កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ ស្រី​ស្អាត នូណា បែរ​ជា​មិន​ទទួល​ថត​រឿង​ថ្មី

  • 2017-11-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​សម្រស់​ និង​ទេពកោសល្យ​ ពន្លក​ថ្មី​វ័យ​ក្មេង​ក្នុង​វិស័យ​សម្ដែង នូណា ទទួល​បាន​ការ​គាំ​ទ្រ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​មហាជន​ជា​​មួយ​រឿង​ភាគ​ដំបូង​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិតករ​ភាពយន្ត​ជា​ច្រើន​បាន​ទាក់​ទង​ឲ្យ​នាង​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​​ថ្មីៗ​ជា​ច្រើន​ទៀត។

នូណា ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តួ​អង្គ​ កញ្ចនា​ ក្នុង​រឿង​ភាគ​ "សិសិររដូវ​ក្នុង​បេះដូង"។ ជា​មួយ​តួ​អង្គ​នេះ នាង​បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​​ និង​សរសើរ​មិន​ដាច់​មាត់​​ ទៅ​លើ​​រូប​សម្រស់​ និង​ទេពកោសល្យ​សម្ដែង​ជា​តួ​កាច​​ឆ្នាសឆ្នើម​បាន​យ៉ាង​ល្អ ទាំង​ខ្លួន​នៅ​វ័យ​ក្មេង​ដូច​នេះ។

និយាយ​ទាំង​ញញឹម​ ស្រី​ស្អាត​ខាង​លើ បាន​ប្រាប់​ Sabay ថា​ បន្ទាប់​ពី​រឿង​ភាគ​នេះ​ចេញ​ផ្សាយ មាន​ផលិតករ​ជា​ច្រើន​ទាក់ទង​នាង​​សម្ដែង​ជា​ហែហូរ​តែ​នាង​បដិសេធ។ "​មាន​ក្រុមហ៊ុន​គេ​ទាក់​ទង​ឲ្យ​ថត​​រឿង​ភាគ២ ៣​រឿង​ដែរ​បង តែ​ខ្ញុំ​មិន​ហ៊ាន​ទទួល​ ​ព្រោះ​ខ្លាច​រវល់​ហើយ​ធ្វើ​ឲ្យ​គេ​អត់​បាន តែ​សម្រាប់​​ការ​សម្ដែង​ស្ប៉ត​ និង​កម្មវិធី​នានា​ខ្ញុំ​ទទួល"។ យុវតី​ថ្ពាល់​ខួច​​​ទាំង​ទ្វេ​ថ្លែង។

​​ម្យ៉ាង​ទៀត​ពន្លក​ថ្មី​រូប​នេះ​កំពុង​ស្ថិត​នៅ​ការ​វ័យ​សិក្សា​ ដូច្នេះ​ទើប​នាង​មិន​សូវ​សម្រេច​ចុះ​​កុង​ត្រា​ និង​ប្រឡូក​ខ្លាំង​លើ​វិស័យ​សម្ដែង​ភាពយន្ត​នេះ​ឡើយ។ នូណា បញ្ជាក់​ថា បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​ នាង​​រៀន​ថ្នាក់​ទី​១១ ដែល​ជា​ថ្នាក់​សិក្សា​ត្រៀម​​​ប្រឡង​យក​​សញ្ញាប័ត្រ​ទុតិយភូមិ​​នៅ​ឆ្នាំ​ក្រោយ។

យុវតី​វ័យ​១៦​ឆ្នាំ នូណា ​មាន​​ឈ្មោះ​ពិត​ថា ហួ លីហេង។ នាង​ប្រឡូក​សិល្បៈ​បាន​ជិត​១​ឆ្នាំ​ហើយ តាម​រយៈ​គ្រូ​បង្ហាត់​ដើរ​ម៉ូដ និង​មាន​ការ​ងារ​ស្នូល​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម P& E។ សម្រាប់​ភាពយន្ត​ នាង​បង្ហាញ​មុខ​ដំបូង​ក្នុង​រឿង​អប់រំ​ខ្លី​មួយ​គឺ " ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹក​ភ្នែក​ក្មេង​ឈាម​រាវ" និង​បាន​សម្ដែង​ក្នុង​រឿង​ភាគ​ខ្មែរ​ខ្នាត​ធំ​ "សិសិររដូវ​ក្នុង​បេះដូង​" ដែល​ទើប​តែ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ពេល​ថ្មីៗ​នេះ៕ ​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី