Tesla Roadster ​រថយន្ត​អគ្គិសនី​ថ្មី​របស់​ Musk ​សាក​តែ​ម្តង​រត់​បាន​ ១០០០ ​គីឡូម៉ែត្រ

  • 2017-11-17 12:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Tesla Inc ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាត​ធំ​ Tesla Semi​ ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ អម​ដោយ​រថយន្ត​អគ្គិសនី​ស្ព័រ​ Tesla Roadster ​បង្អួត​រាង​យ៉ាង​ឡូយ​​​ ហើយ​នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​លោក​ Elon Musk ​និយាយ​ថា​ Tesla Roadster គឺ​ជា​រថយន្ត​អគ្គិសនី​ស្ព័រ​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ធ្លាប់​ផលិត​កន្លង​មក​ ។

រថយន្ត​ស្ព័រ​អគ្គិសនី​ Tesla Roadster ​តម្លៃ​ ២០​ម៉ឺន​ដុល្លារ​ មាន​ដំបូល​កញ្ចក់​បើក​បាន ​គឺ​ជា​កំណែ​ប្រែ​ថ្មី​សន្លាង​របស់​ Tesla ដោយ​មាន​កៅអី​អង្គុយ​ ៤ ​អាច​ធ្វើ​ដំណើរ​បាន​ ១​ពាន់​គីឡូម៉ែត្រ​ចំណាយ​ពេល​សាក​ថ្ម​តែ​ម្តង​តែ​ប៉ុណ្ណោះ​ ដែល​ជា​កំណត់​ត្រា​ថ្មី​របស់​រថយន្ត​អគ្គិសនី​ ។ Musk ​និយាយ​ថា​ វា​ (Tesla Roadster) ​អាច​បើកបរ​ក្នុង​ល្បឿន​ ១០០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ជាមួយ​នឹង​ល្បឿន​អតិបរមា​ ៤០២ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។ Musk ​បន្ត​ថា​ លោក​អ្នក​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​ឡូសអេនជឺឡែស​ទៅ​កាន់​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​និង​ត្រឡប់​មក​វិញ​ដោយ​មិន​ចាំ​បាច់​សាកថ្ម​ឡើយ​ ។

រថយន្ត​ Tesla Roadster ១០០០ ​គ្រឿង​ដំបូង​នឹង​មាន​តម្លៃ​ ២៥​ម៉ឺន​ដុល្លារ​ខណៈ​ម៉ូដែល​ក្រោយៗ​ទៀត​នឹង​មាន​តម្លៃ​ ២០​ម៉ឺន​ដុល្លារ​ ។ Tesla Roadster ​នឹង​មាន​លើ​ទីផ្សារ​នៅ​ឆ្នាំ​ ២០២០ ​បន្ទាប់​ពី​ក្រុមហ៊ុន​បញ្ចេញ​ Tesla Semi ​នៅ​ឆ្នាំ​ ២០១៩ ។ ភាគហ៊ុន​របស់​ Tesla បាន​កើន​ឡើង​៤៦%​ក្នុង​ឆ្នាំ​នេះ​ ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ទី​២​នៅ​អាមេរិក​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ ។

គួរ​បញ្ជាក់​ថា​ គម្រោង​ចាយ​លុយ​ធំ​សម្បើម​របស់​ Tesla ​មាន​ដូច​ជា​ រថយន្ត​អគ្គិសនី​ ដំបូល​សូឡា ​និង​ការ​ផ្ទុក​ថាមពល​ថ្ម​ទ្រង់ទ្រាយ​ធំ​សម្រាប់​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ