប្រភេទ​នេះ​លក់​ដាច់​បំផុត​នៅ​សហរដ្ឋអាមេរិក។

@ Hatchback Sedan

Hatchback នេះ​ស្រដៀង​នឹង​ Fastback ដែរ​ ប៉ុន្តែ​ផ្នែក​ខាង​ក្រោយ​ទាំង​មូល​របស់​វា​អាច​ទាញ​បើក​ចេញ​បាន​ មិន​ដូច​ Fastback ដែល​បើក​បាន​តែ​ពាក់​កណ្ដាល​នោះ​ទេ។ រថយន្ត​ដែល​មាន​ទ្វារ​អ្នក​ដំណើរ​បួន រួម​នឹង​​ទ្វារ​ទាញ​ឡើង​នៅ​​ផ្នែក​ខាង​ក្រោយ​មួយ​ គេ​អាច​ហៅ​វា​ថា​ Hatchback ទ្វារ​បួន, Hatchback ទ្វារ​ប្រាំ, Hatchback Sedan ទ្វារ​បួន ឬ Sedan ទ្វារ​ប្រាំ។ Hatchback Sedan ក៏​មាន​ជា​ប្រភេទ​ទ្វារ​ពីរ​ដែរ​ ដូច​ជា​ Ford Fiesta, Ford Focus ឬ Chevrolet Chevette ជា​ដើម។

​​​@ Chauffeured Sedan

ជា​ប្រភេទ​រថយន្ត​ដែល​មាន​ចែក​ផ្នែក​អ្នក​បើកបរ​ និង​ផ្នែក​អ្នក​ដំណើរ​ខាង​ក្រោយ​ដាច់​ចេញ​ពី​គ្នា ហើយ​ផ្នែក​អ្នក​ដំណើរ​ខាង​ក្រោយ​មាន​ប្រវែង​វែងទូលាយ អាចអង្គុយបានយ៉ាង​ស្រួល។ ប្រភេទ​រថយន្ត​ដែល​ប្រើ​រចនាបថ​នេះ​មាន​ដូច​ជា​ Lincoln Town Car, Cadillac, Mercedes-Benz និង Rolls-Royce ជា​ដើម៕​

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង