ឡាន​តម្លៃ​ ១ លាន​ដុល្លារ​ បុក​ខ្ទេច​នៅ​ខ្មែរ ល្បី​ដល់​សារព័ត៌មាន​បរទេស​

  • 2017-11-17 04:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​ថ្មីៗ​នេះ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដែល​បណ្ដាល​ឲ្យ​រថយន្ត​ McLaren P1 ពាក់​ស្លាក​លេខ​ភ្នំពេញ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ​ករណី​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផ្អើល​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ល្បី​ដល់​វិបសាយ​​​ព័ត៌មាន​​បរទេស​ Car Scoops ទៀត​ផង។

វិបសាយ​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា​ រថយន្ត​ដែល​ដឹក​ McLaren កំពូល​ថ្លៃ បាន​បុក​គ្នា​ជា​មួយ​នឹង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​​អណ្ដូង​ទឹក។ ដំណើរ​ការ​ស៊ើបអង្កេត​​អំពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​នរណា​ចេញ​មុខ​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​រថយន្ត​ផលិត​មាន​កំណត់​ត្រឹម​ ៣៧៥ គ្រឿង​នេះ​នៅ​ឡើយ​ទេ។

តាម​រយៈ​រូប​ភាព​ដែល​ចែក​ចាយ​ពាស​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​បង្ហាញ​ថា​ McLaren P1 បាន​រង​គ្រោះ​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ។ McLaren P1​ នេះ​ដែរ​​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ១,‌១៥ លាន​ដុល្លារ មាន​ប្រើ​ម៉ាស៊ីន​ Twin-Turbocharged V8 ចំណុះ​ ៣,៨ លីត្រ កម្លាំង​ ៧២៧ សេះ អម​នឹង​ម៉ូទ័រ​អគ្គិសនី ដែល​​មាន​កម្លាំង​ ១៧៧ សេះ​ផង​ដែរ៕​​​​​​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង