២០១៧ ​ជា​ឆ្នាំ​កម្ពុជា​យីអ៊ុន​ដាក់​ខ្លាំង ​ឈ្នះ​តែ​១​ប្រកួត​គត់ ហើយ​ថយ​អ្នក​គាំទ្រ​ទៀត

  • 2017-11-16 02:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​២០១៧​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អស់​ប្រកួត​បាត់​ហើយ ​ក្រោយ​ពី​ប្រកួត​ចុង​ក្រោយ​ចាញ់​ក្រុម​ហ្សកដានី ១-០ ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។

ហាក់​មក​លទ្ធផល​នៃ​ការ​ប្រកួត​ពេញ​១​ឆ្នាំ​នេះ​វិញ ​កម្ពុជា​ហាក់​ដូចជា​មិន​គាប់​ប្រសើរ​នោះ​ទេ ពោល​គឺ​គិត​ទាំង​ប្រកួត​ផ្លូវ​និង​មិត្តភាព​ទៅ ​៩​ប្រកួត ​ឈ្នះ​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ ដោយ​ឈ្នះ​ក្រុម​អាហ្វហ្គានីស្ថាន​ក្នុង​លទ្ធផល ១-០។ ផ្ទុយ​ទៅ​វិញ ​ការ​ចាញ់​វិញ​នោះ ​គឺ​ហាក់​ដូចជា​ច្រើន​ៗ​ដែរ ​តួ​យ៉ាង​ដូច​ប៉ះ​ហ្សកដានី​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ចាញ់​ក្នុង​លទ្ធផល ៧-០ ​និង​ចាញ់​វៀតណាម ៥-០។

តួ​លេខ​នេះ ​បាន​បញ្ជាក់​ថា​កម្ពុជា​ឆ្នាំ​២០១៧ ​មិន​ដូច​កាល​ឆ្នាំ​២០១៦​ទេ ដែល​កាល​គ្រា​នោះ ​ក្រុម​គោ​ព្រៃ​អាច​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​សប្បាយ​រីករាយ​ច្រើន។ មួយ​វិញ​ទៀត ​បើ​ទោះ​ជា​បរាជ័យ​ក៏​មិន​បរាជ័យ​ច្រើន​គ្រាប់​ដូច​ឆ្នាំ​នេះ​ដែរ ។

កត្តា​ទាំង​អស់​នេះ​ហើយ ក៏​បាន​ធ្វើ​ឱ្យ​សន្ទុះ​នៃ​ការ​គាំទ្រ​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ឆ្នាំ​២០១៧​នេះ ​តួ​យ៉ាង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​អ្នក​គាំទ្រ​កម្ពុជា​ទោះ​ជា​ប្រកួត​លក្ខណៈ​មិត្តភាព​ឬ​យ៉ាង​ទេ ​អាច​និយាយ​បាន​ថា​មក​គាំទ្រ​ពេញ​ៗ​កីឡដ្ឋាន​តែ​ម្ដង។ ​តែ​សម្រាប់​ឆ្នាំ​នេះ​វិញ ​សន្ទុះ​អ្នក​គាំទ្រ​ថមថយ ព្រោះ​ការ​ប្រកួត​អ្នក​គាំទ្រ​អាច​ដឹង​មុន ​ឬ​គ្មាន​ភាព​សប្បាយ​ចំពោះ​ពួកគេ​ទេ។

ជា​ឧទាហរណ៍​អ្នក​គាំទ្រ​បាល់ទាត់​ធ្លាប់​បាន​ប្រាប់​មក​ខាង Sabay ​ថា​ពួកគេ​ពិត​ជា​ចង់​ឃើញ​ការ​ប្រកួត​កម្ពុជា​និង​ទទួល​បាន​ជ័យជម្នះ​ខ្លាំង​ណាស់។ តែ​បើ​ការ​ប្រកួត​ដែល​ចាញ់ ចាញ់ ​ងើប​មុខ​មិន​រួច​យ៉ាង​នេះ ​ពួកគេ​អាច​នៅ​គាំទ្រ​ពី​ផ្ទះ​វិញ​ក៏​បាន មិន​ចាំ​បាច់​មក​ដល់​ពហុ​កីឡដ្ឋាន​ជាតិ​ទេ។ ក្រុម​កម្ពុជា​លេង​ជាមួយ​ក្រុម​ខ្លាំង ​ពិត​ជា​ល្អ ​បើ​ទោះ​ជា​បរាជ័យ​ឬ​ឈ្នះ​ក៏​ដោយ ប៉ុន្តែ​ត្រូវ​គិត​ពី​លទ្ធផល​សម្រាប់​អ្នក​គាំទ្រ​ផង។ ការ​ចាញ់​រហូត​ពេក ​អាច​ធ្វើ​ឱ្យ​ស្មារតី​គាំទ្រ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ធ្លាក់​ចុះ​ជា​មិន​ខាន៕

អត្ថបទ៖ មុន្នីរម្យ