Mark ដឹង​ថា​ Facebook ធ្វើ​ឲ្យ​មនុស្ស​ញៀន​ នៅ​តែ​បង្កើត​វា​​

  • 2017-11-16 03:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sean Parker ដែល​ជា​ប្រធាន​ដំបូង​គេ​​របស់​បណ្ដាញ​សង្គម​ Facebook បាន​ទទួល​ស្គាល់​ថា​ពេល​នេះ​ខ្លួន​ក្លាយ​ជា​អ្នក​ជំទាស់​មួយ​រូប​ចំពោះ​បណ្ដាញ​សង្គម Facebook។

​​​​​​​​​​​​​អតីត​ប្រធាន​វ័យ​ ៣៧ ឆ្នាំ​រូប​នេះ​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ ៖ "Facebook បាន​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​អ្នក​ជា​មួយ​សង្គម និង​អ្នក​ជុំវិញ​ខ្លួន។ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ​ទើប​ដឹង​ថា​វា​បាន​​ជះ​ឥទ្ធិពល​​ដល់​​ខួរ​ក្បាល​កូនៗ​របស់​យើង​​​បែប​ណា​ខ្លះ”។ គាត់​បន្ថែម​ថា​ Facebook ផលិត​ឡើង​ដើម្បី​វាយ​ឲ្យ​ចំ​ចំណុច​ខ្សោយ​របស់​មនុស្ស ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ញៀន។

Sean បន្ត​លើក​ឡើង​ទៀត​ថា ៖ "អ្នក​បង្កើត​ ​រួម​មាន​ខ្ញុំ, Mark Zuckerberg និង Kevin Systrom ​​ដែល​ជា​អ្នក​បង្កើត​ Instagram សុទ្ធ​តែ​ដឹង​ពី​ចំណុច​នេះ​ ហើយ​យើង​នៅ​តែ​សម្រេច​ធ្វើ​វា"។

Sean ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក​​វិទ្យាស្ថាន​ព្យាបាល​ជំងឺ​មហារីក​បាន​ពន្យល់​ថា​ Facebook ប្រើ​ប្រាស់​ចំនួន​ Like និង Share ដើម្បី​បង្កើត​​ជា​ Loop មួយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មិន​អាច​ដក​ចិត្ត​បាន។ វា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ផ្ដល់​នូវ​ Content (ការ​បង្ហោះ​រូបភាព, វីដេអូ​ ឬ Status) ឲ្យ​ Facebook ​ជា​បន្ត​បន្ទាប់។

មហាសេដ្ឋី​រូប​នេះ​បន្ថែម​ថា​ គោល​គំនិត​នៃ​ការ​បង្កើត​ Facebook ​ដំបូង​កើត​ចេញ​ពី​​​ការ​រិះ​រក​វិធី​​ដើម្បី​​ទាញ​យក​ពេល​វេលា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច៕ ​​

ប្រភព៖ nypost   ប្រែ​សម្រួល៖ សុខហេង