ធ្លាយដំណឹងដំបូងពី iPhone ចេញឆ្នាំ ២០១៨
- 2017-11-14 02:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយដំណឹងដំបូងពី iPhone ចេញឆ្នាំ ២០១៨
ចន្លោះមិនឃើញ
លោក Ming Chi Kuo អ្នកវិភាគប្រចាំក្រុមហ៊ុន KGI បានធ្វើការប៉ាន់ស្មានជាលើកដំបូងអំពី iPhone ចេញឆ្នាំ ២០១៨ ដោយអាចនឹងមានបីម៉ូដែលរួមមានប្រភេទទំហំអេក្រង់ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញប្រើអេក្រង់ OLED និង ប្រភេទអេក្រង់ ៦,១ អ៊ីញប្រើអេក្រង់ LCD។
អ្នកវិភាគល្បីឈ្មោះខាងលើជឿថា iPhone ទាំងបីម៉ូដែលនឹងមានការរចនាផ្ទៃអេក្រង់មានដុះស្នែង និងមានប្រព័ន្ធកាមេរ៉ា TrueDepth ដូចជា iPhone X ដែរ។ មិនតែប៉ុណ្ណោះក៏រំពឹងថា ម៉ូដែល ៥,៨ អ៊ីញមានដង់ស៊ីតេរូបភាព ៤៥៨ ភីកសែល/អ៊ីញ, ម៉ូដែល ៦,៥ អ៊ីញមានដង់ស៊ីតេពី ៤៨០ ទៅ ៥០០ ភីកសែល/អ៊ីញ និងម៉ូដែល ៦,១ អ៊ីញមានដង់ស៊ីតេចន្លោះពី ៣២០ ទៅ ៣៣០ ភីកសែល/អ៊ីញ។
លោក Kuo បានសង្កត់ធ្ងន់ថា iPhone ប្រើអេក្រង់ LCD ទំហំ ៦,១ អ៊ីញនឹងផលិតសម្រាប់ទីផ្សារទូរសព្ទលំដាប់ទាប និងលំដាប់កណ្ដាល ដោយមានតម្លៃប៉ាន់ស្មានពី ៦៤៩ ដុល្លារ ទៅ ៧៤៩ ដុល្លារ នៅសហរដ្ឋអាមេរិក។ អ្នកវិភាគរូបនេះមិនបាននិយាយអំពីតម្លៃ iPhone អេក្រង់ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញឡើយ។
ប្រសិនបើការលើកឡើងខាងលើត្រឹមត្រូវមែន នោះ iPhone ចេញឆ្នាំ ២០១៨ នឹងមានជា iPhone X អេក្រង់ ៥,៨ អ៊ីញជំនាន់ទីពីរ, iPhone អេក្រង់ទំហំ ៦,៥ អ៊ីញដែលអាចជា iPhone X Plus រួមជាមួយ iPhone លំដាប់កណ្ដាលអេក្រង់ ៦,១ អ៊ីញ ដែលមានចំណុចពិសេសៗដូច iPhone X តែមានតម្លៃធូរថ្លៃជាង។
ត្បិតថាកន្លងមកការប៉ាន់ស្មានរបស់លោក Kuo មិនត្រូវ ១០០% ប៉ុន្តែគាត់ឧស្សាហ៍ទទួលបានដំណឹងច្បាស់ការពីប្រភពដែលចេញពីខ្សែសង្វាក់ផលិតកម្មរបស់ Apple ផ្ទាល់។ មុនការប្រកាសចេញ iPhone X លោក Kuo បានរៀបរាប់យ៉ាងលម្អិត និងត្រូវចំៗអំពីអេក្រង់ទំហំ ៥,៨ អ៊ីញ, រចនាបថពីកញ្ចក់លាយនឹងលោហៈ, មិនមាន Touch ID, កាមេរ៉ាស្កេនមុខ 3D និងចំណុចពិសេសដទៃទៀត៕