កូនស្រីតែម្នាក់គត់​របស់ប្រធានាធិបតី​ឥណ្ឌូនេស៊ី រៀបអាពាហ៍​ពិពាហ៍ហើយ

  • 2017-11-09 05:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kahiyang Ayu គឺ​ជា​កូន​ស្រី​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បងប្អូន​ ៣នាក់​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ។ ការ​រៀប​ចំ​ពិធី គឺ​យក​តាម​ប្រពៃណី​ជ្វា​ និង​មាន​ការ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ផង។

លោក​ប្រធានាធិបតី​ល្បី​ប្រើ​កណ្ដាប់​ដៃ​ដែក​បាញ់​កម្ទេច​ទូក​នេសាទ​បរទេស​ខុស​ច្បាប់​នេះ ​បាន​អញ្ជើញ​ភ្ញៀវ​ចូល​រួម​​ប្រមាណ ៨ ០០០​នាក់ មាន​ទាំង​អ្នក​នយោបាយ ​អ្នក​មុខ​អ្នកការ​ជា​ច្រើន​រូប​ផ្សេង​ទៀត។

​នៅ​ពេល​ល្ងាច​មុន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ គ្រួសារ​​ខាង​​កូន​ក្រមុំ​បាន​ស្លៀក​ពាក់​បែប​ទំនៀម​ទម្លាប់​ប្រពៃណី​ជ្វា​ជា​ច្រើន​ឈុត។ ​ពិធី និង​ក្បួន​ដង្ហែ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី ៨ វិច្ឆិកា ម្សិលមិញ​នៅ​គេហដ្ឋាន​ខាង​ស្រី​ក្នុង​ក្រុង Surakarta ខេត្ត Central Java។

ចំណែក​កូន​កំលោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Muhammad Bobby Afif Nasution ជា​អ្នក​ជំនួញ​អចលនទ្រព្យ និង​ជា​សមាជិក​ជនជាតិ​ភាគតិច Batak។ កូន​ក្រមុំ​មាន​អាយុ ២៦​ឆ្នាំ ជា​កូន​កណ្ដាល ដោយ​មាន​ប្អូន​ប្រុស​ម្នាក់ និង​បងប្រុស​ម្នាក់។

លោក​ប្រធានាធិបតី​ បាន​ជួល​រទេះ​សេះ​ចំនួន ៥០​គ្រឿង​ ដើម្បី​ទទួល​ដឹក​ភ្ញៀវ​មួយ​ចំនួន​។ គួរ​រម្លឹក​ថា វីដូដូ ជា​ចៅហ្វាយ​ក្រុង Solo ដំបូង​គេ បន្ទាប់​មក​ជា​អភិបាល​ក្រុង​ចាកាតា មុន​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៤។ ក្នុង​ការ​ដឹក​នាំ​ប្រទេស លោក​​ទទួល​បាន​ការ​សាទរ​​ខ្លាំង​ពី​យុទ្ធនាការ​បាញ់​កម្ទេច​ទូក​​នេសាទ​ខុស​ច្បាប់​​បរទេស​មិន​រើស​មុខ ដែល​ចូល​នេសាទ​ក្នុង​ដែន​ទឹក​របស់​ខ្លួន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី