PSG អាចនឹងជះលុយនាំយក Jose Mourinho ពីបិសាចក្រហមនារដូវក្តៅក្រោយនេះ
- 2017-11-19 08:29:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG អាចនឹងជះលុយនាំយក Jose Mourinho ពីបិសាចក្រហមនារដូវក្តៅក្រោយនេះ
ចន្លោះមិនឃើញ
PSG អាចនឹងត្រូវចាយលុយ៣០លានផោន (ជិត៤០លានដុល្លារ) ឲ្យក្រុមបិសាចក្រហម ប្រសិនបើក្លឹបអ្នកមាននេះចង់បាន Mourinho ទៅទឹកដីបារាំងនៅរដូវក្តៅក្រោយនេះមែន។ បើតាម The Mirror ចុះផ្សាយថ្ងៃនេះ។
ក្លឹបយក្សបារាំង កំពុងសង្ឃឹមថា Mourinho នឹងបញ្ចប់កុងត្រាមុនកំណត់ជាមួយ Man Utd។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ដ៏មានប្រជាប្រិយភាពបានមកដល់ទឹកដី Old Trafford កាលពី១៨ខែមុន ជំនួសតំណែងលោក Louis van Gaal ក្នុងឆ្នាំ ២០១៦ ជាមួយកុងត្រារយៈពេល៣ឆ្នាំឲ្យក្លឹបបិសាចក្រហម ដែលមានទំហំទឹកប្រាក់ជិត៦០លានដុល្លារ។ បានន័យថាបើ ក្លឹប PSG របស់ព្រះចៅកាតារ ចង់បានលោកទៅដឹកនាំមែន ត្រូវតែបង់លុយឲ្យ Man Utd ដើម្បីផ្តាច់កុងត្រា។
ប៉ុន្តែរឿងលុយកាក់ និយាយជាមួយក្លឹបអ្នកមានមួយនេះ ប្រហែលជាគ្មានបញ្ហាទេ។ ប្រសិនបើ គ្រូបង្វឹកវ័យ៥៤ឆ្នាំ ចាកចេញពី Man Utd មែន ក្រុមបិសាចក្រហមនឹងរើសគ្រូបង្វឹកទី៤ រាប់ចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ ២០១៣។
កន្លងមក Mourinho ធ្លាប់បាននិយាយថា លោកមិនមានបំណងនៅ Old Trafford រហូតទេ ខណៈដែលក្លឹបបានបង្ហើបថាចង់បន្តកុងត្រាឲ្យលោក និងថែមទាំងមានគម្រោងដំឡើងតម្លៃខ្លួនយ៉ាងច្រើនឲ្យMourinho មុនពេលបញ្ចប់រដូវកាលនេះ។ ប្រភពខាងលើបន្ត៕