តែ​ប៉ុន្មាន​នាទី iPhone X លក់​អស់​ខ្ទេច​ នៅ​ទឹក​ដី​ Samsung

  • 2017-11-19 02:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X បាន​​ចាប់​ផ្ដើម​ទទួល​បើក​ការ​កុម្ម៉ង់​ទិញ​នៅ​​កូរ៉េ​ខាង​ត្បូង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ១៧ កន្លង​ទៅ។

បើ​តាម​ SK Telecom ក្រុមហ៊ុន​សេវា​ទូរសព្ទ​ដ៏​ធំ​មួយ​របស់​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ក្នុង​ពេល​តែ​ ៣ នាទី​ ស្តុក​សម្រាប់​​ផ្គត់ផ្គង់​ការ​កុម្ម៉ង់​ទិញ​​ iPhone X បាន​ហ្មត់​ខ្ទេច។ ធៀប​នឹង​ iPhone 7 កាល​ពី​ឆ្នាំ​មុន​ ត្រូវ​ប្រើ​ពេល​ ២០ នាទី​ទើប​អស់​ស្តុក​សម្រាប់​ការ​កុម្ម៉ង់​ទិញ។

SK Telecom ឲ្យ​ដឹង​ដែរ​ថា​បរិមាណ​នៃ​ iPhone X ដែល​ខ្លួន​មាន​សម្រាប់​ការ​​កុម្ម៉ង់​ទិញ​ មាន​តិច​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​ iPhone 8 ដែល​លក់​​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ដើម​ខែ​នេះ។ ដោយ​ឡែក​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ផ្សេង​ដូច​ជា​ KT Corp. បាន​និយាយ​ថា​​​ iPhone X របស់​ខ្លួន​ចំនួន​ ២០ ០០០ គ្រឿង​​ក៏​បាន​លក់​អស់​ដែរ ក្នុង​ពេល​ ៥ នាទី។

មន្ត្រី​របស់​​ក្រុមហ៊ុន​សេវា​ទូរសព្ទ​មួយ​បាន​លើក​ឡើង​ថា ៖ "​​ទំនិញ​ (iPhone X) ដែល​មាន​ក្នុង​ស្តុក​គឺ​​តិច​តួច​មែន​ទែន​សម្រាប់​ផ្គត់ផ្គង់​​តម្រូវ​ការ​របស់​អតិថិជន។ ចំពោះ​ទំនិញ​ដែល​នឹង​មក​ដល់​បន្ថែម​គេ​ក៏​មិន​ទាន់​ច្បាស់​ពី​បរិមាណ​របស់​វា​ដែរ​”។

អ្នក​តាមដាន​សហគ្រាស​ស្មាតហ្វូន​បាន​ប៉ាន់​ស្មាន​ថា​ iPhone X សម្រាប់​ទុក​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​កូរ៉េ​ខាង​ត្បូង​មាន​ប្រហែល​ ១៥០ ០០០ គ្រឿង តិច​ជាង​ចំនួន​ iPhone 8 ដែល​មាន​លើស​ពី​ ២០០ ០០០ គ្រឿង។

iPhone X ទំហំ​ ៦៤ GB លក់​នៅ​កូរ៉េ​ខាង​ត្បូង​មាន​តម្លៃ​ ១,៣៦ លាន​វ៉ុន (ប្រមាណ​ ១ ២៣៧ ដុល្លារ) និង​ទំហំ​ ២៥៦ GB តម្លៃ​ ១,៥៥ លាន​វ៉ុន (ប្រមាណ​ ១ ៤១៦ ដុល្លារ)។ តម្លៃ​នេះ​ឃើញ​ថា​ខ្ពស់​គួរ​សម​បើ​ប្រៀប​នឹង​​តម្លៃ​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ចាប់​ពី​ ៩៩៩ ដុល្លារ​ឡើង​ទៅ៕​​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង