អ្នកឧស្សាហ៍​ជប់ខ្យល់ ប្រយ័ត្នស៊យធំ ដូច​បុរស​ម្នាក់​នេះ

  • 2017-11-11 04:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជប់​ខ្យល់ ជា​វិធី​ព្យាបាល​បែប​បុរាណ​​ប្រើ​ប្រាស់​សម្រាប់​កាត់​បន្ថយ​អាការៈ​ឈឺ​ចុក​ចាប់ ចុក​រោយ ឈឺ​ក្បាល ​ឬ​ក្ដៅ​ខ្លួន​​ដើម្បី​ពង្រឹង​​ចរន្ត​សរសៃ​ឈាម។ ​

ទោះ​បី​​សព្វ​ថ្ងៃ​ មាន​ការ​ពេញ​និយម​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ក្នុង​ការ​ព្យាបាល​អាការៈ​ច្រើន​មុខ​ក៏​ដោយ ​ក៏​ខាង​​វិទ្យាសាស្ត្រ​រក​ឃើញ​ថា វា​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដែរ។ តួយ៉ាង​ដូច​បុរស​ខាង​ក្រោម​នេះ គាត់​បាន​ជប់​ខ្យល់​ ដើម្បី​ព្យាបាល​រោគ​រលាក​ទង​សួត បែរ​ជា​​ជួប​គ្រោះ​ថ្នាក់​លើស​ដើម។

​បុរស​វ័យ​កណ្ដាល​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Goh រស់​ទៅ​ក្រុង Wuhan តែង​តែ​ក្អក​ឥត​ឈប់​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ម្ដង​ៗ ព្រោះ​គាត់​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ។ ​ដើម្បី​ព្យាបាល​ឲ្យ​បាត់​ក្អក គាត់​បាន​ឲ្យ​គេ​ជប់​ខ្យល់​ជា​ញឹក​ញាប់​ ព្រោះ​ជឿ​ជាក់​ថា ​អាច​បំបាត់​អាការៈ​ត្រជាក់​ក្នុង​រាងកាយ។ គាត់​បាន​ប្រើ​វិធី​នេះ​យូរ​ដែរ​ហើយ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​​តប់ប្រមល់ និង​ចុក​ទ្រូង ក្រោយ​​ជប់ខ្យល់​​ម្ដង​ៗ។

​​កម្លាំង​ចាប់​ផ្ដើម​ខ្សោយ​ទៅ​ៗ មុខ​មាត់​ក៏​ស្លេក​ស្លាំង​ខុស​ធម្មតាដែរ។ ​ដោយ​មាន​ការ​ព្រួយបារម្ភ គ្រួសារ​របស់​គាត់​ បាន​ប្រញាប់​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ ​និង​ធ្វើ​ឲ្យ​គ្រូពេទ្យ​ជា​ច្រើន​ភ្ញាក់ផ្អើល​​នូវ​លទ្ធផល​ដែល​បាន​​រក​ឃើញ។ ​បំពង់​ខ្យល់​ក្នុង​សួត​មាន​ភាព​មិន​ប្រក្រតី ឯ​​សួត​​ខាង​ស្ដាំ​បាន​រួម​តូច​រហូត​ដល់ ៩០​% បន្ទាប់​មក​ ក្រុម​គ្រូពេទ្យ​បាន​ប្រញាប់​វះកាត់​ប៉ះប៉ូវ​ប្រហោង​ក្នុង​សួត​ភ្លាម​ៗ​តែម្ដង។

យោង​​ទៅ​តាម​គ្រូពេទ្យ​ទទួល​បន្ទុក​អះអាង​​ថា ​អ្នក​ជំងឺ​បាន​​កើត​អាការៈ​រលាក​ទង​សួត​ជា​យូរ​​ហើយ​​ដែល​ធ្វើ​ឲ្យ​សួត​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ​លោក​ជឿ​ថា ការ​ជ្រើស​រើស​​វិធី​ជប់​ខ្យល់​នេះ​ បាន​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ក្នុង​ប្រហោង​ទ្រូង និង​ប៉ះពាល់​ដល់​បំពង់ខ្យល់​ទៅ​កាន់​សួត។

លោក​វេជ្ជបណ្ឌិត​ខាង​លើ ក៏​ផ្ដល់​ដំបូន្មាន​ឲ្យ​គ្រប់​គ្នា​​គួរ​ជៀសវាង​ជប់ខ្យល់ ព្រោះ​វា​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​សួត។ ​ចំណែក ស្ត្រី​មាន​ផ្ទៃ​ពោះ ​អ្នក​មក​រដូវ ឬ​អ្នក​មាន​បញ្ហា​​ឈាម​កក​ គួរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ជប់ខ្យល់​​នេះ​ឲ្យ​បាន​ផងដែរ​៕

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី