Dortmund ​រក​មុខ​មេ Fan Club ​នៅ​កម្ពុជា ​ដើម្បី​ជួយ​ឧបត្ថម្ភ​និង​ហៅ​ទៅ​លេង​អាល្លឺម៉ង់

  • 2017-11-13 01:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​​ល្បី​ក្នុង​ពិភព​លោក Burussia Dortmund ​កំពុង​ស្វែង​រក​ Fan Club ​នៅ​កម្ពុជា ​ក្នុង​ន័យ​ជួយ​ជ្រោមជ្រែង​ពួកគេ​បន្ដ​ធ្វើ​សកម្មភាព ​និង​មាន​ឱកាស​ហៅ​ទៅ​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ផ្ទាល់​នៅ​ទឹក​ដី​អាល្លឺម៉ង់​ផង​ដែរ។

លោកSuresh Letchmanan ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ប្រាប់ Sabay ​ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា​លោក​ពិត​ជា​រីករាយ​ដែល​ដឹង​ថា​នៅ​កម្ពុជា​មាន​អ្នក​គាំទ្រ​ក្លឹប Dortmund ​ច្រើន។ ​ប្រសិន​បើ​លោក​បាន​ស្គាល់ មេ Fan Club ​នៅ​កម្ពុជា ​នោះ​វា​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ន័យ​បង្កើត​កម្មវិធី​ផ្សេង​ៗ​ឱ្យ​ច្រើន ធ្វើ​ឱ្យ​គេ​ស្គាល់​ក្លឹប​នៅ​អាល្លឺម៉ង់​មួយ​នេះ​កាន់​តែ​ខ្លាំង។

លោក Suresh ​បន្ថែម​ថា​ប្រសិន​បើ​នៅ​កម្ពុជា​មិន​ទាន់​មាន​អ្នក​ចេញ​មុខ ​ឬ​មិន​ទាន់​បង្កើត​ជា Fan Club ​បាន​ទេ ​នោះ​លោក​សង្ឃឹម​ថា​នឹង​មាន​អ្នក​គាំទ្រ​រួបរួម​គ្នា ​ដើម្បី​បង្កើត​ជា​ក្រុម​ឱ្យ​បាន​លឿន​បំផុត។ ការ​បង្កើត​ជា​អ្នក​គាំទ្រ​នេះ ​គឺ​ពិត​ជា​សំខាន់ ​ក្នុង​ចែក​រំលែក​ព័ត៌មាន​ពិត​ៗ ​ដល់​អ្នក​គាំទ្រ​ដទៃ ​និង​ទាក់ទាញ​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ថែម​ទៀត។

ក្លឹប Burussia Dortmund ​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​ស្រាបៀរ​អង្គរ ​របស់​កម្ពុជា ​ហើយ​ការ​សហការ​គ្នា​នេះ​ដែរ ​នឹង​ផ្ដល់​ឱកាស​ជា​ច្រើន​ដល់​វិស័យ​បាល់ទាត់​ជាតិ ព្រោះ​ថា​នៅ​ថ្ងៃ​មុខ ​ពួកគេ​អាច​នឹង​ហៅ​គ្រូ​បង្វឹក​ឬ​កីឡាករ​ណា​ម្នាក់​មក​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី