ដឹង​អត់! កាមេរ៉ា​ ​Sony​ ​A9​ ​ផលិត​នៅ​ជិត​កម្ពុជា​?

  • 2017-11-21 02:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រ​ផលិត​កាមេរ៉ា​ ​និង​ ​Lens​ ​របស់​ក្រុមហ៊ុន​ ​Sony​ ​គឺ​បាន​បោះ​ទីតាំង​ក្នុង​ខេត្ត​ច័ន្ទ​បុរី​ ​ប្រទេស​ថៃ​ ​ដែល​ចំណាយ​ពេល​ប្រហែល​ជា​ ​៩០ នាទី​ពី​ទីក្រុង​បាងកក​ ​ហើយ​បច្ចុប្បន្ន​ជា​រោងចក្រ​ផលិត​សំខាន់​មួយ​សម្រាប់​កាមេរ៉ា​ម៉ូដែល​ ​Alpha​ ​ដូចជា​ ​Alpha A9​ ​និង​ ​Alpha A7R III។ វា​ក៏​ផលិត​នូវ​ភាគច្រើន​នៃ​ ​Lens​ ​របស់​ ​Sony​ ​ដែរ​ ​រួម​ទាំង​ ​Premium G Master។

ការ​ផលិត​ក្នុង​ប្រទេស​ថៃ

ពេល​មនុស្ស​ភាគច្រើន​ទិញ​កាមេរ៉ា​ ​ឬ​ឧបករណ៍​ទាក់ទង​កម្រិត​ខ្ពស់​ ​ពួកគេ​រំពឹង​ពាក្យ​មួយ​ ​Made in Japan (ផលិត​ក្នុង​ប្រទេស​ជប៉ុន​)។ ខណៈ​ពេល​ក្រុមហ៊ុន​ ​Sony​ ​បាន​អនុវត្ត​រាល់​ការ​រចនា​ ​និង​បង្កើត​នូវ​កាមេរ៉ា​ ​ក៏​ដូចជា​ផលិត​ ​Sensor​ ​ក្នុង​ប្រទេស​ជប៉ុន​ ​ក្រុមហ៊ុន​ជឿ​ថា​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ថៃ​មាន​បទពិសោធន៍​ ​និង​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​នូវ​ ​Hardware​ ​រូបភាព​កម្រិត​ខ្ពស់​បាន។

ក្រុមហ៊ុន​ ​Sony​ ​បាន​បង្កើត​រោងចក្រ​ដំបូង​ក្នុង​ប្រទេស​ថៃ​ ​នៅ​ឆ្នាំ​ ​២០០៣​ ​ក្នុង​ការ​ដំឡើង​រថយន្ត​ ឧបករណ៍​តន្ត្រី​ ​និង​ទូរសព្ទ​។ នៅ​ឆ្នាំ​ ​២០០៩​ ​Sony​ ​បាន​ចាប់ផ្ដើម​ផលិត​នូវ​កាមេរ៉ា​កម្រិត​ល្មម​ ​និង​ Zoom lens 18-55mm ប្រើ​ជាមួយ​នឹង​ Sony DSLRs ភាគច្រើន។ ក្រោយ​រងគ្រោះ​នឹង​ទឹកជំនន់​ក្នុង​ឆ្នាំ​ ២០១១ ក្រុមហ៊ុន​ ​Sony Technology Co Ltd​ ​បាន​រៀបចំ​រោងចក្រ​ថ្មី​ ពីរ​ នៅ​ខេត្ត​ច័ន្ទ​បុរី​ ក្នុង​ការ​ជៀស​ពី​ទឹកជំនន់​។

ក្រៅ​ពី​ក្រុមហ៊ុន​ ​Sony​ ​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រហែល​ជា​ ​៤០០​ ​មាន​ការ​ចាប់អារម្មណ៍​នឹង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ថៃ​។ ខេត្ត​ច័ន្ទ​បុរី​ ​ជា​ទីតាំង​ដ៏​ល្អ​មាន​ខ្យល់​អាកាស​ល្អ​ ​និង​ផ្លូវ​ត​ភ្ជាប់​នឹង​សមុទ្រ​ ដែល​អាច​នាំ​ចេញ​ ​និង​នាំ​ចូល​ផលិតផល​បាន​រហ័ស​។ ម្យ៉ាង​ទៀត​ ​តម្លៃ​ពលកម្ម​តិច​ជាង​ក្នុង​ប្រទេស​ជប៉ុន​។

ការ​គ្រប់គ្រង​គុណភាព

ក្នុង​ឆ្នាំ​ ​២០១៣​ ​រោងចក្រ​បាន​ចាប់ផ្ដើម​ផលិត​នូវ​កាមេរ៉ា​ប្រភេទ​ ​Full-frame​ ​ដែល​មាន​ ​Alpha A7R និង​ ​A7​ ​ដែល​មាន​ការ​ជជែក​ដេញ​ដោល​ច្រើន​ ​ដោយសារ​យន្តការ​ ​និង​សមាភាគ​មាន​ភាព​ស្មុគស្មាញ​ច្រើន​, ការ​គ្រប់គ្រង​ធូលី​មាន​ភាព​តឹងរ៉ឹង​ និង​សម្ភារៈ​មាន​កម្រិត​ខ្ពស់​ខ្លាំង​ ដែល​មាន​ប្រើ​ក្នុង​ការ​ផលិត​ ដោយ​តម្រូវ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ច្បាស់លាស់​។ ដោយ​ធ្វើការ​ជាមួយ​នឹង​ក្រុម​រចនា​ Tokyo HQ របស់​ Sony ក្រុម​នៅ​ច័ន្ទ​បុរី​បាន​បង្កើត​នូវ​ប្រព័ន្ធ​ផលិត​កម្រិត​ខ្ពស់​មួយ​។ ដោយ​ប្រកាន់​ភ្ជាប់​នូវ​ទស្សនវិជ្ជា​របស់​ជប៉ុន​គឺ​បន្ត​កែលំអ​ពី​តូច​ៗ​ទៅ​ បាន​ធ្វើ​ឲ្យ​រោងចក្រ​នៅ​ច័ន្ទ​បុរី​របស់​ Sony អាច​ផលិត​បាន​នូវ​កាមេរ៉ា​ និង​ Lens កម្រិត​ខ្ពស់​ភាគច្រើន​មួយ​ចំនួន​ប្រើ​លើ​ទីផ្សារ​បច្ចុប្បន្ន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Techradar   ប្រែសម្រួល៖ ប៊ុន ធឿន