តើ​គួរ​លាង​រថយន្ត​ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ ទើប​ជា​រឿង​ត្រឹមត្រូវ?

  • 2017-11-20 02:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មធ្យោបាយ​ពីរ​ក្នុង​ការ​លាង​សម្អាត​រថយន្ត ដោយ​មួយ​ត្រូវ​បង់​ប្រាក់​ថ្លៃ​សេវាកម្ម​លាង​សម្អាត​និង​មួយ​វិញ​ទៀត​អ្នក​អាច​ឆ្លៀត​ពេល​លាង​សម្អាត​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ បើ​មាន​ពេល​ទំនេរ​ច្រើន។ ប៉ុន្តែ​ទម្លាប់​លាង​រថយន្ត​ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ ទើប​ជា​រឿង​ត្រឹមត្រូវ?

ផ្អែក​តាម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ម្ចាស់​យានយន្ត​ទាំង​អស់ គួរ​លាង​សំអាត​រថយន្ត​ឲ្យ​បាន​ ១ ដង​ក្នុង​មួយ​សប្ដាហ៍ (៤ ដង​​ក្នុង​មួយ​ខែ) ក្នុង​លក្ខខណ្ឌ៖

  • បើកបរ​ក្នុង​តំបន់​ឧស្សាហកម្ម​និង​សំណង់​មមាញឹក
  • តំបន់​មាត់​សមុទ្រ (សារធាតុ​អំបិល​ក្នុង​ខ្យល់​អាច​បង្ក​ឲ្យ​បង្គំ​គ្រឿង​ក្នុង​ឆាប់​ច្រេះ)
  • តំបន់​មាន​ដី​ហុយ​ច្រើន
  • ទម្លាប់​ចត​រថយន្ត​នៅ​ខាង​ក្រៅ​ជា​ប្រចាំ (ក្រោម​ដើម​ឈើ​មាន​ស្លឹក​ឈើ​ជ្រុះ​និង​មាន​សត្វ​បក្សី)
  • អាកាសធាតុ​មិន​អំណោយផល ដូច​ជា​កម្ដៅ​កើន​ឡើង​ខ្ពស់, ធ្លាក់​ព្រិល និង​ភ្លៀង​ខ្លាំង។

ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​​ច្រើន​ទុក​រថយន្ត​ចោល​ក្នុង​គេហដ្ឋាន ​មិន​សូវ​ជិះ​​ធ្វើ​ដំណើរ​ទៅ​ណា​ ឬ​យូរៗ​​ចេញ​ដំណើរ​ទៅ​​​ណា​ម្ដង យ៉ាង​ហោច​ណាស់​ក៏​គួរ​លាង​សម្អាត ១ ដង​ក្នុង​មួយ​ខែ។​

+ហេតុអ្វី​ចាំ​បាច់​ត្រូវ​សម្អាត​រថយន្ត​ជា​ប្រចាំ?

លោក រតនៈ ម្ចាស់​មជ្ឈមណ្ឌល​ថែទាំរថយន្ត​​រតនៈ ធ្លាប់​ប្រាប់ Sabay ថា ​រថយន្ត​ដែល​ជិះ​ច្រើន​ឆ្នាំ ជាពិសេស​រថយន្ត​ដែល​បើកបរ​លើផ្លូវ​ដែលមាន​ដី​ហុយ ​នាំ​ឲ្យ​មាន​ធូលី​តោង​ជាប់​មកជា​មួយ ឬ​ដី​ដែល​ជាប់​ជាមួយ​ស្បែកជើង។ តាម​បទពិសោធ​​របស់លោក រថយន្ត​ខ្លះ​មាន​ដក់​ទឹក​នៅ​បាត​ផ្នែក​ខាងក្នុង ដូចនេះ​វា​នាំទៅរក​ការពុក​ច្រេះ​បាត​ឡាន​ជាដើម។ ដូច្នេះ បើ​អ្នក​មិន​ធ្លាប់​សម្អាត មិនបាន​ដឹងថា ​វា​កខ្វក់​ត្រង់ណា លុះត្រាតែ​សម្អាត​ទើប​ច្បាស់។

លោក​ថា ការ​លាង​សម្អាត​ក៏​ដើម្បី​សុខភាព​​អ្នក​​ជិះ​និង​អ្នក​រួម​ដំណើរ។

"ដូចដឹង​ហើយ បើ​អ្នកបើក​កញ្ចក់ ធូលី​ដី​នឹង​ប៉ើង​ចូលក្នុង​រថយន្ត​ដោយ​ចៀស​មិន​ផុត។ ឯក្នុង​រថយន្ត​របស់​អ្នក​ គឺ​បិទ​ជិត ពេល​អ្នកបើក​ម៉ាស៊ីនត្រជាក់ ភាពកខ្វក់​នោះ​នឹង​ប៉ះពាល់។ ករណី​ខ្លះទៀត​បណ្តាល​ឲ្យ​មាន​ក្លិន​មិនល្អ​ក្នុង​រថយន្ត មិនមាន​ផាសុខភាព​ពេល​ជិះ​ក្នុង​រថយន្ត"។

ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ចង់​លក់​ចេញ​ទៅ​វិញ គេ​ប្រាកដ​ជា​មើល​លើ​តួ​ខាង​ក្រៅ​ជា​ចម្បង ព្រោះ​បើ​កាល​ណា​តួ​ខ្លួន​ស្អាត, ទឹក​ថ្នាំ​នៅ​ភ្លឺ​ល្អ នោះ​គេ​ក៏​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​វិញ​ដែរ ស្រប​ពេល​គេ​ហ៊ាន​សន្មត​បាន​ថា​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​ចេះ​ថែទាំ​រថយន្ត​បាន​ល្អ។

ម្ចាស់​យានថា​ថែទាំង​រថយន្ត​រូប​នេះ​បន្ត​ថា តាម​​លក្ខណៈ​បច្ចេកទេស​ការលាង​សម្អាត​មិនមែន​គ្រាន់តែ​យក​ទឹកសាប៊ូ​មក​លាងសើរៗទេ គឺ​បក និង​ដោះ​លាង​ដល់​បាត​ខាងក្រោម​តែម្តង ដោយ​សម្អាត​ជាច្រើន​សារ ដាក់​ហាល​ក្រោម​កម្តៅថ្ងៃ ផ្លុំ​ខ្យល់​ស​ម្ងួ​ត​រហូតដល់​ស្ងួត​ល្អ ទើប​រៀបបញ្ចូល​វិញ។ ក្រោយ​ការសម្អាត អ្នក​​បើកបរ​នឹងមាន​អារម្មណ៍​ថា មាន​ផាសុខភាព​ជាង​មុន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

អត្ថបទ៖ កៅ រក្សានិងគីមសាយ